ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះ​បច្ចេកវិទ្យាទំនើប តែយុវជនចូលចិត្តអានសៀវភៅផ្ទាល់ ជាងសៀវភៅអេឡិចត្រូនិក
09, Mar 2024 , 7:59 am        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា

ភ្នំពេញ៖ ការ​អាន​ មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់រូប មិន​ថា​ក្មេង ចាស់ ប្រុស ស្រី​នោះទេ។ នា​ពេល​បច្ចុប្បន្ន យុវជនមួយចំនួន បាន​ផ្លាស់ប្ដូរទម្លាប់ពីការ​អាន​សៀវភៅផ្ទាល់ ទៅ​អាន​សៀវភៅ​អេឡិចត្រូនិក​វិញ។ ប៉ុន្តែ យុវជនខ្លះយល់ថាការអានសៀវភៅធម្មតាធ្វើឱ្យពួកគេប្រមូលអារម្មណ៍បានល្អ ជាជាងសៀវភៅអេឡិចត្រូនិក។



ការ​អាន​សៀវភៅនា​ពេល​បច្ចុប្បន្ន​​ ហាក់​មាន​ការ​ប្រែប្រួល ដោយ​អ្នកខ្លះ និយម​កាន់សៀវភៅ​អានដោយផ្ទាល់ ឯអ្នក​ខ្លះ​ងាកមក​អានសៀវភៅ​អេឡិចត្រូនិកវិញ​។ ទោះបីជាសៀវភៅអេឡិចត្រូនិក ងាយស្រួលដាក់តាមខ្លួន ស្រាល និងផ្ទុកសៀវភៅបានច្រើន ក៏ប៉ុន្តែវាធ្វើឱ្យ​អ្នក​អាន​ពិបាកប្រមូលអារម្មណ៍ដោយសារ​មានការរំខាន និងប៉ះពាល់ដល់សុខភាព ពិសេសសុខភាពភ្នែក។


លោក សុខ សុវណ្ណ

យុវជន សុខ សុវណ្ណ ជា​និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលចិត្តអាន​សៀវភៅដោយកាន់ជាប់ដៃផ្ទាល់ ជាង​សៀវភៅ​អេឡិចត្រូនិក ទោះបីសៀភៅអេឡិចត្រូនិកផ្តល់ភាពងាយស្រួល និងទាន់សម័យក្តី។ សម្រាប់​​និស្សិតឆ្នាំទី២រូបនេះ​ សៀវភៅធម្មតាគ្មានការរំខានពីសារឬសំឡេងរោទ៍ផ្សេងៗនាំឱ្យប៉ះពាល់ដល់ការអានឡើយ។ 
 
និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ ប្រាប់សារព័ត៌មាន​ថ្មីៗថា នៅពេលអានសៀវភៅអេឡិចត្រូនិកច្រើនម៉ោងបណ្តាលឱ្យស្រវាំងភ្នែក និងមានអារម្មណ៍មិនល្អ។ ទន្ទឹម​នឹង​នេះ ការអានដោយផ្ទាល់ធ្វើឱ្យ សុវណ្ណ អាច​ផ្តោតអារម្មណ៍បានល្អ ងាយយល់ខ្លឹមសារ និងអានបានច្រើនទំព័រ។
 
យុវជន​ សុខ សុវណ្ណ យល់ថា ការអានសៀវភៅមានអត្ថប្រយោជន៍ច្រើន ក្រៅពីជួយដល់ជំនាញកំពុងរៀន ព្រោះគ្រប់ចំណេះដឹងទាំងអស់ ត្រូវបានប្រមូលផ្តុំនៅក្នុងសៀវភៅ។ «នៅពេលអានសៀវភៅយើងទទួលបានចំណេះច្រើន​ ទាំងខាងចិត្តវិទ្យា សង្គមវិទ្យា ទំនាក់ទំនងការទូតផ្សេងៗ ជាពិសេសជំនាញរបស់យើងផ្ទាល់» ។ នេះជាការបញ្ជាក់បន្ថែមរបស់និស្សិតមក​ពី​ខេត្ត​កំពង់ធំ​ ជំនាញភូមិវិទ្យា។
 
មិន​ខុស​ពី​យុវជន សុខ សុវណ្ណ ឡើយ យុវតី ហែន ចាន់ណាត់ ក៏​ឧស្សាហ៍កាន់​សៀវភៅអានច្រើន ជាងសៀវភៅអេឡិចត្រូនិកដែរ។  ចាន់ណាត់ ទទួល​ស្គាល់ថា ពេល​កាន់​សៀវភៅ​អាន អាច​ប្រមូល​អារម្មណ៍​បាន​ល្អ និងប៉ះពាល់ដល់ភ្នែក ដូចសៀវភៅអេឡិចត្រូនិកទេ។ ប៉ុន្តែ​ យុវតី ចាន់ណាត់ ក៏​មិន​បោះ​បង់​ការ​អាន​សៀវភៅ​អេឡិច​ត្រូនិកដែរ។ 
  

