ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី ជំរុញឱ្យបណ្ដុះបណ្ដាលយុវជន ចូលរួមការងារសង្គម​ឱ្យកាន់តែច្រើន
08, Mar 2024 , 7:39 pm        
រូបភាព
ភ្នំពេញ៖ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) លោក ហ៊ុន ម៉ានី ជំរុញឱ្យ ក.យ.គ បន្តធ្វើប្រតិបត្តិករបណ្ដុះបណ្ដាលយុវជនលើជំនាញផ្សេងៗ ពិសេសចូលរួមក្នុងការងារសង្គម។



ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក.យ.គ ជាផ្នែកមួយនៃសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ដែលសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបណ្ដុះបណ្ដាលជំនាញដល់យុវជន និងកៀរគរយុវជនស្ម័គ្រចិត្តឱ្យចូលរួមការងារស្ម័គ្រចិត្តសង្គមនានា នៅតាមគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស។
 
រយៈពេលជិត៣ឆ្នាំ វត្តមានរបស់ ក.យ.គ. បានអនុវត្តការងារសង្គម និងបណ្ដុះបណ្ដាលជំនាញ បច្ចេកវិទ្យាយ៉ាងច្រើនដល់យុវជន ពិសេសចូលរួមអភិវឌ្ឍន៍សង្គមតាមរយៈការងារស្ម័គ្រចិត្ត។ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ជំរុញឱ្យ ក.យ.គ បន្តធ្វើជាប្រតិបត្តិករបណ្ដុះបណ្ដាលយុវជនលើជំនាញផ្សេងៗ ដើម្បីអភិវឌ្ឍន៍សង្គម។  លោកក៏លើកទឹកឱ្យយុវជនចូលរួមក្នុងការងារស្ម័គ្រចិត្តសង្គម ដើម្បីអភិវឌ្ឍន៍ខ្លួន និងសន្សំបទពិសោធន៍ជាដើម។
  


«ក.យ.គ. នឹងកាន់តែមានភាពរឹងមាំដើម្បីរួមចំណែកកៀរគរយុវជនជាសិស្ស-និស្សិតចូលរួមបំពេញបេសកកម្មដើម្បីបុព្វជាតិមាតុភូមិ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងបានឯកភាពចំពោះសំណើបញ្ចូលសាកលវិទ្យាធិការ និងនាយកវិទ្យាស្ថាន ដែលមានបំណងចូលជាសមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី។
 
លោក ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានបញ្ជាក់ថា ២០២៣ ជាឆ្នាំដែល ក.យ.គ បានជំរុញឱ្យយុវជនមានសកម្មភាពច្រើន ក្នុងព្រឹត្តិការណ៍សង្គមសំខាន់ៗ។ ក្នុងនោះ មានការសង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិ, ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​ , យុទ្ធនាការ Beyond The Games,បត់បេះដូងច្រើនជាងគេលើពិភពលោក,កម្មវិធីអង្គរសង្រ្កាន្ត និងកៀរគរយុវជនចូលជាសមាជិកស.ស.យ.ក. ផងដែរ។
 
លើសពីនេះ ក.យ.គ. ក៏បានបញ្ចូលសិស្ស-និស្សិតជាសមាជិក ស.ស.យ.ក. ក្នុងការចែករំលែកបទពិសោធន៍ចំណេះដឹង និងការសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត ក៏ដូចជាការបំផុសស្មារតីនិងជំរុញលើកទឹកចិត្ត ដល់សិស្ស-និស្សិតឱ្យចូលរួមក្នុងព្រឹត្តិការណ៍សង្គមជាតិសំខាន់ៗជាច្រើនទៀតផង៕



Tag:
 ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា
 កយគ
© រក្សាសិទ្ធិដោយ thmeythmey.com