ជាតិ
សង្គមជាតិ
ចាប់ខ្លួនជាង១ឆ្នាំ ទើបតុលាការអាម៉េរិកសម្រេចថា លោក គ្រី ម៉ះផល គ្មានទោសក្នុងសំណុំរឿងរត់ពន្ធស្វាក្តាម
26, Mar 2024 , 8:20 am        
រូបភាព
លោកគ្រី ម៉ះផល ទទួល​បាននូវការស្វាគមន៍ពីមន្ត្រី និងក្រុមគ្រួសារ នាពេលលោក​មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី​២៥ ខែមីនា។​រូបថត ក្រសួងកសិកម្ម​
លោកគ្រី ម៉ះផល ទទួល​បាននូវការស្វាគមន៍ពីមន្ត្រី និងក្រុមគ្រួសារ នាពេលលោក​មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី​២៥ ខែមីនា។​រូបថត ក្រសួងកសិកម្ម​
ដោយ: រួបរួម
លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ កាលពីថ្ងៃទី២៥ ខែមីនា ពោលគឺរយៈពេល២ថ្ងៃ ដែលលោកត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាម៉េរិក សម្រេចថា លោកគ្មានទោសក្នុងសំណុំរឿងសមគំនិតក្នុងរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាម៉េរិក។



អត្ថបទទាក់ទង

«ការសម្រេចទាត់ចោលការចោទប្រកាន់របស់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាម៉េរិក គឺជាយុត្តិធម៌ ដែលតុលាការអាមេរិកផ្តល់ដល់លោក គ្រី ម៉ះផល។ នេះសរបញ្ជាក់ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន»។ នេះជាការលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។

បើតាមក្រសួងកសិកម្ម ការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាម៉េរិក បានធ្វើឱ្យលោក គ្រី ម៉ះផល ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុប្រទេស អស់រយៈពេល ១ឆ្នាំ ៤ខែ និង១០ថ្ងៃ ហើយចាប់តាំងពីថ្ងៃចាប់ខ្លួន រដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកយុត្តិធម៌ជូនមន្ត្រីខ្លួន។

«នៅក្នុងសំណុំ រឿងរបស់លោក គ្រី ម៉ះផល ក្រសួងបានរក្សាភាពស្ងៀមស្ងាត់ មិនថ្លែងការណ៍នានាទៅកាន់សារព័ត៌មានក្នុងគោលបំណង គោរពដំណើរការនីតិវិធីរបស់តុលាការ ដើម្បីឱ្យការកាត់ក្តីប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌។ ប៉ុន្តែក្រសួងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេធាវីអាមេរិក ដើម្បីតតាំងក្តីប្រឆាំងនឹងរដ្ឋអាជ្ញាព្រមទាំងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក ដែលចោទ ប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវលាក់បាំងពីអាជ្ញាធរ កម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន»។ នេះជាការបញ្ជាក់របស់ក្រសួងកសិកម្ម។

ក្រសួងបានបន្ថែមថា ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាក្នុងរឿងជំនួញសត្វស្វាក្តាម តែងបានធ្វើឡើងដោយគ្មានភស្តុតាង ត្រឹមត្រូវ តែផ្អែកលើការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសារពត៌មាន គ្មានវិជ្ជាជីវៈ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងន័យចោទប្រកាន់មន្ត្រីរបស់ក្រសួង បំភ័ន្តសាធារណមតិ និងបង្វែរខ្លឹមសារ នៃដំណើរការជំនុំជម្រះក្តីឆ្ពោះទៅកាន់បុរេនិច្ឆ័យប្រឆាំងនឹងមន្ត្រីកម្ពុជា។



សត្វស្វាក្តាមទាំងឡាយដែលបាននាំចេញពីកម្ពុជា ត្រូវបានស្ថាប័នរដ្ឋាភិបាលបញ្ជាក់ថា សុទ្ធតែបានធ្វើឡើងស្របតាមច្បាប់ និង អនុសញ្ញាអន្តរជាតិ ដោយឯកសារទាំងឡាយដែលបានធ្វើចេញទៅសុទ្ធតែជាឯកសារត្រឹមត្រូវ ប៉ុន្តែការចោទប្រកាន់នានានៅក្នុងរឿងជំនួញ សត្វស្វាក្តាមនេះនៅតែបន្តកើតមាន។

ជាមួយនឹងការសាទរចំពោះការដោះលែងលោក គ្រី ម៉ះផល ក្រសួងកសិកម្ម បានថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក ដែលរំលោភអំណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន រីឯការតស៊ូផ្លូវច្បាប់របស់រដ្ឋាភិបាល គឺជាសក្ខីភាពបង្ហាញថា មន្ត្រីកម្ពុជាស្អាតស្អំ មិនអាចត្រូវរំលោភបំពានបានឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com