ជាតិ
សង្គមជាតិ
អតីតគ្រូបង្រៀនបង្កើតបណ្ណាល័យចល័តលើម៉ូតូកង់បី
23, Apr 2024 , 4:59 pm        
រូបភាព
ប័ណ្ណាល័យចល័តលើម៉ូតូកង់បី របស់អ្នកស្រី លីដា។
ប័ណ្ណាល័យចល័តលើម៉ូតូកង់បី របស់អ្នកស្រី លីដា។
ភ្នំពេញ៖ អ្នកស្រី រស់ លីនដា បង្កើតបណ្ណាល័យចល័ត លើម៉ូតូកង់បី ជាង៦ខែមកហើយ ដើម្បីបណ្ដុះផ្នត់គំនិតនៃការអានក្នុងសង្គមឱ្យកាន់តែផុសផុល តាមរយៈមុខរបរជាអ្នករត់ម៉ូតូកង់បី។

 
«សៀវភៅមិនធ្វើឱ្យយើងល្ងង់ទេ! ដោយសារយើងមិនបានមើលសៀវភៅទើបធ្វើឱ្យយើងល្ងង់ខ្លៅ»។ នេះជាសាររបស់ របស់អ្នកស្រី លីនដា ដែលរស់នៅបឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានចិត្តស្រលាញ់ការអប់រំ និងសៀវភៅ រួមទាំងមានបំណងចង់បើកបណ្ណាល័យ ដើម្បីចូលរួមជួយបណ្ដុះធនធានមនុស្សដល់សង្គម។ ដ្បិតរៀនបានត្រឹមថ្នាក់ទី៩ ពិតមែន តែស្ត្រីវ័យ៤២ឆ្នាំរូបនេះ នៅតែឱ្យតម្លៃខ្ពស់លើការអប់រំ។ 
 
ជាមួយក្ដីស្រលាញ់នេះ អ្នកស្រី លីនដា ក៏មានបង្កប់នូវវិប្បដិសារីដែរ។ វិប្បដិសារី ដែលស្ថិតនៅក្នុងក្រឳចិត្តអ្នកស្រី លីនដា នោះ គឺការ សម្រេចចិត្តឈប់បង្រៀន កុមារតូចៗ នាថ្នាក់មត្តេយ្យសិក្សា នៅសាលារៀនឯកជនមួយកន្លែង កាលពីអំឡុងឆ្នាំ២០១០ ក្រោយកូនរបស់អ្នកស្រីទទួលមរណភាព។ 
 
 

ធ្វើដំណើរតាមផ្លូវ លើម៉ូតូកង់បីដែលពោពេញទៅដោយសៀវភៅ ទាំងខាងមុខនិងខាងក្រោយ អតីតគ្រូបង្រៀនរូបនេះ បានព្យាយាមជជែកជាមួយសារព័ត៌មានថ្មីៗ ដោយបានរៀបរាប់ពីទំហំចិត្ត នៃការស្រលាញ់ការអាន និងអប់រំ។ មាត់និយាយបណ្ដើរ ហើយភ្នែកអ្នកស្រី លីនដា ក៏រំពៃមើលចរាចរណ៍លើដងផ្លូវ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវ។ ការជជែកគ្នានេះ បានកំដរអារម្មណ៍ពួកយើង ឱ្យបំភ្លេចភាពស្មុគស្មាញនៃចរាចរណ៍លើដងផ្លូវ រហូតដល់គោលដៅ សួនវត្តបទុមវតី លើមហាវិថី សម្ដេចសុធារស ដែលជាទីតាំងក្រុមការងារសារព័ត៌មានថ្មីៗ និងអ្នកស្រី លីនដា បានឈប់សំចត ដើម្បីសន្ទនាគ្នា លម្អិតបន្ថែមទៀត។ 
 
ក្នុងសម្តីលះៗ ស្ត្រីវ័យ៤២ឆ្នាំរូបនេះ បានយកសៀវភៅកុមារជាច្រើនក្បាលមកបង្ហាញ ដោយក្នុងនោះ ក៏មានសៀវភៅខ្លះ ជាស្នាដៃអ្នកស្រីរៀបរៀងដោយខ្លួនឯងដែរ ដូចជាសៀវភៅបង្ហាញពីឈ្មោះសត្វ ផ្លែឈើ និងព្យញ្ជនៈជាដើមខ្មែរជាដើម។ ពាក់អាវយឺតដៃវែងព័ណ៌ខៀវ ឈរក្បែរម៉ូតូកង់បីព័ណ៌សនោះ ស្រាប់តែស្ត្រីរូបនេះ ប្រែអារម្មណ៍មួយរំពេច ពេលនិយាយពីសៀវភៅសម្រាប់កុមារទាំងអស់នេះ ព្រោះវាបានភ្ញោចអារម្មណ៍អ្នកស្រី ឱ្យនឹកឃើញដល់កូនដែលបានស្លាប់ទៅ កាលពីជាង១០ឆ្នាំមុន។ 
 
«ខ្ញុំរៀបចំឡើងសម្រាប់បង្រៀនកូន។ បង្រៀនកូនគេ ចេះតែនឹងឃើញកូនខ្លួនឯង»។ អ្នករត់កង់បី និយាយទាំងទឹកមុខស្រពោន ហើយកែវភ្នែវមិននឹងនរ មុនបន្តថា ខ្លួន ក៏មានក្ដីស្រលាញ់ និងបំណងមួយទៀត គឺបើកបណ្ណាល័យ។ 
 
