ជាតិ
សង្គមជាតិ
បារម្ភជីវិតមនុស្ស តែសេដ្ឋកិច្ចក៏ត្រូវគិតគូរ នាយករដ្ឋមន្ត្រីឱ្យ​សាក​ល្បង​រំកិល​ម៉ោង​ត្រួតពិនិត្យ​គ្រឿងស្រវឹង
18, Mar 2024 , 4:59 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត ចេញសារណែនាំដល់អាជ្ញាធរ និងកងកម្លាំងនៅទូទាំងប្រទេស ឱ្យសាកល្បងផ្លាស់ប្តូរម៉ោងត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវ ចាប់ពីម៉ោង១០យប់ ទៅដល់ម៉ោង២រំលងអធ្រាត្រវិញ។ សម្តេច ចេញសារបែបនេះ បន្ទាប់ពីសង្កេតឃើញកងកម្លាំងនៅតាមខេត្តមួយចំនួនចុះត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវ នៅម៉ោង៨យប់ ធ្វើឱ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចមួយចំនួន។

 
«ខ្ញុំសុំឱ្យពិនិត្យមើលកិច្ចការនេះ, យើងមិនឈប់ការអនុវត្តគោលនយោបាយហ្នឹងទេ ប៉ុន្តែឱ្យកែសម្រួលម៉ោងបន្តិច ព្រោះឃើញខេត្តខ្លះចាប់ផ្តើមតាំងពីម៉ោង៨យប់»។ ​សម្តេច​ ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលការចុះត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវនៅម៉ោង៨យប់នេះ ត្បិតល្អសម្រាប់សុវត្ថិភាពអាយុជីវិតមនុស្ស ក៏ប៉ុន្តែ​វាធ្វើឱ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច។ ជាពិសេសចំពោះ​អ្នកធ្វើអាជីវកម្មពេលរាត្រី។​
 
សម្តចនាយករដ្ឋមន្ត្រីបន្តមានប្រសាសន៍ដូច្នេះ៖ « ខ្ញុំសុំចេះ​! ខ្ញុំបានឱ្យខេត្តសាកល្បងរុញការត្រួតពិនិត្យនេះទៅយឺតបន្តិច អាចពីម៉ោង១០ ទៅ២ម៉ោងយប់។ ចំពោះខេត្តយើងសាកហើយ!​ ប្រសិនជាមានកំណើនការបើកបរធ្វេសប្រហែសហើយគ្រោះថ្នាក់ឡើងវិញ គឺត្រូវទម្លាក់ម៉ោងត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវ វិញ។ ព្រោះបើរើសរវាងដង្ហើមរបស់ Restaurant (ភោជនីយដ្ឋាន)ជាមួយជីវិតរបស់ប្រជាពលរដ្ឋ គឺត្រូវរើសយកជីវិតរបស់ប្រជាពលរដ្ឋ ជាគោល»។ 
 
ក៏ប៉ុន្តែ បើសិនការចុះត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវ ពីម៉ោង១០ទៅម៉ោង២យប់នេះ មានប្រសិទ្ធភាព ដោយអ្នកទទួលទានស្រាមិនល្មើសច្បាប់ ជាមួយភាពប្រុងប្រយ័ត្ន ហើយកាត់បន្ថយគ្រោះថ្នាក់ ពីការបើកបរក្នុងសភាពស្រវឹង នោះគឺជាការល្អប្រសើរទាំងពីរ រវាងជីវិតរបស់ប្រជាពលរដ្ឋ និងដង្ហើមអ្នកបើកអាជីវកម្មពេលរាត្រី។​
 
«ក្នុងនាមជារដ្ឋាភិបាល យើងត្រូវគិតទៅលើជ្រុងទាំងពីរ។​ ការពារជីវិតប្រជាពលរដ្ឋកុំឱ្យគ្រោះថ្នាក់​ស្លាប់ដោយសារការបើកបរក្នុងស្ថានភាពស្រវឹងមិនគោរពច្បាប់។ តែមួយទៀត ក៏យើងការពារដង្ហើមសេដ្ឋកិច្ច»។ នេះជារៀបរាប់បន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត ដែលបានឱ្យគោលការណ៍និងសិទ្ធិអនុវត្តទៅអាជ្ញាធរខេត្តនៃគណៈមេបញ្ជាមេឯកភាព។ 
 
បើតាមប្រសាសន៍សម្តេច ប្រសិនបើការរកិលម៉ោងអនុវត្តនៃការចុះត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវនៅម៉ោង១០ដល់ម៉ោង២យប់នេះ ធ្វើឱ្យកើននូវការធ្វេសប្រហែសបើកបរស្រវឹងនោះ អាជ្ញាធរ គឺត្រូវចាប់ផ្តើមទម្លាក់ម៉ោងអនុវត្តនៅម៉ោង៨យប់មកវិញ។ ​ សម្តេចបញ្ជាក់ថា ៖ «ព្រោះជីវិតប្រជាជន ជាគោល»។
 
​ក្នុងឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន៣ ៣១៧លើក (យប់៥៥ភាគរយ)។ ក្នុងនោះ ករណីបណ្តាលឲ្យស្លាប់១ ៥៩០នាក់ និងរបួស៤ ៥១៥នាក់ (ធ្ងន់២ ៧៦៦នាក់)។ នេះបើយោងតាមរបាយការណ៍អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។​
 
របាយការណ៍ដែលបានបង្ហាញថា មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១ភាគរយ មិនគោរពសិទ្ធិ២២ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ  បត់៩ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ កត្តាយាន៥ភាគរយ ស្រវឹង៣ភាគរយ ភ្លើង/សញ្ញា១ភាគរយ សុខភាព/ងងុយ១ភាគរយ និងកត្តាអាកាសធាតុ១ភាគរយ​។ ក្នុងចំណោមអ្នកស្លាប់​ ជាអ្នកជិះម៉ូតូចំនួន៨០ភាគរយ (១ ២៧៩/១ ៥៩០នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩ភាគរយ (៨៨៨ /១២៧៩នាក់)។
 
គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងច្រើន គឺនៅរាជធានីភ្នំពេញមានចំនួន៩៥០លើក ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០លើក៕ 

Tag:
 គ្រឿងស្រវឹង
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com