អន្តរជាតិ
ICJបញ្ជាអុីស្រាអែលធានាការផ្តល់ជំនួយមនុស្សធម៌ទៅកាហ្សាជាបន្ទាន់
29, Mar 2024 , 6:00 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី២៨ ខែមីនា បានបញ្ជាឱ្យអុីស្រាអែល បើកផ្លូវជំនួយមនុស្សធម៌ជាបន្ទាន់ នៅកាហ្សា ដែលប្រជាជនកំពុងតែខ្វះអាហារបរិភោគខ្លាំង។ ការចេញបទបញ្ជានេះធ្វើឡើងក្រោយ មានការប្រយុទ្ធគ្នាបន្តបន្ទាប់ ទោះបីជាមានសេចក្តីសម្រេចពីអង្គការសហប្រជាជាតិ។

 
ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ សម្រេចជាឯកច្ឆ័ន្ទ បញ្ជាអុីស្រាអែលឱ្យចាត់វិធានការចាំបាច់ និងមានប្រសិទ្ធិភាព ដើម្បីធានាការផ្គត់ផ្គង់ស្បៀងអាហារ ដល់ជនជាតិប៉ាឡេស្ទីន ដែលនៅក្នុងកាហ្សា។ តុលាការព្រមានអុីស្រាអែលឱ្យចាត់វិធានការជាបន្ទាន់ ដោយគ្មានការពន្យាពេល។ សេចក្តីសម្រេចនេះ ធ្វើឡើងជាផ្នែកមួយនៃបទចោទរបស់អាហ្រ្វិកខាងត្បូងដាក់ទៅកាន់តុលាការប្រឆាំងអុីស្រាអែល ពីបទប្រល័យពូជសាសន៍។ 
 
«ជនជាតិប៉ាឡេស្ទីននៅកាហ្សា លែងប្រឈមមុខនឹងហានីភ័យគ្រោះទុរភិ្សហើយ ព្រោះគ្រោះទុរភិ្សកំពុងតែមាន»។ តុលាការដែលមានមូលដ្ឋាននៅក្រុងឡាអេ បានបញ្ជាក់បែបនេះ ដោយបន្តថា អុីស្រាអែល ត្រូវតែចាត់វិធានការគ្រប់យ៉ាង ដើម្បីផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់កាហ្សា។ 
 
ជម្លោះដែលផ្តើមនៅខែតុលា ឆ្នាំ២០២៣ បានធ្វើឱ្យមានអ្នកស្លាប់ជាច្រើនម៉ឺននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ក្នុងជម្លោះមួយនេះ ប្រជាជនជាង ៣ម៉ឺននាក់នៅក្នុងតំបន់កាហ្សា បានបាត់បង់ជីវិត ខណៈប្រជាជនអុីស្រាអែលមានប្រមាណជាង ១ពាន់នាក់។ 
 
ប៉ុន្មានខែមុន អាហ្វ្រិកខាងត្បូង បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយចោទប្រកាន់អុីស្រាអែល ពីបទប្រព្រឹត្តប្រល័យពូជសាសន៍។ ការចោទប្រកាន់អុីស្រាអែលនេះ សំដៅលើការបំពានកាតព្វកិច្ច ក្រោមអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៨។ 
 
អាហ្វ្រិកខាងត្បូងទាមទារឱ្យតុលាការបញ្ជាបទឈប់បាញ់នៅកាហ្សាជាបន្ទាន់។ នៅពាក់កណ្តាលខែមករា តុលាការកំពូលនេះ បញ្ជាឱ្យអុីស្រាអែលធ្វើអ្វីគ្រប់យ៉ាង ដើម្បីមិនឱ្យមានការប្រល័យពូជសាសន៍ និងត្រូវតែអនុញ្ញាតឱ្យមានជំនួយចូលទៅក្នុងកាហ្សា។ ប៉ុន្តែសង្គ្រាមនៅតែអូសបន្លាយជាបន្ត។ 
 
ផ្ទុយមកវិញ អុីស្រាអែលច្រានចោលការចោទប្រកាន់របស់អាហ្វ្រិកខាងត្បូងទាំងស្រុង។ ប្រទេសនេះបន្តថា អាហ្វ្រិកខាងត្បូង កំពុងកេងប្រវ័ញ្ចលើនីតិវិធីតុលាការ។ អាហ្វ្រកខាងត្បូងជំរុញឱ្យមានវិធានការបន្ទាន់ ដើម្បីជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីន ដែលបានស្លាប់ដោយសារការអត់ឃ្លាន។ 
 
ទន្ទឺមនេះ ជម្លោះប្រដាប់អាវុធ នៅតែបន្តក្នុងកាហ្សា។ ទោះបីជាក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ចេញសេចក្តីសម្រេចឱ្យមានបទឈប់បាញ់ ក៏មិនមានប្រសិទ្ធិភាព។ យ៉ាងណាវិញ អុីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់រ៉ាហ្វា ដែលពោរពេញទៅដោយជនជាតិប៉ាឡេស្ទីនកំពុងតែជ្រកកោន។ គម្រោងវាយប្រហារលើរ៉ាហ្វានេះគឺមានការប្រឆាំងច្រើន ជាពិសេសគឺអាម៉េរិក ដែលមានកង្វល់ធំលើ សភាពមនុស្សធម៌។ 
 
តាមការបញ្ជាក់របស់ក្រុមវេជ្ជបណ្ឌិតគ្មានព្រំដែន Médecins Sans Frontières (MSF)  បទឈប់បាញ់មិនអាចទៅរួចទេ ក្រោយឃើញថាគ្មានការបញ្ឈប់វាយប្រហារគ្នាទេ។ លើសពីនេះ អង្គការសហប្រជាជាតិព្រមានពីគ្រោះទុរភិ្សដែលខិតកាន់តែជិតហើយ ដោយប្រព័ន្ធសុខាភិបាលនៅកាហ្សាកំពុងតែដួលរលំ៕ 

Tag:
 (អុីស្រាអែល កាហ្សា ICJ)
© រក្សាសិទ្ធិដោយ thmeythmey.com