ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បរិវត្តកម្មឌីជីថល បង្រៀនឱ្យ​ក្មេងស្រីនៅ​កំពង់ចាម ​ស្រ៊ីម ធានា ចេះសរសេរ​​កូដបង្កើតកម្មវិធីទូរសព្ទដៃ
11, Mar 2024 , 2:39 pm        
រូបភាព
ភ្នំពេញ៖ ជាក្មេងស្រី​រស់នៅ​ក្នុង​ស្រុក​កងមាស ខេត្ត​កំពង់ចាម យុវតី ស្រ៊ីម ធានា បាន​ចាប់​អារម្មណ៍​លើ​ការ​សិក្សា​ផ្នែក​ឌីជីថល។ ក្រោយ​រៀន​បន្ថែម​ពីឌីជីថល សិស្សថ្នាក់​ទី​៩រូបនេះ ចេះ​សរសេរ​កូដ និង​បាន​បង្កើត​កម្មវិធី​ទូរសព្ទដៃ​អំពី​ការដាំដុះដំណាំ ជាមួយ​មិត្ត​រួម​ក្រុម​ចំនួន ២នាក់ទៀត។



បច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន និងបានក្លាយជាកត្តាគន្លឹះក្នុងការតភ្ជាប់សង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកឱ្យកាន់តែខិតជិតគ្នា។ ជាមួយគ្នានេះ បច្ចេកវិទ្យាឌីជីថល កំពុងកែប្រែរបៀបនៃការសិក្សា ការចាត់ចែងគ្រប់គ្រងការងារ រួម​ទាំងសកម្មភាពសេដ្ឋកិច្ច និងទម្លាប់រស់នៅប្រចាំថ្ងៃផងដែរ។ 
 
ជាក់ស្ដែងយុវតី ស្រ៊ីម ធានា ជាសិស្ស​ថ្នាក់​ទី​៩ នៃ​វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្ត​កំពង់ចាម បានចាប់​អារម្មណ៍​លើ​ការសិក្សាផ្នែកបច្ចេកវិទ្យា​​ឌីជីថល បន្ថែម​លើ​ចំណេះដឹងគោល​។ យុវតី​វ័យ ១៦​ឆ្នាំរូបនេះ បាន​ចាប់​ផ្ដើម​រៀន​សរសេរ​កូដ​ ក្នុង​ពេល​នាង​សិក្សា​ថ្នាក់​ទី​៨។ បើតាម​ ធានា ការសិក្សាផ្នែក​​បច្ចេក​វិទ្យា​ឌី​ជី​ថល​ គឺ​អាច​ធ្វើ​ឱ្យ​នាង​ទទួល​បានចំណេះដឹង និង​​បទ​ពិសោធ​ថ្មីៗ ជាពិសេស​ធ្វើ​ឱ្យ​នាង​​មាន​ភាព​ច្នៃ​ប្រឌិត។
  


សិស្ស​ស្រី​រស់​នៅ​ទី​ជន​បទ ស៊្រីម ធានា សង្កេត​ឃើញខ្លួននាង​មាន​ភាព​រីកចម្រើន​ច្រើន ទាក់ទង​នឹង​ការ​សរសេរ​កូដ និង​ភាសា​អង់គ្លេស។ ក្រោយ​រៀន​​សរសេរ​កូដ តាម​រយៈ​កម្មវិធី តិចណូវេសិន​ (Technovation Cambodia)​បាន​រយៈ​ពេល១​ឆ្នាំ យុវតី ស្រ៊ីម ធានា បាន​ចាប់​ផ្ដើម​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ​​ជាមួយ​មិត្ត​រួម​ក្រុម​ចំនួន ២​នាក់ទៀត គឺ​យុវតី មុំ ស្រីណុច និង​យុវតី ថាច សុម៉ាលី។ កម្មវិធី​ទូរសព្ទដៃនោះ និយាយ​អំពីការដាំដុះដំណាំ ផ្នែក​កសិកម្ម។ ​​​
 
សម្រាប់​ការ​បង្កើត​កម្មវិធី​ទូរសព្ទដៃនេះ យុវតី ស្រ៊ីម ធានា និង​មិត្ត​រួម​ក្រុម ត្រូវ​រក​បញ្ហាដែល​បាន​កើតឡើង ​ដើម្បី​ដោះស្រាយ​នៅ​ក្នុង​សហគមន៍​ពាក់ព័ន្ធ​នឹង​ការ​ដាំដុះ​។ ក្រោយ​រក​ឃើញ​បញ្ហាពី​ការដាំដុះ​ដោយ​ប្រើជីគីមី យុវតី ស្រ៊ីម ធានា និង​មិត្ត​រួម​ក្រុម ចង់ឱ្យ​កសិករ​ងាយ​មកដាំដុះ​បែប​ធម្មជាតិ​។ ដូច្នេះ​ហើយទើប​នាង​​សម្រេច​ចិត្ត​បង្កើតកម្មវិធីទូរសព្ទដៃមួយ ដើម្បី​យក​មក​ប្រើ​ប្រាស់​នៅ​ក្នុង​ស​ហគមន៍​របស់នាង​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន​​​​​។ 
  


ការ​ចាប់​ផ្ដើម​សិក្សា​ពី​បច្ចេកវិទ្យាឌីជីថល​នេះ មាន​ការ​លំបាក​សម្រាប់​យុវតី ធានា ដោយសារនាង​មិន​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​​ ជា​ពិសេស​ភាសា​អង់គ្លេស​នៅ​មាន​កម្រិត​​​។ ទោះជា​យ៉ាង​ណា នាង​នៅតែ​ខំ​ប្រឹង​ ដើម្បី​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ចំណេះដឹង​បច្ចេក​វិទ្យា​ឌីជីថល ។ ជារៀងរាល់ថ្ងៃ នាង​ត្រូវ​ទៅ​សិក្សា​ពី​ព្រឹក​ដល់​ល្ងាច និង​ចុង​សប្ដាហ៍ ត្រូវរៀនជំនាញ​បច្ចេកវិទ្យាឌីជីថល​បន្ថែម។​
 
