ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សម្ដេចព្រះសង្ឃរាជ ទេព វង្ស លះបង់ពេញមួយព្រះជន្មបម្រើសាសនា
02, Mar 2024 , 10:02 am        
រូបភាព
 រូបពីហ្វេសប៊ុកផេក សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ធេសបណ្ឌិត ទេព វង្ស
រូបពីហ្វេសប៊ុកផេក សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ធេសបណ្ឌិត ទេព វង្ស
ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានលះបង់ពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនានៅកម្ពុជា ពិសេសក្រោយសម័យសង្គ្រាមប្រល័យពូជសាសន៍។ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះលេខាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះថេរដីកាប្រាប់សារព័ត៌មានថ្មីៗថា សម្ដេច ទេព វង្ស ធ្លាប់មានព្រះថេរដីកាប្រាប់ព្រះអង្គ អំពីជីវិតកាលនៅកុមារភាពរបស់ព្រះអង្គ។ ព្រះអង្គ សេងយៀត បន្តព្រះថេរដីកាថា មាតាបិតារបស់សម្ដេចសង្ឃ ទេព វង្ស គឺជាអ្នកកាន់សីល ដូច្នេះជាញឹកញយ ព្រះអង្គតែងសោយអំបិលជាមួយបាយ ដោយសារបិតាព្រះអង្គពុំអាចរកអ្វីផ្សេងបានក្រៅពីបន្លែ។


 
ព្រះអង្គ យ៉ន សេងយៀត មានថេរដីកាបន្ថែមថា អ្វីដែលព្រះអង្គ អាចរៀនសូត្រពីសម្ដេចព្រះសង្ឃរាជបាន គឺសម្ដេចព្រះអគ្គមហាសង្ឃ មានភាពអត់ធ្មត់ច្រើន។ សម្ដេចព្រះលេខា ផ្ទាល់សម្ដេចសង្ឃ បន្ថែមថា សម្ដេច ទេព វង្ស បានមានបន្ទូលថា អ្វីដែលព្រះអង្គអាចដោះ ដូរជាមួយនឹងឆាកជីវិតរបស់ព្រះអង្គបាន មានតែការលះបង់តាំងពីឆ្នាំ១៩៧៩ និងភាពអត់ធ្មត់ ក្នុងការកសាងព្រះពុទ្ធសាសនានៅកម្ពុជាប៉ុណ្ណោះ។ «អ្វីដែលអាត្មាកោតសរសើរ អំពីព្រះអង្គ គឺព្រះអង្គមានភាពស្មោះត្រង់មួយ យ៉ាងក្រៃលែងចំពោះខ្លួនឯង លោកបានប្រាប់អាត្មាថា លោកមិនមែនជាអ្នកប្រាជ្ញទេ។ លោកបានប្រាប់ច្រើនដង ពិសេសនៅពេលធ្វើដំណើរតាមយន្តហោះ»។ នេះជាការអះអាងរបស់សម្ដេច យ៉ន សេងយៀត។
 
ដើម្បីជ្រាបច្បាស់សូមសម្តេច ទ្រង់ អស់លោកលោកស្រី អ្នកនាងកញ្ញា ទតនិងទស្សនាបទសម្ភាសរវាងកញ្ញា ប៉ូ សាគុន ជាមួយសម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះលេខាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្ដីសោមនស្ស៖
 
 
សូមរំលឹកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម៩៣ព្រះវស្សា នាម៉ោង៥ល្ងាច នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕ 
 

Tag:
 សាសនា
  ព្រះសង្ឃ
  សម្ដេចទេព វង្ស
  សម្តេចយ៉ន សេងយៀត
© រក្សាសិទ្ធិដោយ thmeythmey.com