សៀមរាប៖ ក្រោមកម្ដៅព្រះអាទិត្យដែលចែងចាំងពីទិសខាងកើត ក្រុមអ្នករត់រ៉ឺម៉កកង់បី នៅបរិវេណមុខប្រាសាទអង្គរវត្ត បើកទៅមកៗនៅពេលមានរថយន្តចូលចំណត។ ពួកគេរង់ចាំហៅភ្ញៀវ ក្រែងអ្នកទាំងនោះ ជិះរ៉ឺម៉ក់កម្សាន្តតាមប្រាសាទ។
«បងៗជិះរ៉ឺម៉កទេ? មិនបាច់ដើរហត់ទេ តែ៥,០០០រៀលដល់មុខអង្គរ»។ នេះជាសំឡេងហៅភ្ញៀវ ពីសំណាក់ក្រុមអ្នករត់រ៉ឺម៉កកង់បី នៅចំណតរថយន្តមុខប្រាសាទអង្គរវត្ត។ លោក ថាំង ថា ដែលកំពុងរង់ចាំ ហៅភ្ញៀវឱ្យជិះកង់បីក្រោមម្លប់ដើមឈើក្បែរនោះ បាននិយាយថា លោកប្រកបរបររត់កង់បីនៅចំណតមុខអង្គរនេះច្រើនឆ្នាំមកហើយ និងបានដាក់វេន ជាមួយក្រុមរ៉ឺម៉ក់ឯទៀត សរុបជិត៦០នាក់ ដើម្បីឆ្នាស់គ្នាដឹកភ្ញៀវលេងអង្គរវត្ត និងតាមប្រាសាទដទៃ។
រង់ចាំដឹកភ្ញៀវពីម៉ោង៦ព្រឹកមក លោក ថាំង ថា ប្រាប់ថាថ្ងៃខ្លះក៏មានភ្ញៀវដឹក ថ្ងៃខ្លះទៀតក៏គ្មានដែរ។ ពួកគេខ្លះដើរទៅអង្គរវត្តដោយខ្លួនឯង។ «បើគាត់ជួលរ៉ឺម៉កពួកខ្ញុំ គ្នា៥ទៅ៦នាក់ ជិះដល់ច្រកចូលមុខអង្គរ យើងគិតមួយជើង៥,០០០រៀល បើគាត់ជិះក៏ដូចជាជួយពួកយើងដែរ»។ នេះជាការលើកឡើងរបស់លោក ថាំង ថា វ័យជាង៤០ឆ្នាំ។
បុរសរូបនេះជាអតីតអ្នកភូមិត្រពាំងសេស និងបានស្ម័គ្រចិត្តដូរលំនៅឋានទៅរស់នៅភូមិរុនតាឯក នៃស្រុកបន្ទាយស្រី។ ងើបពីព្រឹកព្រលឹមមក លោកត្រូវចេញពីរុនតាឯក ដើម្បីដឹកភ្ញៀវនៅជុំវិញប្រាសាទ រហូតដល់ម៉ោង៥រសៀល ទើបទៅផ្ទះវិញ។
មិនលាក់លៀមនោះទេ លោក ថាំង ថា ប្រាប់ថា របរប្រចាំថ្ងៃនេះ អាចរកចំណូលបានតិចឬច្រើនតាមពេលវេលា ដោយថ្ងៃខ្លះបាន៥,០០០រៀលក៏មាន រីឯថ្ងៃបុណ្យទាន ក៏បានច្រើនតាមនោះដែរ។ ក្រៅពីអង្គរវត្ត រ៉ឺម៉កកង់បីរបស់ លោក ថាំង ថា ក៏មានសេវាកម្មដឹកភ្ញៀវទៅតាមប្រាសាទផ្សេងៗ តាមវង់តូចនិងវង់ធំផងដែរ។
មានវ័យ៥៧ឆ្នាំ លោក អ៊ាន ប៊យ ជាពលរដ្ឋនៅភូមិគោកតាចាន់។ លោក អ៊ាន ប៊យ ក៏រអ៊ូពីរឿងខ្សត់ភ្ញៀវ ជិះរ៉ឺម៉កផងដែរ។ លោកលើកឡើងថា ប្រហែលដោយសារលោកចាស់ពេក និងមិនសូវចេះហៅភ្ញៀវក៏មិនដឹង ទើបគេមិនសូវជិះរ៉ឺម៉ករបស់លោក។ ថ្ងៃខ្លះលោករកបានប្រាក់៥,០០០រៀលទៅផ្ទះវិញ ថ្ងៃខ្លះក៏បាន២ទៅ៣ម៉ឺនរៀលដែរ។
ដ្បិតស្ថានភាពបច្ចុប្បន្ន មិនសូវល្អប្រសើរដូចមុនវិបត្តិជំងឺកូវីដ-១៩ តែអ្នករត់កង់បីចាស់វស្សារូបនេះ ក៏បានកោតសរសើរទឹកចិត្តពលរដ្ឋខ្មែរ ដែលតែងតែជួយជិះកង់បីខ្មែរ មិនថាទៅជិតឬឆ្ងាយ។ ទោះបានប្រាក់តិចឬច្រើន ក៏ជាទឹកចិត្តដែលលោកទទួលបានពីទេសចរខ្មែរផងដែរ។
ចំណែកលោក សឿយ ស៊ុន ក៏បានលើកឡើងប្រហាក់ប្រហែលអ្នករត់កង់បីខាងលើដែរ។ បុរសវ័យ៤៣ឆ្នាំរូបនេះថា មានតែថ្ងៃបុណ្យទានទេ ដែលមានភ្ញៀវជិះកង់បីច្រើន ដែលជួយលោករកចំណូលបានពី៥ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ប៉ុន្តែ ថ្ងៃដែលរកលុយបាន គឺភាគតិចណាស់។ លោក សឿយ ស៊ុន បន្តថា៖« រកមិនបានដែរ! ពិបាក ណាមួយកូនរៀន ណាមួយឆ្ងាយផងពិបាក»។
សូមបញ្ជាក់ថា របររត់កង់បីជារបរពេញនិយមមួយ សម្រាប់ពលរដ្ឋខេត្តសៀមរាប។ ដ្បិតមិនបានចំណូលច្រើនលើសលប់ តែរបរនេះបានជួយចិញ្ចឹមក្រុមគ្រួសារពួកគេ ឱ្យបានរៀនសូត្រ និងមានជីវភាពរស់នៅបានសមរម្យ៕