សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារធំៗចិន ព្រមានការកើនឡើងបំណុលពីវិបត្តិអចលនទ្រព្យ
01, Apr 2024 , 11:03 am        
រូបភាព
គំរូលំនៅឋាននៅខេត្ត Liaoning ប្រទេសចិន។ រូបភាព​ ​​៖ China Daily
គំរូលំនៅឋាននៅខេត្ត Liaoning ប្រទេសចិន។ រូបភាព​ ​​៖ China Daily
វិបត្តិរយៈពេលជិត ៣ឆ្នាំនៅក្នុងទីផ្សារអចលនទ្រព្យចិនកំពុងធ្វើឱ្យបំណុលអាក្រក់របស់ធនាគារធំៗចិនកើនឡើងយ៉ាងខ្លាំង។

 
ធនាគាររដ្ឋធំៗនៅចិនចំនួន៤ រួមមានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន(ICBC) ធនាគារសំណង់ចិន (CCB) ធនាគារកសិកម្មចិន (ABC) និងធនាគារនៃប្រទេសចិន (BOC) បានបង្ហាញតួលេខនៃកើនឡើងបំណុលអាក្រក់យ៉ាងខ្លាំង។ បំណុលអាក្រក់ ឬបំណុលពិបាកទារនៅធនាគារទាំងបួននេះបានកើនឡើង ១០,៤ភាគរយកាលពីឆ្នាំមុនដល់ ១២៣០ពាន់លានយ័ន (១៧០ពាន់លានដុល្លារ)។
 
ធនាគារទាំងនេះបាននិយាយថា បំណុលអាក្រក់មិនប៉ះពាល់ដល់ប្រាក់ចំណេញសុទ្ធទេ ដោយសារមានវិធានការត្រៀមទុកមុន។ បច្ចុប្បន្ន ធនាគារក៏កំពុងរឹតបន្តឹងការគ្រប់គ្រងហានិភ័យ នៅពេលផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនអចលនទ្រព្យ។ យ៉ាងណាមិញ ធនាគារព្រមានថាហានិភ័យនៃការរាលដាលកំពុងតែលេចឡើង។
 
បំណុលអាក្រក់សរុបទាក់ទងអចលនទ្រព្យនៃធនាគារទាំងបួននេះក្នុងឆ្នាំ២០២៣ មានចំនួន ១៨៣,៩ពាន់លានយ័ន ដែលកើនឡើង ៣ពាន់លានយ័នបើធៀបនឹងឆ្នាំមុន។ ធនាគារសំណង់ចិន (CCB) និងធនាគារកសិកម្មចិន បានកត់ត្រាបំណុលកើនឡើង ៤៣,៣ភាគរយនិង ១,២៥ភាគរយរៀងគ្នា ខណៈបំណុលអាក្រក់នៅក្នុងវិស័យអចលនទ្រព្យរបស់ ICBC និង BOC បានថយចុះ។
 
នៅថ្ងៃទី២៨ ខែមីនា លោក Zhang Xuguang នាយករងធនាគារ ABC បាននិយាយថា ៖« ចាប់ពីដើមឆ្នាំរហូតមកពេលនេះ បំណុលអាក្រក់បានកើនឡើង ១០,៩៦ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដល់ ៣០០ពាន់លានយ័ន។ ភាគច្រើនដោយសារតែការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនអចលនទ្រព្យ និងរដ្ឋាភិបាលក្នុងតំបន់» ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។ 
 
ធនាគារឈានមុខគេចំនួនពីរផ្សេងទៀតនៅចិនក៏បានព្រមានដែរថា បំណុលអាក្រក់នឹងបន្តកើនឡើង ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចបានគំរាមកំហែងការងារ និងការធ្លាក់ចុះតម្លៃទ្រព្យសកម្មប៉ះពាល់ដល់អគារដែលដាក់បញ្ចាំទៅធនាគារ។ រដ្ឋាភិបាលក្នុងតំបន់ក៏កំពុងមានការលំបាកខ្លាំងឡើងក្នុងការសងបំណុល ដោយសារមិនអាចពឹងលើប្រាក់ចំណូល់ពីការលក់ដីធ្លីដូចពីមុន។
 
«យើងមើលឃើញពីហានិភ័យនៃការរាលដាល និងសម្ពាធពីវិស័យអចលនទ្រព្យ»។ នេះបើតាមលោក Zhu Jiangtao នាយកគ្រប់គ្រងហានិភ័យនៅធនាគារ Merchants Bank ដែលជាធនាគារលក់រាយឈានមុខគេនៅចិន។
 
Merchants Bank បានកត់ត្រាការកើនឡើងជិត ១២ភាគរយនៃបំណុលអាក្រក់ផ្នែកអចលនទ្រព្យកាលពីឆ្នាំមុន ដល់ ១៧,២ពាន់លានយ័ន។
 
លើសពីនេះ​ Bank of Communications  ក៏បានព្រមានថា សម្ពាធពីវិស័យអចលនទ្រព្យនឹងបន្តកើនឡើង។ បំណុលអាក្រក់ផ្នែកអចលនទ្រព្យរបស់ធនាគារនេះបានកើនឡើង ៦៧ភាគរយកាលពីឆ្នាំមុន ដល់ ២៤,៤ពាន់លានយ័ន។
 
គួរបញ្ជាក់ថា វិស័យអចលនទ្រព្យនៅចិនបានធ្លាក់ក្នុងវិបត្តិចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២១ ដោយសារគោលនយោបាយកាត់បន្ថយប្រាក់កម្ចីដែលធ្វើឲ្យអ្នកអភិវឌ្ឍជាច្រើនបានក្ស័យធន។ ក្រុមហ៊ុនខ្លះ​ស្ថិត​ក្នុង​ដំណើរ​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ។ ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ មន្ត្រី​ចិន​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​បន្តបន្ទាប់​ដើម្បី​គាំទ្រ​ទីផ្សារ​នេះ។
 
China Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេទីពីរនៅចិន កំពុងស្ថិតក្នុងដំណើរការរំលាយទ្រព្យសម្បត្តិដើម្បីទូទាត់បំណុលចំនួន ៣០០ពាន់លានដុល្លារ។ Country Garden ដែលជាក្រុមហ៊ុនអចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ប្រទេសនេះ ក៏កំពុងប្រឈមមុខនឹងបញ្ហាលំហូរសាច់ប្រាក់ដែរ៕ 

Tag:
 ចិន
  ធនាគារ
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com