នៅលើម៉ូតូកង់បី របស់អ្នកស្រី លីនដា មានសៀវភៅជាច្រើន សម្រាប់ជាជម្រើសដល់ភ្ញៀវអានកម្សាន្តអារម្មណ៍ អំឡុងពេលធ្វើដំណើរតាមដងផ្លូវ ។ សៀវភៅ ដែលអតីតគ្រូបង្រៀនរូបនេះ យកមកដាក់បង្ហាញដល់ភ្ញៀវនោះ មានសៀវភៅនិយាយពីតំបន់ទេសចរណ៍នៅកម្ពុជា សៀវភៅអប់រំចិត្ត សុភាសិត ពាក្យបណ្ដៅ និងមានសៀវភៅសម្រាប់កុមារផងដែរ។ 
 

មែនទែនទៅអតីតគ្រូបង្រៀនរូបនេះ ក៏ធ្លាប់បានបើកដំណើរការលក់កាហ្វេចល័តតូចមួយដែរ កាលពីអំឡុងឆ្នាំ២០១៥។ ដោយកាលនោះ អ្នកស្រី លីនដា បានទិញសៀវភៅជាច្រើនក្បាល ដាក់តាំងបង្ហាញសម្រាប់អ្នកទិញកាហ្វេ បានអានកម្សាន្តអារម្មណ៍ និងបង្កើនចំណេះដឹង។ 
 
ប៉ុន្តែបរិបទនាពេលនោះ មិនអំណោយផលឡើយ សៀវភៅនិងកាហ្វ ហាក់ដូចជាភពពីផ្សេងគ្នា ពោលគឺមហាជនពុំនិយមអានសៀវតាមហាងកាហ្វេឡើយ។ នេះជាការយល់ឃើញរបស់ អ្នកស្រី លីនដា ដោយបន្តថា ក្នុងសមាជិកគ្រួសារក៏មិនមានអ្នកគាំទ្រ លើគំនិតផ្តួចផ្ដើមបង្កើតបណ្ណាល័យនេះ ទើបអ្នកស្រីសម្រេចបោះបង់ និងប្រគល់សៀវភៅទៅឱ្យសាច់ញាតិ នៅតាមបណ្ដាខេត្ត។ 
 
យ៉ាងណាក៏ដោយ ក្ដីស្រលាញ់ប័ណ្ណានេះ​ នៅតែដក់ជាប់ក្នុងចិត្តអ្នកស្រី លីនដា។ ចុងឆ្នាំ២០២៣ ជាពេលវេលាដែលអតីតគ្រូបង្រៀនរូបនេះ ចាប់ផ្ដើមជាថ្មី តាមរយៈការតុបតែងម៉ូតូកង់បី បង្កើតជាបណ្ណាល័យចល័ត សម្រាប់ភ្ញៀវ ដើម្បីដាស់អារម្មណ៍សាធារណាជនឱ្យស្រលាញ់ការអាន ។ អ្វីដែលសំខាន់ជាងនេះ អ្នកស្រី ចង់ឱ្យអ្នកជិះម៉ូតូខ្លួន យល់ឃើញថា ការរៀនសូត្រ អាចរៀនបានគ្រប់កន្លែង ហើយរៀនឱ្យបានច្រើន ដោយមិនចាំបាច់ទាល់តែមានជីវភាពធូរធារ និងល្អប្រសើរឡើយ។ 
 
ឈរក្រោមម្លប់ឈើក្បែរ ម្ដុំវត្តបុទមវតី ស្ត្រីដែលស្រលាញ់ការអប់រំរូបនេះ បានបញ្ជាក់ថា៖ «អ្នកជិះ(ម៉ូតូកង់បី)ខ្ញុំ គាត់មិនសូវសប្បាយចិត្តពេលជិះម៉ូតូកង់បី ក៏កាន់សៀវភៅអប់រំចិត្ត ធម៌អប់រំ ក៏បានធូរស្រាលវិញខ្លះក៏មាន»។ 
 
ទោះបីមានបំណងល្អជួយសង្គមបែបនេះក្តី ក៏ធ្លាប់មានអ្នករិះគន់ និងបន្ទោសបង្អាក់អារម្មណ៍អ្នកស្រី លីនដា ដែរ។ «រៀននៅសាលាមិនចេះផង មកឱ្យអានសៀវភៅ»។ នេះជាសំដីខ្លះៗ ដែលអ្នកស្រីធ្លាប់ទទួលបានពីភ្ញៀវ។ ប៉ុន្តែសម្ដីទាំងនេះ មិនបានធ្វើឱ្យអតីតគ្រូបង្រៀនរូបនេះ បោះបង់គោលគំនិត និងឆន្ទៈខ្លួនឡើយ។ 
 
នៅពេលសួរថា ហេតុអ្វីបានជាអ្នកស្រី ជ្រើសរើសការប្រកបមុខរបររត់ម៉ូតូកង់បីនេះ? ស្ត្រីមេម៉ាយរូបនេះ ឆ្លើយដោយពុំអល់អែកថា អ្នកស្រីពុំបានគិតដល់ទិដ្ឋភាពរបរនេះ សម្រាប់តែបុរសឡើយ ។ អ្នកស្រី គិតត្រឹមតែថា អ្នកស្រីអាចធ្វើបាន ហើយបានភ្ជាប់ក្ដីស្រលាញ់សៀវភៅជាមួយគ្នា៕

Tag:
 បណ្ណាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com