ជាតិ
អាជ្ញាធរខេត្តព្រះសីហនុ ប្រាប់ពលរដ្ឋកុំឲ្យសងសំណង់លើចំណីផ្លូវខុសច្បាប់
16, Mar 2024 , 7:59 am        
រូបភាព
ដោយ៖ ជួន ខ្វិត
 
រដ្ឋបាលក្រុងព្រះសីហនុ ប្រាប់ឲ្យពលរដ្ឋបញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗ នៅលើផ្លូវសារធារណៈ នៅក្នុងភូមិ៣ សង្កាត់លេខ៣ ។ អាជ្ញាធរ នឹងចុះរុះរើសំណង់ខុសច្បាប់ទាំងនោះ ដោយមិនទទួលខុសត្រូវលើការខាតបង់ណាមួយឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លោក សរ កក្កដា រដ្ឋបាលអភិបាលក្រុងព្រះសីហនុ។



លោក សរ កក្កដា បានសង្កេតឃើញប្រជាពលរដ្ធ សាងសង់ផ្ទះ និងសំយ៉ាបផ្ទះ ដោយមិនមានរបៀបរៀបរយលើចំណីផ្លូវសាធារណៈក្រុងព្រះសីហនុ ដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សោភ័ណភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋ, កកស្ទះចរាចរណ៍ ព្រមទាំងបង្កផលពិបាកដល់រថយន្តពន្លត់អគ្គិភ័យ នៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ 
 
ជាមួយគ្នានេះ លោកអភិបាលក្រុងព្រះសីហនុរូបនេះ គ្រោងចុះវាស់វែងកំណត់ចំណីផ្លូវតាមប្លង់ប្រព័ន្ធសុរិយោដី ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះតទៅ។ ដូច្នេះប្រជាពលរដ្ធដែលមានការពាក់ព័ន្ធ ត្រូវបញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗនៅលើផ្លូវសារធារណៈ។
 
«ត្រូវធ្វើការរុះរើសំណង់មិនមានរបៀបរៀបរយ និងជញ្ជូនយកចេញឲ្យអស់នៅមុនថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ជាកំហិត»។  លោក សរ កក្កដា បានលើកឡើងបែបនេះ ដោយបានបញ្ជាក់ថា ក្នុងករណីពលរដ្ឋមិនអនុវត្តតាមការណែនាំនេះ អាជ្ញាធរនឹងចាត់វិធានការរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារណាមួយឡើយ៕
 

Tag:
 ព្រះសីហនុ
  សំណងខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com