ជាតិ
សង្គមជាតិ
ស.ស.យ.ក. និងក្រសួងការងារ នឹងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន
27, Mar 2024 , 11:59 am        
រូបភាព
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានចុះអនុស្សរណយោគយល់គ្នា ដើម្បីជំរុញលើការផ្សព្វផ្សាយការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន និងសេដ្ឋកិច្ចឌីជីថល។



លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានបញ្ជាក់នាពិធីចុះអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី២៦ ខែមីនា ថា កិច្ចសហការនេះ នឹងជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ពិសេសការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីពដល់ពួកគេ។
 
សម្រាប់លោក ហ៊ុន ម៉ានី អាជីព ជំនាញ និងការពង្រឹងសមត្ថភាពរបស់យុវជន គឺពិតជាមានសារៈសំខាន់ណាស់។ នោះក៏ព្រោះតែយុវជនជាកម្លាំងស្នូលដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ។ លោក ហ៊ុន ម៉ានី បានលើកឡើងដូច្នេះថា៖«ស.ស.យ.ក. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តបេសសកម្មយ៉ាងខ្ជាប់ខ្ជួនពីយុវជនជំនាន់មុន ដើម្បីចូលរួមក្នុងបុព្វហេតុ ជាតិមាតិភូមិ តាមរយៈការផ្តល់ឱកាសដល់យុវជនគ្រប់ទិសទី មករួមជាកម្លាំងសាមគ្គី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ»។
  


លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានបន្ថែមថា កិច្ចសហការនេះ នឹងក្លាយជាកម្លាំងចលករ ជួយជ្រោមជ្រែងយុវជនមួយកម្រិតទៀត។ លោក រំពឹងថា អង្គការសមាគមយុវជនដ៏ធំមួយនេះ នឹងជំរុញយុវជន ឱ្យកាន់តែមានសក្តានុពល។
 
សម្រាប់កិច្ចសហការនេះ ក្រសួង និងស.ស.យ.ក នឹងបង្កើតការិយាល័យអាជីព និងការងារមួយ នៅទីស្នាក់ការរបស់ស.ស.យ.ក. ទូទាំងរាជធានីខេត្ត ដោយផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក និងយុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕ 







Tag:
 សសយក
© រក្សាសិទ្ធិដោយ thmeythmey.com