ជាតិ
អ្នកជំនាញប្រពៃណីខ្មែរ ថា ការឱ្យកូនក្រមុំ លាងជើងកូនកំលោះ ជាការប្រព្រឹត្តិខុសទំនៀមបុរាណ
01, Apr 2024 , 8:39 am        
រូបភាព
ភ្នំពេញ៖ ទំនៀមនៃការលាងជើងឱ្យកូនកំលោះ ក្នុងកិច្ចពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរពីបុរាណ គឺគេយកក្មេងប្រុស ឬក្មេងស្រី ដែលមានអាយុ១០ឆ្នាំចុះ។ ចំពោះការអនុវត្ត ដែលឱ្យកូនក្រមុំ ទៅលាងជើងឱ្យកូនកំលោះនោះ គឺជាការប្រព្រឹត្តិខុស ដោយរំលងប្រពៃណី កាត់ខាន់ស្លា។


 
មុនពេលកិច្ចពិធីកាត់ខាន់ស្លា គឺតម្រូវឱ្យកូនក្រមុំ និងកូនកំលោះ ធ្វើកិច្ចពិធីផ្សេងគ្នា។ កិច្ចខ្លះ គេត្រូវធ្វើទោល មានន័យថា កិច្ចនោះ គេធ្វើចំពោះតែខាងកូនក្រមុំ ឬតែខាងកូនកំលោះប៉ុណ្ណោះ។ 
 
កិច្ចខ្លះគេត្រូវធ្វើញែក មានន័យថា កូនក្រមុំក៏ធ្វើកិច្ចនោះ ហើយកូនកំលោះក៏ធ្វើកិច្ចនោះ ប៉ុន្តែគេមិនធ្វើរួមគ្នាឡើយ។ ចំណែកកិច្ចខ្លះទៀត គេត្រូវធ្វើរួមគ្នា(កិច្ចរួម) មានន័យថា ដំណាក់កាលនេះ គេបានធ្វើកិច្ចពិធីកាត់ខាន់ស្លារួចរាល់ហើយ។ ក្រោយធ្វើកិច្ចពិធី បង្វិលពពិលរួចរាល់ គេឈប់ប្រើពាក្យកូនក្រមុំ កូនកំលោះទៀតហើយ គឺគេប្រែមកហៅ គូស្វាមីភរិយាថ្មី វិញ។
លោកអាចារ្យ វ៉ាយ វិបុល ដែលតែងតែហ្មត់ចត់ ក្នុងកិច្ចពិធីរៀបអាពាហ៍ពិពាហ៍ ដោយពុំឱ្យរំលង ទំនៀមបុរាណ នឹងបកស្រាយកិច្ចពិធីខ្លះៗ ដែលជាប់ទាក់ទងនឹង ពិធីលាងជើងកូនកំលោះ តាមលំដាប់លំដោយ ឱ្យអស់លោកងាយយល់។ 
 
ដូច្នេះ សូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន ជាមួយលោកអាចារ្យ វ៉ាយ វិបុល ជាអ្នកសិក្សាស្រាវជ្រាវ ផ្នែកប្រពៃណីទំនៀមទម្លាប់ខ្មែរ ដោយការត្រិះរិះពិចារណារៀងៗខ្លួន៖
 


 
បើតាមលោកអាចារ្យ វ៉ាយ វិបុល ប្រពៃណីដែលឱ្យកូនក្រមុំ ទៅលាងជើងកូនកំលោះនេះ ទើបតែកើតឡើង ក្នុងសម័យឥស្សរៈ(សម័យមុនទទួលបានឯករាជ្យជាតិពីបារាំង) ប៉ុណ្ណោះ។ ហើយដំណើរដើមទង នៃការកើតទំនៀមនោះឡើង ក៏ជារឿងមិនគួរគប្បីផង។ លោកអាចារ្យ វ៉ាយ វិបុល ថាតាំងពីបុរាណ ខ្មែរកាន់របបមាតាអធិបតី គឺមានន័យថា ខ្មែរឱ្យតម្លៃស្ត្រីជាធំ។ ដូច្នេះទំនៀម នៃការដែលឱ្យកូនក្រមុំ ទៅលាងជើងកូនកំលោះនោះ ជាការដែលធ្វើខុស យ៉ាងធ្ងន់ធ្ងរ ព្រោះពួកគេពុំទាន់បានក្លាយជា ប្ដីប្រពន្ធនៅឡើយ។

លោកអាចារ្យ វ៉ាយ វិបុល ជាអ្នកសិក្សាស្រាវជ្រាវ ផ្នែកប្រពៃណីទំនៀមទម្លាប់ខ្មែរ
 
លោកអាចារ្យ ដែលតែងតែទើសទាស់ នឹងការប្រព្រឹត្តិប្រពៃណី ដែលពុំមានមូលដ្ឋាន ស្រាវជ្រាវច្បាស់លាស់រូបនេះ យល់ថា ហេតុដែលប្រពៃណីខ្មែរមួយចំនួន ប្រព្រឹត្តិទៅ មានការខុសឆ្គងដោយអន្លើនោះ ក៏ដោយសារតែរដ្ឋាភិបាល មិនបានរៀបចំកម្មវិធីសិក្សា ពីទំនៀមទម្លាប់ខ្មែរ ឱ្យសិស្សានុសិស្សបានរៀន។ 
 
«ប្រពៃណី មិនមានដាក់ឱ្យសិស្សរៀន ដោយផ្ញើវាសនាតែលើអាចារ្យ ទើបបានជាការធ្វើកិច្ចអ្វីមួយ ទោះតែខុស ក៏ពុំសូវមានអ្នកដឹងនិងកែ។ រដ្ឋាភិបាល គួរតែបើកសាលាបង្រៀនខាងប្រពៃណី និងទំនៀមទម្លាប់ ក្នុងសាលារដ្ឋតែម្ដង ដើម្បីឱ្យកូនខ្មែរចេះដឹង»។ នេះជាការស្នើសុំ របស់លោកអាចារ្យ វ៉ាយ វិបុល។
 
លោកអាចារ្យ វ៉ាយ វិបុល បន្ថែមថា រដ្ឋាភិបាល ត្រូវមានសាស្ត្រាចារ្យ វិភាគរកហេតុផល ខ្លឹមសារ និងសម្រស់ នៃពីធីកម្មនីមួយៗ ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងអនុម័តដាក់ឱ្យអនុវត្ត កិច្ចពិធីណាមួយ។ លោកថា ទាល់តែរកឃើញអត្ថរូប អត្ថរស និងអត្ថន័យ ក្នុងកិច្ចពិធីនីមួយៗ ទើបប្រពៃណីខ្មែររឹងមាំ៕ 



Tag:
 វប្បធម៌
  ប្រពៃណី
  អាពាហ៍ពិពាហ៍
  លាងជើង
  ទំនៀម
  ទម្លាប់
  កូនក្រមុំ
  កូនកំលោះ
© រក្សាសិទ្ធិដោយ thmeythmey.com