កញ្ញា ហែន ចាន់ណាត់

យុវតីវ័យ២០ឆ្នាំរូបនេះ​​ អានសៀវភៅអេឡិចត្រូនិក លុះត្រាតែពេលធ្វើដំណើរផ្លូវឆ្ងាយ ឬទៅស្រុកម្តងម្កាល ដោយសារផ្ទុកសៀវភៅបានច្រើនក្បាល និងស្រាលងាយស្រួលដាក់តាមខ្លួន។ ជានិស្សិតសិក្សា​ជំនាញភាសាវិទ្យា តម្រូវឱ្យ ចាន់ណាត់  អាន និងស្រាវជ្រាវច្រើន ជាពិសេស​ធ្វើ​ឱ្យ​នាង​​ក្លាយមនុស្សម្នាក់ចូលចិត្តអានសៀវភៅ។ 
 
និស្សិតឆ្នាំទី២រូបនេះ រៀបរាប់​ប្រាប់សារព័ត៌មាន​ថ្មីៗថា៖«ជំនាញដែលខ្ញុំរៀនគឺត្រូវការស្រាវជ្រាវច្រើន ប៉ុន្តែខ្ញុំក៏អានសៀវភៅបែបលើកទឹកចិត្ត អានជាសាច់រឿងបែបលើកទឹកចិត្តផ្សេងៗ ដោយខ្ញុំចង់អានសៀវភៅដែលលើកទឹកចិត្តខ្លួនឯង ហើយអាចអភិវឌ្ឍន៍សមត្ថភាព និងការគិតវិជ្ជមាន»។
 
លោក ហ៊ាម សាំងហាវ ក៏ជាយុវជនស្រឡាញ់ការអានមួយរូប។ សម្រាប់និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ យល់ថាឲ្យតែដាក់ចិត្តអានសៀវភៅ ទោះបីអានតាមប្រព័ន្ធណាក៍ដោយ គឺផ្តល់អត្ថប្រយោជន៍ដូចគ្នា។
 
ជាបទពិសោធន៍ យុវជនវ័យ២១ឆ្នាំ រូបនេះ អះអាងថា ការអានសៀវភៅផ្តល់អត្ថប្រយោជន៍ជាច្រើន ជួយឱ្យយើងស្វែងយល់ពីអ្វីៗជុំវិញខ្លួន ទាំងចំណេះដឹងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ពិសេសជួយទៅដល់ស្មារតី ឲ្យមានភាពបត់បែន ហើយគិតពិចារណា និងដោះស្រាយបញ្ហាបានលឿន។ 


លោក ហ៊ាម សាំងហាវ

ដោយស្រឡាញ់ការអានតាំងពីកុមារ យុវជនមកខេត្តបន្ទាយមានជ័យរូបនេះ សម្រេចចិត្តជ្រើសរើសជំនាញសេដ្ឋកិច្ច ព្រោះជំនាញនេះ ត្រូវអាន និងស្រាវជ្រាវច្រើន ដែលជាទេពកោសល្យរបស់ខ្លួនស្រាប់។ «មុននឹងមកចាប់យកជំនាញសេដ្ឋកិច្ច ខ្ញុំដាក់គោលដៅខ្លួនឯងតាំងពីដើមមកថា នៅពេលអានច្រើន ស្រាវជ្រាវច្រើន ដើម្បីរកមុខជំនាញណាដែលត្រូវនិងសមត្ថភាព វាអាចជួយយើងក្នុងអំឡុងពេលសិក្សាធ្វើបានល្អ»។ នេះជាការបញ្ជាក់របស់និស្សិតឆ្នាំទី៣ ហ៊ាម សាំងហាវ។ 
 
យុវជនទាំងបីនាក់ខាងលើ ចង់លើកកម្ពស់ការអាន សម្រាប់យុវជននិងក្មេងជំនានក្រោយ។ ជាអ្នកស្រឡាញ់ការអានដូចគ្នា ពួកគេប្រៀបធៀប​ការអានដូចជាគ្រឹះ សម្រាប់អភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ដើម្បីឈានទៅរកគោលដៅនៃជីវិត៕

© រក្សាសិទ្ធិដោយ thmeythmey.com