ជាតិ
សង្គមជាតិ
បញ្ហាដីធ្លីនៅព្រះវិហារ៖ អ្នកនាំពាក្យស្នើឱ្យពលរដ្ឋ ដោះស្រាយតាមផ្លូវច្បាប់ ជាជាងប្រើកំហឹង
16, Mar 2024 , 10:06 am        
រូបភាព
កងរាជអាវុធហត្ថជាច្រើននាក់ ត្រូវបានដាក់ពង្រាយ​ នៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។ រូបពី លីកាដូ
កងរាជអាវុធហត្ថជាច្រើននាក់ ត្រូវបានដាក់ពង្រាយ​ នៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។ រូបពី លីកាដូ
ភ្នំពេញ៖ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស (CHRAC) ស្នើឱ្យក្រសួងមហាផ្ទៃពិនិត្យមើលសកម្មភាពរបស់អាជ្ញាធរខេត្តព្រះវិហារ ដែលបានចុះបង្ក្រាបពលរដ្ឋជាង១០០គ្រួសារ នៅស្រុកគូលែន ខេត្តព្រះវិហារ។

 
CHRAC បានប្រាប់ទៅ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ចាប់ពីថ្ងៃទី៦មីនាមក កម្លាំងចម្រុះខេត្តព្រះវិហារ បានចុះបង្ក្រាបពលរដ្ឋចំនួន១៣១គ្រួសារ ដោយប្រើវិធានការក្ដៅ មានគ្រាប់បែកផ្សែង និងចាប់ខ្លួនបញ្ជូនទៅតុលាការ។ CHRAC អះអាងថា មានពលរដ្ឋខ្លះ កំពុងរត់គេចខ្លួនចូលក្នុងព្រៃ ដើម្បីសុវត្ថិភាព ដែលមើលទៅហាក់បីដូចជាហិង្សា ហើយសោកសៅបំផុត។ 
 
លុះដល់ថ្ងៃទី១១មីនា ពលរដ្ឋ៤០នាក់ត្រូវបានចាប់ខ្លួន។ ករណីនេះ តុលាការខេត្តព្រះវិហារបានចោទប្រកាន់ពលរដ្ឋចំនួន២៨ ពីបទព័ទ្ធយកដីរដ្ឋដោយខុសច្បាប់ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខណៈពលរដ្ឋខ្លះបានដោះលែងវិញ។ 
 
ក្នុងលិខិតជម្រាបទៅរដ្ឋមន្ត្រី របស់ CHRAC ដែលចេញថ្ងៃទី១៣មីនា បានចោទជាចម្ងល់ជាច្រើនបែបនេះ៖ «ជុំវិញបញ្ហានេះ យើងខ្ញុំមានមន្ទិលថា តើសកម្មភាពរបស់អាជ្ញាធរ ខេត្តព្រះវិហារ បានធ្វើស្របតាមច្បាប់ឬ យ៉ាងណា? និងថាតើ ដីដែលបានផ្តល់ឱ្យក្រុមហ៊ុន សិលាដាម៉ិច ខូអិលធីឌី មានប៉ះពាល់ដល់ភូមិ ដែលពលរដ្ឋកំពុងរស់នៅ និងអាស្រ័យផលដែរឬទេ? តើពលរដ្ឋទាំងនោះ មានសិទ្ធិ ឬ គួរទទួលបាននូវការធ្វើអនុប្រយោគ ឬកាត់ឆ្កៀលដីពីដីសម្បទាននោះ ឱ្យពួកគេដើម្បីរស់នៅ និងអាស្រ័យផលដែរ ឬ ទេ? ដូច្នេះ ដើម្បីជម្រះនូវ មន្ទិលនេះ យើងខ្ញុំជា CHRAC សូមស្នើក្រសួងមហាផ្ទៃ មេត្តាជួយធ្វើអធិការកិច្ចលើករណីនេះ ដោយសេចក្ដីអនុគ្រោះ»។  
 
ពាក់ព័ន្ធនឹងវិវាទ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាថា ក្រសួងមហាផ្ទៃតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យមានអត់ធ្មត់ឱ្យអស់ពីលទ្ធភាព ក្នុងបាតុភាពណាមួយកើតឡើង ពិសេសជាមួយពលរដ្ឋ ដើម្បីឱ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់ និងចៀសវាងហិង្សា។ 
 
