ជាតិ
សង្គមជាតិ
សិល្បះ
ផលិតកម្មថោន ចេញលិខិតសុំទោសចំពោះការផលិតចម្រៀង ដែលកែសម្រួលពីបទ«ដែនដីខ្មែរ»
12, Mar 2024 , 9:37 pm        
រូបភាព
ភ្នំពេញ៖ ផលិតកម្មថោន បានចេញលិខិតសុំទោស ចំពោះការផលិតបទចម្រៀងមួយបទ ដោយកែសម្រួលភ្លេង និងទំនុកច្រៀងពីបទ«ដែនដីខ្មែរ» ដែលជាព្រះរាជនិពន្ធ របស់ សម្តេចសង្ឃរាជ ជួន ណាត។

 
 
លោកស្រី ជួប មាន អគ្គនាយិកាផលិតកម្មថោន បញ្ជាក់នៅក្នុងលិខិតសុំទោស ចុះថ្ងៃទី១០មីនា ថាបទចម្រៀង Team ទឹកត្នោតជូរ ត្រូវបានក្រុមការងារបច្ចេកទេសបង្ហោះចូលយូធូប នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយមិនទាន់មានការសម្រេចពីគណៈគ្រប់គ្រង។ ភ្លាមៗ គណៈគ្រប់គ្រងផលិតកម្មក៏បានលុបចេញវិញ តែមានជនឆ្លៀតឱកាសយកចម្រៀងនោះទៅផ្សព្វផ្សាយបន្ត។ នេះជាការពន្យល់របស់ផលិតកម្មថោន ដោយបន្ថែមដូច្នេះ៖ «ក្រោយពីបានបង្ហោះផ្សព្វផ្សាយបន្តិចគណៈគ្រប់គ្រង ផលិតកម្មទីក្រុងថោន បានឃើញ និងបានលុបចេញពីបណ្តាញសង្គម YouTube ភ្លាមៗ ដោយយល់ឃើញថា ការផ្សព្វផ្សាយនេះ ជាការរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងជាពិសេសប៉ះពាល់ធ្ងន់ធ្ងរលើទំនុកនិពន្ធ របស់ បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ»។ 
 
ទន្ទឹមនឹងការសោកស្តាយចំពោះការធ្វេសប្រហែលដែលកើតចេញក្រុមអ្នកបច្ចេកទេសនេះ លោកស្រី ជួប មាន ក៏បានសន្យាបង្កើនការប្រុងប្រយ័ត្នក្នុងការចេញបទភ្លេង ចម្រៀង ដែលមានតម្លៃសម្រាប់ជាតិ និងពលរដ្ឋខ្មែរ។
 
សូមជម្រាបថា បទចម្រៀងចំណងជើង Team ទឹកត្នោតជូរ ត្រូវបានផលិតឡើងដោយគ្រាន់តែកែសម្រួលពីបទភ្លេង«ដែនដីខ្មែរ» ដែលជាព្រះរាជនិពន្ធរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។ ក្រសួងវប្បធម៌ ចាត់ទុកការផលិតបទចម្រៀងនេះ ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិសីលធម៌ របស់អ្នកនិពន្ធ និងជាការប្រើប្រាស់បទភ្លេង ដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជន។ ក្រៅពីឱ្យលុបចម្រៀងនេះជាបន្ទាន់ ក្រសួងវប្បធម៌ ក៏ព្រមានផលិតថោន ឱ្យបញ្ឈប់រាល់ការផលិតបទចម្រៀង ដែលរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងធ្វើលិខិតសុំទោសសាធារណជនចំពោះកំហុសដែលបានកើតឡើង៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com