អន្តរជាតិ
ហ្វីលីពីន-ចិនដំឡើងសរសៃកដាក់គ្នាក្នុងការការពារដែនទឹកសមុទ្រចិនខាងត្បូង
29, Mar 2024 , 10:45 am        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ឆ្វេង) និងសមភាគីហ្វីលីពីន លោកFerdinand Marcos Jr. នៅក្រុងប៉េកាំង ក្នុងខែមករា ឆ្នាំ២០២៣។ រូបភាព AFP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ឆ្វេង) និងសមភាគីហ្វីលីពីន លោកFerdinand Marcos Jr. នៅក្រុងប៉េកាំង ក្នុងខែមករា ឆ្នាំ២០២៣។ រូបភាព AFP
ប្រធានាធិបតីហ្វីលីពីន លោកFerdinand Marcos Jr. មិនអាចអត់ធ្មត់នឹងទង្វើចិនក្នុងសមុទ្រចិនខាងត្បូងបន្តទៀតបាន នៅថ្ងៃទី ២៨ ខែមីនា បានប្រើពាក្យធ្ងន់ៗថា ហ្វីលីពីននឹងប្រឆាំងបកលើការវាយប្រហារខុសច្បាប់ ការបង្ខិតបង្ខំ ការឈ្លានពាន និងគ្រោះថ្នាក់ណាមួយ ដោយឆ្មាំឆ្នេរសមុទ្រចិន។ ជាការឆ្លើយតប ក្រសួងការពារជាតិចិន បានប្រកាសការពារដែនអធិបតេយ្យ និងជំទាស់ជាថ្មីពីការលូកដៃរបស់អាម៉េរិក។

 
ការបាញ់ទឹកពីនាវាល្បាតចិន លើទូកហ្វីលីពីន ដែលដឹកស្បៀងទៅកាន់ប៉ុស្តិ៍យោធានៅតំបន់ Second Thomas Shoal បានក្លាយជាចំណុចដ៏ក្តៅរវាងភាគីទាំងទាំងពីរនៅរយៈពេលចុងក្រោយនេះ។ ប៉ុស្តិ៍យោធាហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូងនោះ ជានាវាចាស់មួយគ្រឿង ដែលចិនបានទាមទារឱ្យដកចេញជាច្រើនលើក។ ការបាញ់ទឹក និងសកម្មភាពរបស់នាវាល្បាតចិនផ្សេងទៀត បានធ្វើឱ្យថ្នាក់ដឹកនាំក្រុងម៉ានីល ប្រតិកម្មយ៉ាងខ្លាំង។ 
 
«យើងមិនស្វែងរកជម្លោះជាមួយប្រជាជាតិណាមួយឡើយ ឬប្រជាជាតិដែលអះអាងថាជា​ មិត្តរបស់យើង ប៉ុន្តែពួកយើងនឹងមិនសំងំនៅស្ងៀម ចុះចូល ឬស្ដាប់បង្គាប់ឡើយ»។ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr.  បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកបែបនេះនៅថ្ងៃទី២៨ ខែមីនា។ 
 
ទន្ទឹមនឹងប្តេជ្ញាការពារដែនអធិបតេយ្យឱ្យបានល្អ មេដឹកនាំហ្វីលីពីន បានព្រមានប្រឆាំងតបនឹងការវាយប្រហារដែលបង្កឱ្យមានគ្រោះថ្នាក់ ខុសច្បាប់ ខ្លាំងក្លា និងបែបគំរាមសម្លុតប្រទេសដទៃ។ 
 
ក្រោយប្រតិកម្មដ៏ខ្លាំងពីហ្វីលីពីន អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian នៅថ្ងៃដដែល មាន ប្រសាសន៍ថា ហ្វីលីពីនជាអ្នកបង្កភាពល្អក់កកររវាងភាគីតាំងពីរ ហើយក៏កំពុងពឹងផ្អែកលើការ គាំទ្រពីកងកម្លាំងខាងក្រៅ។ អ្នកនាំពាក្យរូបនេះ បានចាត់ទុកហ្វីលីពីន បានបញ្ចេញព័ត៌មានមិនពិត និងរំលោភអធិបតេយ្យភាពរបស់ខ្លួនថែមទៀត។ 
 
នៅចំពោះមុខអ្នកសារព័ត៌មាន មន្រ្តីចិនបានប្រកាសឆ្លើយតបដោយស្របច្បាប់ ខ្លាំងក្លា និងប្រកបដោយការរឹតត្បិត។ បើតាមលោក Wu ការបង្កហេតុរបស់ហ្វីលីពីន មានតែធ្វើឱ្យមានហានិភ័យប៉ុណ្ណោះ។  បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្តេជ្ញាថា ទីក្រុងប៉េកាំងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។ 
 
សូមបញ្ជាក់ថា អរិភាពរវាងក្រុងម៉ានីល និងក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង ចាប់ផ្តើមកើនឡើងខ្លាំងនៅពេល ហ្វីលីពីន អនុញ្ញាតឱ្យយោធាអាម៉េរិកមានសិទ្ធិច្រើនជាងមុន, ការពង្រីកសមយុទ្ធរួមគ្នាដើម្បីរួមបញ្ចូលការ ល្បាតតាមសមុទ្រ និងផ្លូវអាកាសលើសមុទ្រចិនខាងត្បូង។ កន្លងមករដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បានប្តេជ្ញាជាថ្មី ចំពោះសន្ធិសញ្ញាការពារទៅវិញទៅមកឆ្នាំ ១៩៥១ ជាមួយហ្វីលីពីន ហើយបានរិះគន់ថាជាសកម្មភាពរបស់ចិនដែលបង្កឱ្យមានគ្រោះថ្នាក់៕ 

© រក្សាសិទ្ធិដោយ thmeythmey.com