ជាតិ
សង្គមជាតិ
និយ័តករមូលបត្រកម្ពុជា និង​អគ្គស្នងការនគរបាលជាតិ ឱ្យពលរដ្ឋប្រយ័ត្នលើការ​វិនិយោគ​អនឡាញ
14, Mar 2024 , 5:29 pm        
រូបភាព
រូបពី និយ័តករមូលបត្រកម្ពុជា
រូបពី និយ័តករមូលបត្រកម្ពុជា
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នា​អំពាវនាវឱ្យ​សាធារណជន ប្រុងប្រយ័ត្នលើការវិនិយោគតាមអនឡាញ ខណៈក្រុមឧក្រិដ្ឋជនបានបង្កើន​ការឆបោកខុសច្បាប់តាមអនឡាញ គួរឱ្យកត់សម្គាល់។ នេះបើតាមសេចក្ដីថ្លែងការណ៍​រួម​របស់ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិចេញថ្ងៃទី១២មីនា។

 
និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សង្កេតឃើញ មានការ​ផ្សាយ​ទាក់ទាញពលរដ្ឋតាមបណ្ដាញសង្គមហ្វេសប៊ុក និងក្រុមតេលេក្រាម ដើម្បីឱ្យដាក់​ប្រាក់​វិនិ​យោគ ឬជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗជាហូរហែ។ ពួកក្រុមទាំងនោះ សន្យាផ្ដល់អត្រា​ការ​ប្រាក់ ឬប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ដែលសកម្មភាពទាំងនោះ ពុំមានការអនុញ្ញាត​ពីអាជ្ញាធរសមត្ថកិច្ចឡើយ។ 
 
និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្រុមឧក្រិដ្ឋកម្ម​ទាំង​នោះ បានបង្កើតក្រុមតេឡេក្រាមក្លែងក្លាយ និងប្រើប្រាស់គណនីបន្លំដោយប្រើឈ្មោះ និងរូប របស់ថ្នាក់ដឹកនាំ ស្ថាប័ន ក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ដើម្បីផ្សព្វផ្សាយ​ក្នុង​បណ្ដាញសង្គម។ 
 
ករណីខាងលើ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សង្កេត​ឃើញ​ពលរដ្ឋរងគ្រោះ ដោយសារការដាក់ប្រាក់ក្នុងគម្រោងវិនិយោគខុស​ច្បាប់ទាំងនោះ បានខាតបង់ថវិកា និងទ្រព្យសម្បត្តិជាច្រើន។ ជាមួយគ្នាដែរសកម្មភាពទាំងនេះ បង្កឱ្យ​មានការភាន់ច្រឡំជាមួយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយប៉ះពាល់កិត្តិយស​របស់ថ្នាក់ដឹកនាំនៃស្ថាប័ននោះផងដែរ។ ជាងនេះទៅទៀត គឺបង្កការរំខានដល់ការវិ​និ​យោគ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ពិសេសវិស័យមូលបត្រនៅកម្ពុជា។ 
 
និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ទម្រង់នៃការប្រមូល មូលនិធិតាមរូបភាពបែបនេះ ជាសកម្មភាពខុសច្បាប់ និងជាអំពើឆបោកដែលមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ប៉ុន្តែប្រសិនបើការប្រមូលមូលនិធិធ្វើឡើងដើម្បីយកទៅវិនិយោគលើគម្រោងណាមួយច្បាស់លាស់ គឹតម្រូវឱ្យមានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតពី និយ័តករមូលបត្រកម្ពុជា។ បើពុំដូច្នេះទេ ត្រូវចាត់ទុកជាអាជីវកម្មនៃគម្រោងវិនិយោគរួមដោយខុសច្បាប់ ដូចដែលមានចែងក្នុងច្បាប់ស្ដីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន»។ 
 
និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតកិច្ចសហការឃ្លាំ​មើល​សកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធនឹងករណីខាងលើ ពិសេសការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់តាម ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបតាម​យន្តការច្បាប់ដែលមានជាធរមាន។ 
 
ដូច្នេះ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យសាធារណជន ជួយ​រាយការណ៍​ឬដាក់ពាក្យបណ្ដឹង លើករណីសង្ស័យ ឬចាញ់បោកគដោយសារការដាក់​ប្រាក់​វិនិ​យោគ ទៅអគ្គស្នងការដ្ឋាននគរបាលជាតិតាមរយៈលេខ ១១៧ ឬទាក់ទងទៅនា​យក​ដ្ឋាន​​ប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ 

Tag:
 វិនិយោគអនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com