ជាតិ
សេដ្ឋកិច្ច
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
26, Mar 2024 , 3:14 pm        
រូបភាព
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក.។ រូបថត៖ ន.ម.ក.
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក.។ រូបថត៖ ន.ម.ក.
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)  បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដោយតម្រូវឱ្យ ក្រុមហ៊ុន CIC កែទម្រង់ ពិនិត្យ និងរៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិន ស្របច្បាប់។​ លើសពីនេះ ន.ម.ក បានតម្រូវឱ្យCIC ចាត់ចែងទ្រព្យដែលកាត់កងបាន ឱ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ ក្នុងគោលដៅអភិវឌ្ឍន៍ ដើម្បីធានាប្រយោជន៍ដល់វិនិយោគិន ដែលដាក់ប្រាក់ជាមួយក្រុមហ៊ុន។

 
« មានចំណាត់ការជាច្រើនមកហើយលើករណីនេះ គឺធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់គ្រប់រូប ទៅតាមនីតិវិធីកិច្ចគាំពារវិនិយោគិនជាធរមាន»។  ន.ម.ក. បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នាថ្ងៃទី២៥ មីនា។ 
 
​បច្ចុប្បន្ននេះ ទ្រព្យសកម្មរបស់ក្រុមហ៊ុនCIC ត្រូវបាន ន.ម.ក. ប្រមូលមកវិញ ប្រមាណ៩០ភាគរយនៃចំនួនទឹកប្រាក់សរុប។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ៖  « ន.ម.ក. កំពុងជំរុញការរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់»។ 
 
ជុំវិញករណីនេះ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានឡើយ នៅថ្ងៃទី២៦ មីនា។
 
ពាក់ព័ន្ធនឹងក្រុមហ៊ុន CIC ដែលប្រមូលយកទុនរបស់អ្នកវិនិយោគនេះ បច្ចុប្បន្ន ន.ម.ក. កំពុងធ្វើការងារតាមនីតិវិធី និងបែបបទនៃច្បាប់ ក៏ដូចជាបច្ចេកទេសជានិយ័តករ ដើម្បីគោលដៅ ការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ អនុលោមតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមានក្នុងវិស័យមូលបត្រ។ 
 
« ន.ម.ក. នឹងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ និងឃ្លាំងមើលជាប្រចាំ ព្រមទាំងបានពិនិត្យជាស្រេចនូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិនៃវិស័យមូលបត្រ ដើម្បីការពារឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ទាំងអស់ ទោះបីក្នុងស្ថានភាពដែលក្រុមហ៊ុន កំពុងជួបការលំបាក»។ នេះជាអះអាងរបស់ ន.ម.ក.។

នាថ្ងៃទី២៥មីនា ក្រុមហ៊ុន​CIC បានចេញសេចក្តីបំភ្លឺថា ករណីក្រុមហ៊ុនខ្លួន មិនមែនជាសំណុំរឿងបោកប្រាស់​ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន អះអាងថា នឹងនៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។ 

«ក្រុមហ៊ុន នឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ ន.ម.ក.​ ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអទិភាព»។ នេះជាការបំភ្លឺរបស់CIC ដោយបានសុំឱ្យវិនិយោគិនទាំងអស់ចូលរួមក្នុងយន្តការដោះស្រាយបញ្ហានេះ ក្រោមក្របខណ្ឌនៃច្បាប់គម្រោងវិនិយោគដែល ន.ម.ក. ជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអាចឱ្យក្រុមហ៊ុនបញ្ចប់បេសកកម្ម ក្នុងការវេចខ្ចប់ទ្រព្យ ដែលជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយសម្រាប់វិនិយោគិន៕ 
 

Tag:
 និយ័តករមូលបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com