ជាតិ
វីដេអូ
ស្ត្រីឆ្នើម សោភា ចង់បង្កើតក្រុមគោលដៅបន្ថែម ដើម្បីបញ្ជ្រាបចំណេះដឹងពីការប្រែប្រួលអាកាសធាតុ
29, Mar 2024 , 11:40 am        
រូបភាព
លោកស្រី ជុំ កេសាសោភា សមាជិកបណ្ដាញស្ត្រីឆ្នើមប្រចាំខេត្តកំពង់ធំ។
លោកស្រី ជុំ កេសាសោភា សមាជិកបណ្ដាញស្ត្រីឆ្នើមប្រចាំខេត្តកំពង់ធំ។
កំពង់ធំ៖ លោកស្រី ជុំ កេសាសោភា​ ដែលជាសមាជិកបណ្ដាញស្ត្រីឆ្នើមប្រចាំខេត្តកំពង់ធំ តែងតែចុះ បញ្ជ្រាបចំណេះដឹងដល់ពលរដ្ឋក្នុងខេត្ត ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ដើម្បីឱ្យពួកគេបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងចេះបង្ការពីគ្រោះអាសន្ន។

បណ្ដាញស្ត្រីឆ្នើម មាននៅខេត្តចំនួន៤ គឺខេត្តពោធិ៍សាត់ កំពត កោះកុង និងកំពង់ធំ ដែលមានសមាជិកទាំងអស់២៤រូប។ បណ្ដាញស្រ្តីឆ្នើមនៅក្នុងខេត្តកំពង់ធំ មានចំនួន៥ក្រុម តែងតែចុះជួយជ្រោមជ្រែងពលរដ្ឋ ពិសេសស្ត្រី ក្នុងស្រុកស្ទោង កំពង់ស្វាយ និងក្រុងស្ទឹងសែន។ នេះបើតាម លោកស្រី សោភា ប្រាប់ដល់ក្រុមសង្គមស៊ីវិល និងសារព័ត៌មានថ្មីៗ នៅសាលាឃុំកំពង់ចិនជើង ស្រុកស្ទោង។ 
 
សូមអញ្ជើញទស្សនាកិច្ចសម្ភាស រវាងសារព័ត៌មានថ្មីៗនិងស្ត្រីឆ្នើម៖ 

 
លោកស្រី សោភា ជាស្ត្រីឆ្នើមម្នាក់ ប្រចាំខេត្តកំពង់ធំ អះអាងប្រាប់សារព័ត៌មានថ្មីៗថា ក្រុមខ្លួនមានបំណងចង់ឱ្យសហគមន៍ពោរពេញដោយពណ៌បៃតង ដែលកើតចេញពីដំណាំដាំដុះរបស់ពលរដ្ឋ។ ស្ត្រីឆ្នើមរូបនេះ តែងចុះ លើកកម្ពស់សមត្ថភាព និងជីវភាពស្ត្រីក្នុងសហគមន៍ឱ្យបានល្អប្រសើរ 
ពិសេស គឺបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុ។ 
 
«យើងបង្រៀនឱ្យគាត់ចេះដាំដុះ ហើយឱ្យពួកគាត់ចេះបង្ការខ្លួនរាល់ពេលមានគ្រោះមហន្តរាយ ឱ្យចេះត្រៀមស្បៀងអាហារ ថ្នាំពេទ្យ និងចេះអនាម័យ…ហើយពេលមានគ្រោះអាសន្នក្រុមស្ត្រីយើងសកម្មណាស់ ពិសេសជួយដល់ស្ត្រីមានផ្ទៃះពោះ មនុស្សចាស់ជាដើម»។ នេះជាការងារដែលលោកស្រី សោភា បានធ្វើកន្លងមក ។
លោកស្រី មានបំណង ចង់បង្កើតបណ្ដាញស្ត្រីបន្ថែមទៀត ដើម្បីបន្តបញ្ជ្រាបចំណេះដឹងពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋាន។ 
 
បើតាមលោកស្រី សោភា ការងារជាអ្នកចុះបញ្ជ្រាបចំណេះដឹងពលរដ្ឋតាមមូលដ្ឋាននេះ មានបញ្ហាលំបាកមួយ គឺត្រូវចុះទៅតាមតំបន់ដាច់ស្រយាល និងខ្វះខាតថវិកា ដើម្បីគាំទ្រដល់ស្ត្រីឆ្នើមផងដែរ៕ 

Tag:
 ស្ត្រីឆ្នើម
© រក្សាសិទ្ធិដោយ thmeythmey.com