សេដ្ឋកិច្ច
អន្តរជាតិ
អាម៉េរិកបញ្ចេញថវិកា ៦០លានដុល្លារ ដើម្បីជួសជុលស្ពានបាក់រលំនៅក្រុងBaltimore
29, Mar 2024 , 12:10 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
រដ្ឋាភិបាលអាម៉េរិក នៅថ្ងៃទី២៨ ខែមីនា បានបញ្ចេញថវិកា ៦០លានដុល្លារពីមូលនិធិបន្ទាន់ រដ្ឋ Maryland ដើម្បីជួសជុលស្ពាន Francis Scott Key ដែលបានបុកដោយកប៉ាលដឹកទំនិញមួយគ្រឿង និងសម្អាតកម្ទេចកម្ទីនៅក្នុងទន្លេ។

ស្ពាន Francis Scott Key បានដួលរលំនៅព្រឹកថ្ងៃទី២៦ ខែមីនា​ នៅពេលនាវា Dali ប្រវែង ៣០០ម៉ែត្របានផ្ទុកកុងតឺន័ររាប់សិបគ្រឿងឆ្ពោះទៅកាន់ទ្វីបអាស៊ីស្រាប់តែជាប់គាំងហើយបានទៅបុកធ្នឹមស្ពាន។ ស្ពានដែកទាំងមូលបានដួលរលំភ្លាមៗក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយបានបង្អាក់សកម្មភាពកំពង់ផែពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់អាម៉េរិក។ 
 
ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពកម្មករសំណង់២នាក់ ខណៈមនុស្ស៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ហេតុការណ៍​នេះ​កើត​ឡើង​ពេល​កម្មករ​សំណង់​កំពុង​បំពេញ​ការងារ​ជួសជុល​ស្ពាន។ 
 
អភិបាលរដ្ឋ Maryland លោក Wes Moore បានស្នើឱ្យរដ្ឋាភិបាលអាម៉េរិកជួយឧបត្ថម្ភថវិកាចំនួន ៦០លានដុល្លារអាមេរិក ដើម្បីជុសជុល និងសាងសង់ស្ពានឡើងវិញ។ ប៉ុន្មានម៉ោងបន្ទាប់ពីទទួលបានសំណើរបស់អភិបាលលោក Wes Moore រដ្ឋបាលផ្លូវល្បឿនលឿនសហព័ន្ធក្រោមក្រសួងដឹកជញ្ជូនអាម៉េរិកបានអនុម័តភ្លាមៗ។ 
 
ការផ្តល់មូលនិធិនេះ ជាធម្មតាត្រូវចំណាយពេលច្រើនថ្ងៃ។ យ៉ាងណាមិញ នៅថ្ងៃទី ២៦ខែមីនា លោកប្រធានាធិបតី ចូ បៃឌិន បាននិយាយថា លោកបានដឹកនាំរដ្ឋាភិបាលសហព័ន្ធឱ្យខិតខំប្រឹងប្រែងដើម្បីសាងសង់ស្ពានឡើងវិញយ៉ាងឆាប់រហ័ស។  
 
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែល លោកអភិបាលរដ្ឋ Wes Moore បានសង្កត់ធ្ងន់ថា អាទិភាពកំពូលគឺស្វែងរកកម្មករសំណង់ដែលបាត់ខ្លួន បន្ទាប់មកសង្ឃឹមថានឹងអាចសម្អាតស្ពានដែលបាក់រលំ ដើម្បីឲ្យប្រតិបត្តិការដឹកជញ្ជូនតាមសមុទ្រអាចដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។ 
 
លើសពីនេះ ត្រូវទំនុកបំរុងកម្មករ និងគ្រួសារដែលរងផលប៉ះពាល់ដោយសោកនាដកម្មនេះ ហើយជាចុងក្រោយ​ត្រូវ​សាងសង់​ស្ពាន​ឡើង​វិញ​។ ទោះជាយ៉ាងណាក៏ដោយ ជាដំបូងអ្នកជំនាញមួយក្រុមត្រូវតែវាយតម្លៃពីរបៀបយកនាវា Dali ដឹកកុងតឺន័ររាប់ពាន់គ្រឿងដែលជាប់គាំងចេញពីសសរស្ពាន និងផ្នែកដែលដួលរលំជាមុនសិន។ នេះបើតាមលោក Wes Moore ។ 
 
បើតាមកាសែត The Hill បានដកស្រង់ប្រភពពីមន្ត្រីសហព័ន្ធ តម្លៃប៉ាន់ស្មាននៃការសាងសង់ស្ពានឡើងវិញអាចមានចំណាចយ៉ាងហោចណាស់ ២ពាន់លានដុល្លារ។ បន្ថែមពីនេះ ការខាតបង់សេដ្ឋកិច្ចពីការបិទកំពង់ផែក្នុងទីក្រុង Baltimore ក្នុងរយៈពេលមួយខែអាចខាតដល់ ២៨លានដុល្លារ៕

Tag:
 អាម៉េរិក
  ស្ពាន
  Francis Scott Key
© រក្សាសិទ្ធិដោយ thmeythmey.com