ជាតិ
ព្រែកកំពង់ស្មាច់ ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាតំបន់គ្រប់គ្រងជលផលសមុទ្រ
29, Mar 2024 , 4:30 pm        
រូបភាព
រូបពី Prek Kampong Smach MFMA
រូបពី Prek Kampong Smach MFMA
ភ្នំពេញ៖ ព្រែកកំពង់ស្មាច់​ ជាង១ម៉ឺនហិកតា ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាតំបន់គ្រប់គ្រងជលផលសមុទ្រ។ ការបង្កើតបែបនេះ ធ្វើឡើងក្នុងគោលបំណងធានាបានការគ្រប់គ្រងជីវៈចម្រុះប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់ជីវភាពពលរដ្ឋ តាមរយៈការនេសាទ និងវិស័យអេកូទេសចរណ៍។ 

ព្រែកកំពង់ស្មាច់ មានផ្ទៃដីសរុប១០.៩២៣ហិកតា គ្របដណ្តប់ដោយព្រៃកោងកាង២.៨៧៦ហិកតា ស្មៅសមុទ្រប្រមាណ២ហិកតា។ តំបន់នេះ មានសក្តានុពលខ្ពស់លើធនធានជលផល ជាពិសេសក្តាមថ្ម គ្រែងឈាម និងពពួកត្រីមានតម្លៃជាច្រើនប្រភេទ ព្រមទាំងមានសក្តានុពលលើវិស័យអេកូទេសចរណ៍ ផងដែរ។ 
  


នៅក្នុងកម្មវិធីប្រកាស «ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ» កាលពីថ្ងៃទី២៨មីនា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា​ ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រនេះ នឹងជួយពង្រឹងការគ្រប់គ្រងជលផល ជីវៈចម្រុះសមុទ្រ ដែលជាប្រភពចំណីអាហារមិនចេះរីងស្ងួត នៅតំបន់ព្រែកកំពង់ស្មាច់ ប្រកបដោយនិរន្តរភាព និងធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ឱ្យកាន់តែប្រសើរឡើង។
 
លោក ជឿជាក់ថា ប្រសិនបើគ្រប់គ្រងជលផលសមុទ្របានល្អ វានឹងផ្ដល់ផលប្រយោជន៍ដល់ការនេសាទរបស់ពលរដ្ឋ, លើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ 
  


មុនឈានដល់ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ បានជួបបញ្ហាប្រឈមជាច្រើន ពាក់ព័ន្ធនឹងការអភិរក្សធនធានជលផល និងជីវៈចម្រុះក្នុងសមុទ្រ។ ការដាក់ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ គឺជាជោគជ័យមួយសម្រាប់ខេត្តព្រះសីហនុ ប៉ុន្តែ ទាមទារឱ្យអ្នកមានជំនាញ និងពលរដ្ឋក្នុងសហគមន៍រួមគ្នាអភិរក្សកាន់តែខ្លាំងបន្ថែមទៀត។ ចំពោះ បុគ្គលគ្មានស្មារតីអភិរក្ស មិនត្រូវអនុញ្ញាតឱ្យរស់នៅក្នុងតំបន់ការពារជលផលសមុទ្រនេះទេ។ លោក គួច ចំរើន លើកឡើងបែបនេះ។  
  


លោក ថ្លែងដូច្នេះថា៖«យើងអាចចាត់ទុកជាជោគជ័យមួយ ដែលបានដាក់ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រក្នុងខេត្តរបស់យើង ប៉ុន្តែ ទាមទារអ្នកមានជំនាញ ចំណេះដឹង និងបងប្អូននៅក្នុងសហគមន៍រួមគ្នាដឹកនាំចាត់ចែងថែរក្សា អភិរក្សបន្តទៀត។ ចំពោះបុគ្គលគ្មានស្មារតីអភិរក្ស មិនអនុញ្ញាតិឱ្យរស់នៅក្នុងតំបន់ការពារជលផលសមុទ្រទេ»។ 
 
អភិបាលខេត្តព្រះសីហនុរូបនេះ បានណែនាំឱ្យប្រជាសហគមន៍រួមគ្នាថែរក្សាព្រៃកោងកាងឱ្យបានល្អ ជាពិសេសត្រូវកែច្នៃ ឬពង្រីកផ្ទៃដីដាំដុះកោងកាង ដើម្បីទាក់ទាញទេសចរ។ ដោយឡែក ផលនេសាទដែលប្រជានេសាទរកបានពីតំបន់អភិរក្ស គឺជាផ្នែកមួយជួយសេដ្ឋកិច្ចសហគមន៍៕ 

Tag:
 ព្រែកកំពង់ស្មាច់
  ព្រះសីហនុ
  គួច ចំរើន
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com