ជាតិ
សង្គមជាតិ
ក្រុម​ក្មេង​ទំនើង​សុទ្ធតែមាន​រហស្សនាម ណាត់​កាប់គ្នា, សមត្ថកិច្ច​ត្រូវការ​កិច្ច​សហការដើម្បីទប់ស្កាត់
15, Mar 2024 , 4:14 pm        
រូបភាព
ក្មេងទំនើងដែលសមត្ថកិច្ច ឃាត់ខ្លួនបាន។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ក្មេងទំនើងដែលសមត្ថកិច្ច ឃាត់ខ្លួនបាន។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ លោកគ្រូអ្នកគ្រូនៅ​តាម​សាលារៀន ឪពុកម្តាយ អាណាព្យាបាល និងសាធារណ​ជន សុទ្ធតែជាចំណែក​ដ៏សំខាន់​ក្នុងការ​ទប់ស្កាត់​ចលនា​ក្មេង​ទំនើង។ នេះជាការលើកឡើង​របស់​លោក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការ​ដ្ឋាននគរបាល​រាជ​ធានីភ្នំពេញ ខណៈរយៈពេល​ចុងក្រោយនេះ សមត្ថកិច្ច​ទើប​បាន​បង្ក្រាប​ក្មេងទំនើង​ពីរក្រុម​ដែលបាន​ណាត់គ្នា​កាប់​នៅ​ផ្លូវ៦០ម៉ែត្រ។

 
ក្នុងសន្និសីទសារព័ត៌មានកាលពី​ថ្ងៃទី​១៤ ខែមីនា សមត្ថកិច្ចនគរបាល​រាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រឆាំងមន្ត្រីរាជការសាធារណៈ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយ​ក្រុមក្មេងទំនើងទាំងនោះ ប្រដាប់​ដោយ​កាំបិត ដាវ ខ្សែក្រវាត់ជាដើម។ 
 
លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​អះអាងថា ក្រុមក្មេងទំនើងពីរក្រុម គឺ​ក្រុម​ដែលមាន​ឈ្មោះ​ថា ផ្សារកណ្ដាល បានណាត់កាប់គ្នានៅផ្លូវ៦០ម៉ែត្រ ជាមួយក្មេងទំនើងមួយក្រុមទៀត ឈ្មោះមាន់ទឹក MT។ 
 
ក្មេងទំនើងទាំងនោះ បានប្រមូលម្ដុំគ្នានៅម្ដុំរង្វង់មូលវិមានឯករាជ្យ  អំឡុងម៉ោងប្រមាណ៣ទៀបភ្លឺ នាថ្ងៃទី១៣មីនា ហើយសមត្ថកិច្ចក៏ហៅសួរនាំ ប៉ុន្តែ ក្មេង​ខ្លះបានព្យាយាមបើកម៉ូតូរត់គេច និងបើកម៉ូតូបុកសមត្ថកិច្ច រហូតដល់រងរបួស។ 
 
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសង្កត់ធ្ងន់ យ៉ាងដូច្នេះ៖ «សកម្មភាពដែលក្មេងទំនើងផ្សារកណ្ដាលធ្វើនេះ ដូចជាកាចសាហាវ យើងនឹងអនុវត្តតាមនីតិវិធីច្បាប់ដោយមិនលើកលែងទេ!»។ 
 
ក្រុមក្មេងទាំងនេះ ត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ បង្កហិង្សាដោយចតនា និងប្រឆាំងនឹងរាជការ។ នេះបើតាមលោក វិច្ឆិកា ដោយ​លោក​បាន​បន្ថែម​ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មភាពក្មេងទំនើងហាក់កក្រើកឡើង ទើបសមត្ថកិច្ចបន្ថែមកម្លាំងការពារសណ្ដាប់ធ្នាប់។
 
ស្របពេល​ជាមួយគ្នា មានការ​បង្ហោះ​វីដេអូនៅលើ​បណ្តាញសង្គម​អំពី​ការ​ជួបជុំគ្នារបស់ក្រុម​ក្មេង​ទំនើងនៅទីសាធារណៈ ហើយ​ករណីនេះ ត្រូវ​បាន​អ្នក​នាំពាក្យ​ស្នងការ​នគរបាល​រាជធានីភ្នំពេញ អះអាងថា វីដេអូខ្លះ ជាករណី​ចាស់​ៗប៉ុណ្ណោះ។
 
យ៉ាងណាក៏ដោយ លោក ស្នើឱ្យគ្រូៗតាមសាលារៀន ឪពុកម្ដាយរបស់ក្មេងៗ និងសាធារណាជនទាំងអស់រួមអប់រំក្មេងៗ និងសហការជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់ក្មេងទំនើង ដោយរាយការណ៍ពីសកម្មភាពសង្ស័យណាមួយទៅសមត្ថកិច្ច៕ 

Tag:
 ក្មេងទំនើង
© រក្សាសិទ្ធិដោយ thmeythmey.com