ជាតិ
សេដ្ឋកិច្ច
គម្រោងវិនិយោគតម្លៃជិត៦០០លានដុល្លារ​ នៅព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល
01, Mar 2024 , 7:39 pm        
រូបភាព
គម្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ តម្លៃជាង៥៧៤លានដុល្លារ របស់ក្រុមហ៊ុន Ban Dao Investment Co., LTD​នៅខេត្តព្រះសីហនុ។ រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
គម្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ តម្លៃជាង៥៧៤លានដុល្លារ របស់ក្រុមហ៊ុន Ban Dao Investment Co., LTD​នៅខេត្តព្រះសីហនុ។ រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
គម្រោងវិនិយោគចំនួនពីរ ដែលមានតម្លៃជិត៦០០លានដុល្លារអាម៉េរិក នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ គម្រោងទាំងពីរនេះ ត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុ។​

 
បើតាមរដ្ឋបាលខេត្តព្រះសីហនុ​ គម្រោងដែលទទួលបានលើកទឹកចិត្តពីរដ្ឋាភិបាលនោះ គឺមានគម្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន២៨៧០បន្ទប់ ស្ថិតនៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងរបស់ក្រុមហ៊ុន Ban Dao Investment Co., LTD​នេះ មានទុនវិនិយោគ ៥៧៤លានដុល្លារ ខណៈគម្រោងសាងសង់រោងចក្រកែច្នៃផ្លែឈើ ក្នុងស្រុករបស់ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនជាង១២លានដុល្លារ​។
 
គម្រោងរបស់ក្រុមហ៊ុន Haoruidar ដែលស្ថិតនៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ផ្តោតសំខាន់លើការកែច្នៃស្វាយ, ម្នាស់, ខ្នុរ, និងទុរេន។ 
 
គម្រោងទាំងពីរខាងលើនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ​ សម្រេចផ្តល់គោលការណ៍វិនិយោគ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គម្រោងទាំងពីរ ដោយទទួលបានការគាំទ្រពីរដ្ឋាភិបាល ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ រួមទាំងការលើកចិត្តនានា។  គណៈកម្មការបានវាយតម្លៃខ្ពស់ថា គម្រោងវិនិយោគទាំងពីរនេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ផងដែរ។
 
កាលពីថ្ងៃទី៣១ ខែមករា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសដាក់​ឱ្យ​អនុវត្ត​«កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ ​២០២៤» ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កំពុង​តែ​ប្រឈម ​និង​ជំរុញ​ការ​អភិវឌ្ឍ​សម្រាប់​រយៈ​ពេល​មធ្យម ​និង​វែង។​​​​ ​រដ្ឋាភិបាល​បាន​គិតគូរ​ជា​កញ្ចប់ ​ដើម្បី​លើក​ស្ទួយ​សកម្ម​ភាព​ការ​វិនិយោគ​ ពាណិជ្ជ​កម្ម​ និង​ធុរកិច្ច​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ឱ្យ​កាន់​តែ​ខ្លាំង។​
 
សម្តេចបាន​បញ្ជាក់​ថា៖​ « រាជរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ឆ្នាំ ​២០២៤​ សំដៅ​កសាង​ខេត្ត​ព្រះ​សីហនុ​ទៅ​ជា​ខេត្ត​ឈាន​មុខ​ និង​ជា​ខេត្ត​គំរូនៅ​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​ ដែល​ជាមូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​សម្រាប់​ប្រែក្លាយ​ខេត្ត​នេះ​ទៅ​ជា​ខេត្ត​ ទៅ​ជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​គំរូ​ពហុបំណង​ ព្រមទាំង​ចូលរួម​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​កាន់​តែ​ស្ទុះ​ឡើង​ក្នុងរ​យៈពេល​ខ្លី»។​
 
អត្ថប្រយោជន៍​ទាំង​នោះ ​រួម​មាន​ការ​លើក​លែង​ពន្ធ​កាត់​ទុក​លើ​ការ​ជួល​អចលន​ទ្រព្យ ​រយៈ​ពេល​ ៥ ​ឆ្នាំ ​ការ​លើក​លែង​ពន្ធ​អចលន​ទ្រព្យ ​និង​ការ​លើក​លែង​ទណ្ឌ​កម្ម​រដ្ឋបាល ​ការ​លើក​លែង​ការ​បង់​ថ្លៃ​សេវា​សាធារណៈ ​និង​ថ្លៃ​លើសន្ទស្សន៍​ប្រើ​ប្រាស់​ដី​ ចំពោះ​ការ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ពាក់ព័ន្ធ​នឹង​ការ​សាង​សង់​ ការ​សម្រួល​នីតិវិធី ​និង​បែប​បទ​នៃ​ការ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ​ពាក់​ព័ន្ធ​នឹង​ការងារ​សំណង់​ជា​ដើម។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com