«​សម្រាប់​ខ្ញុំ ការ​រៀន​ផ្នែក​បច្ចេក​វិទ្យា​ឌីជីថលនេះ គឺ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ក្មេងស្រី​។ ក្មេង​ស្រី​អាច​ទទួល​បាន​ចំណេះដឹងថ្មីៗ​ពី​​​​បច្ចេក​វិទ្យា​ឌីជីថល អាច​បង្ហាញ​នូវ​សមត្ថភាព​របស់​ខ្លួន និង​អាច​បង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត​ដែល​ខ្លួន​បាន​បង្កើត»។ នេះ​ជាការ​លើក​ឡើង​របស់​យុវតីវ័យ ១៦​ឆ្នាំ ស្រ៊ីម ធានា។ 
  


បើតាម​សិស្ស​ថ្នាក់ទី​៩រូបនេះ ក្មេង​ប្រុស និងក្មេង​ស្រី មាន​សិទ្ធិ​ស្មើគ្នា ដូច្នេះ​ការ​សិក្សា​ផ្នែក​បច្ចេក​វិទ្យា​ឌីជីថល មិន​គួរ​ចាត់ទុកថា​ជា​ផ្នែក​របស់​ក្មេង​ប្រុសនោះទេ។ ជា​ក្មេង​ស្រី​ រស់នៅ​ជន​បទ​នា​ភូមិ​ពោធិ៍សាលាទី១ ឃុំ​ព្រែក​ក្របៅ ស្រុក​កង​មាស ខេត្ត​កំពង់ចាម ធានា បាន​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ស្រី​ដទៃ ចូល​រួម​ក្នុងការ​សិក្សា​ផ្នែក​បច្ចេក​វិទ្យា​ឌីជីថល​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឯង និង​សង្គម​ជាតិ។ 
 
ដ្បិត​រៀន​ត្រឹម​ថ្នាក់ទី៩ តែ​យុវតី ស្រ៊ីម ធានា ដឹង​ពី​អត្ថប្រយោជន៍​របស់​បច្ចេកវិទ្យា​យ៉ាងច្រើន។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ឌីជីថល​ថ្មីៗ ​តាម​ទូរសព្ទដៃ ធានា រៀប​រាប់​ដូច្នេះ៖«បច្ចុប្បន្នសង្គម​កម្ពុជាយើង បាន​ងាក​មក​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ច្រើន​ជាង​មុន មិនថា​ការ​សិក្សា និង​ការងារ។ ដូច្នេះហើយ ខ្ញុំ​គិតថា​ការ​ចូលរួ​សិក្សា​ផ្នែក​បច្ចេកវិទ្យាឌីជីថល​ នឹង​ជួយ​សង្គម​របស់​យើង​ឱ្យ​មាន​ការ​អភិវឌ្ឍ​​មួយ​ផ្នែក​ដែរ​​​»។ 
  


ក្រោយបាន​សិក្សា​លើ​ផ្នែក​បច្ចេក​វិទ្យា​ឌីជីថល​ ធានា យល់ថា​ខ្លួន​ឯង​មក​សមត្ថភាព​គ្រប់​គ្រាន់​ បើធៀប​​កុមារី ​ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​នាង។ ជាមួយ​គ្នានេះ ធានា ពិតជា​មាន​មោទកភាព​ ចំពោះខ្លួន​ឯង ដែល​អាច​បង្កើត​កម្មវិធី​ទូរសព្ទសម្រាប់ជួយ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​របស់​នាង​។ 
 
ថ្ងៃ​អនាគត យុវតី​ ស្រ៊ីម ធានា ចង់​ក្លាយ​ជា​​អ្នក​រចនា​គេហទំព័រ ដែល​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា​។ អ្នក​កំពង់ចាម​រូបនេះ សង្ឃឹមថា តាមរយៈ​ការ​ចាប់​យក​ចំណេះដឹង​បច្ចេកវិទ្យា​ឌីជីថលនេះ អាចធ្វើឱ្យ​នាង​មាន​ជីវភាព​ល្អ​ប្រសើរ។ 
 
បើតាម​ក្រសួង​កិច្ច​ការ​នារី កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងគ្រប់តំបន់ភូមិសាស្ត្រ ទាំងទីប្រជុំជននិងជនបទ ព្រមទាំងប្រជាពលរដ្ឋ គ្រប់វ័យ កំពុងទទួលឥទ្ធិពលពីបច្ចេកវិទ្យា។ សូម​បញ្ជាក់ថា ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង និងស្របតាមនិន្នាការសកល ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង«គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥» ដែលជាផែនទីបង្ហាញផ្លូវនិងជាក្របខណ្ឌការងារនៃការគិតគូរវែងឆ្ងាយ។​
 
នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាល ផ្តោតលើការកសាងសសរស្តម្ភចំនួន ៣សំខាន់ៗ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ការធ្វើបរិវត្តកម្មឌីជីថល សំដៅលើការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់ទិដ្ឋភាពនៃធុរកិច្ច សេដ្ឋកិច្ច និងសង្គម៕​





Tag:
 ឌីជីថល
  បច្ចេកវិទ្យា
  កូដ
© រក្សាសិទ្ធិដោយ thmeythmey.com