អន្តរជាតិ
នាយករដ្ឋមន្ត្រីហូឡង់លើកបញ្ហាចារកម្មតាមអុីនធឺណិតទៅជជែកជាមួយមេដឹកនាំចិន
28, Mar 2024 , 2:59 pm        
រូបភាព
លោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់។ រូបភាព AFP
លោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់។ រូបភាព AFP
នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte នៅថ្ងៃទី២៧ ខែមីនា បានជួបជាមួយប្រធានាធិបតីចិន ដោយលោកបានលើកឡើងពីប្រធានបទដ៏សំខាន់ពាក់ព័ន្ធចារកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ សង្រ្គាមនៅអ៊ុយក្រែន និងបច្ចេកវិទ្យា ក៏ត្រូវបានមេដឹកនាំប្រទេសទាំងពីរជជែកផងដែរ។

 
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ហូឡង់ MIVD កាលពីខែមុន បានលើកឡើងថា ក្រុមឈ្លបយក ការណ៍តាមអ៊ីនធឺណិតដែលគាំទ្រដោយរដ្ឋចិន បានចូលក្នុងបណ្តាញយោធាហូឡង់កាលពីឆ្នាំមុន ដោយហៅថាជាផ្នែកមួយនៃនិន្នាការចារកម្មនយោបាយចិនប្រឆាំងនឹងហូឡង់ និងព្រមទាំងសម្ព័ន្ធមិត្ត។ នេះជាលើកទីមួយ ដែលហូឡង់ បានចោទចិន ពាក់ព័ន្ធនឹងផ្នែកសន្តិសុខនៅក្នុងប្រទេសខ្លួន។ 
 
ក្នុងជំនួបទ្វេភាគីនៅទីក្រុងប៉េកាំងនៅថ្ងៃទី២៧ ខែមីនា ប្រមុខរដ្ឋាភិបាលហូឡង់ លោក Mark Rutte បានអះអាងថា លោកបានលើកឡើងពីប្រធានបទចារកម្មទៅជជែកជាមួយលោកស៊ី ជិនភីង ប្រធានាធិបតីចិន។ 
 
«ពិតណាស់ យើងបានជជែកពីប្រធានបទទាំងអស់ រួមទាំងចារកម្មតាមអ៊ីនធឺណិត»។ លោក Rutte បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំចិន។ ការលើកឡើងរបស់មេដឹកនាំហូឡង់ ធ្វើឡើងស្របពេលប្រទេសលោកខាងលិចជាច្រើន បានចោទចិនជាច្រើនករណីពាក់ព័ន្ធនឹងការធ្វើចារកម្ម និងការវាយប្រហារតាមអ៊ីនធឺណិត។
 
ក្រៅពីប្រធានបទខាងលើ មេដឹកនាំហូឡង់ បានជំរុញជាថ្មីឱ្យចិនដាក់សម្ពាធលើរុស្ស៊ី ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនផងដែរ។ 
 
ជុំវិញប្រធានបទបន្ទះឈីប លោកប្រធានាធិបតីចិន បានថ្លែងថា ប្រជាជនចិន មានសិទ្ធិទទួលបានការអភិវឌ្ឍដោយស្របច្បាប់ ហើយគ្មានអ្វីអាចបញ្ឈប់ចិនមិនឱ្យអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្រ្តបានទេ។ ការបញ្ជាក់របស់មេដឹកនាំចិនបែបនេះ ធ្វើឡើងក្រោយពេលហូឡង់ បានដាក់អាជ្ញាប័ណ្ណក្នុងការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅចិន៕ 
 

Tag:
 ចិន
  ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com