យ៉ាងណាករណីបាញ់គ្រាប់បែកផ្សែងលើវិវាទដីធ្លីក្នុងខេត្តព្រះវិហារ លោកពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា ៖ «ការបាញ់គ្រាប់បែកផ្សែងឡើងលើ គឺប្រហែលជានៅទីនោះ អាចមានភាពជ្រួលច្របល់កើតឡើង ព្រោះពេលខ្លះ មានបុគ្គលមួយចំនួនឆ្លៀតឱកាស ញុះញង់ពលរដ្ឋ ទើបសមត្ថកិច្ចឈានដល់ការប្រើគ្រាប់បែកផ្សែង ដើម្បីទប់ស្ថានភាពនោះ ហើយការប្រើប្រាសផ្សែងនេះ មិនចាត់ទុកជាហិង្សាធ្ងន់ធ្ងរឡើយ ព្រោះគ្រាន់តែបង្ក្រាបឱ្យស្ថានភាពស្ងប់ស្ងាត់ប៉ុណ្ណោះ»។ 
 
ដោយឡែក ការបាញ់គ្រាប់ពិតទៅលើពលរដ្ឋដោយខុសច្បាប់ ទើបចាត់ទុកជាករណីហិង្សាធ្ងន់ធ្ងរ។ ចំណែក ការឃាត់ខ្លួនទៅតុលាការ ជាយន្តការរបស់សមត្ថកិច្ច ដើម្បីបង្ការមិនឱ្យបាតុភា​ព​ ឬករណីកើតហេតុនោះរាលដាលកាន់អាក្រក់ឡើង ទើបសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ ដោយទុកឱ្យតុលាការជាអ្នកសម្រេចក្ដី។ លោក សុឃៈ បានពន្យល់លម្អិតបែបនេះ ហើយលោកអំពាវនាវដល់ពលរដ្ឋទាំងអស់ កុំឱ្យចាញ់បោកការញុះញង់ ចូលទៅកាន់កាប់ដីព្រៃ ឬដីទំនេរ។ 
 
ប៉ុន្តែ បើពលរដ្ឋពិតជាខ្វះខាត់ដីធ្លីពិតមែន ត្រូវស្នើទៅអាជ្ញាធរខេត្ត ឬទៅកាន់រដ្ឋាភិបាល។ រដ្ឋាភិបាលនឹងពិនិត្យហើយកាត់ឆ្កៀល ដល់ពលរដ្ឋស្លូតត្រង់។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ហើយនៅពេលមានរឿងកើតទុកមិនសុខចិត្តណាមួយ លោកអំពាវនាវឱ្យពលរដ្ឋទាំងអស់ ពិចារណាដោះស្រាយដោយសន្តិវិធី។ 
 
«បើសិនយើងគិតថា យើងជាជនរងគ្រោះ ជាអ្នកកាន់កាប់អាស្រ័យផលតាមច្បាប់ យើងគួរទៅនាំគ្នាអនុវត្តតាមនីតិវិធីតាមច្បាប់ ពោលគឺដាក់ញាត្តិ លិខិតស្នើសុំអន្តរាគមន៍ទៅសមត្ថកិច្ច តុលាការ ក្រសួងជំនាញ ឬរដ្ឋាភិបាលជាដើម ជៀសវាងប្រមូលផ្ដុំសម្រុកធ្វើសកម្មភាពណាមួយ ដែលនាំឱ្យសមត្ថកិច្ចដើរតួនាទី ឬបំពេញភារកិច្ច ហើយនាំឱ្យបងប្អូនទប់ចិត្ត ខណៈមានជនខ្លះចាំតែញុះញង់។ ដូចនេះ ខ្ញុំថា ពលរដ្ឋគួរគ្រប់ចិត្តនិងអារម្មណ៍ឱ្យបាន ហើយរត់ទៅតាមនីតិវិធីរដ្ឋបាល និងច្បាប់វិញ ចៀសវាងតតាំងទល់មុខគ្នា បង្កឱ្យមានបាតុភាពណាមួយកើតឡើង»។ នេះបើតាមការលើកឡើងរបស់ លោក សុឃៈ។ 
 
​វិវាទដីធ្លីខាងលើ ​អាជ្ញាធរមិនត្រឹមតែប្រើគ្រាប់បែកផ្សែងប៉ុណ្ណោះទេ គឺ​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត ​ផងដែរ។ ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ ​សី​លា​ដា​ម៉ិ​ច​ ខូអិ​ល​ធី​ឌី​ ​គឺកើតមានតាំងពី ក្រុមហ៊ុននោះទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​១​១​៕ នេះបើតាមអង្គការលីកាដូ៕ 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com