ជាតិ
គ្រូជោគជាំ គ្រូជោគជ័យ! សារ​ផ្លែផ្កា​ដាក់គ្នា​រវាងលោក គួច ម៉េងលី និងលោក សៀវ សុផល
01, Apr 2024 , 2:39 pm        
រូបភាព
(ខាងស្ដាំ) លោក គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងលោក សៀវ សុផល ដែលគេស្គាល់ថា​ ជាគ្រូបណ្តុះបណ្តាល ផ្នត់គំនិតនៃភាពជោគជ័យ។
(ខាងស្ដាំ) លោក គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងលោក សៀវ សុផល ដែលគេស្គាល់ថា​ ជាគ្រូបណ្តុះបណ្តាល ផ្នត់គំនិតនៃភាពជោគជ័យ។
លោក គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងលោក សៀវ សុផល ដែលគេស្គាល់ថា​ ជាគ្រូបណ្តុះបណ្តាល ផ្នត់គំនិតនៃភាពជោគជ័យនោះ បានចេញសារឌឺដងគ្នា ជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាពេលចុងក្រោយនេះ។



អ្នកចម្រៀង «សំឡេងពីរោះ តែច្រៀងខុសMelody» គឺជាសំណេររបស់លោក សៀវ សុផល ដែលសរសេរក្នុងន័យឌឺដងទៅលើលោក គួច ម៉េងលី  ។ ចំណែកពាក្យថា «គ្រូជោគជាំ» ជាងារថ្មីមួយ ដែលលោក គួច ម៉េងលី និយាយផ្លែផ្កាទៅកាន់លោក សៀវ សុផល វិញ។
 
ដើមចមនៃការប្រើពាក្យលែបខាយគ្នានេះ កើតចេញពីសំណេរមួយឃ្លារបស់លោក គួច ម៉េងលី ដែលបានសរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី៣០ មីនា ថា «ភ្លេចសតិមួយគ្រា វេទនាមួយជីវិត»។ ក្នុងន័យនេះ លោក គួច ម៉េងលី បានរៀបរាប់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា​ លោកចង់ពញ្ញាក់អារម្មណ៍ និងដាស់សតិមនុស្សទូទៅ ឱ្យចេះគិតពិចារណាវែងឆ្ងាយ មុននឹងធ្វើអ្វីមួយ ព្រោះបើធ្វើខុសហើយ វានឹងនាំឱ្យប៉ះពាល់ដល់មាគ៌ាជីវិត។ លោក គួច ម៉េងលី អះអាងថា លោកសរសេរទ្រឹស្តីនេះ ដោយសារចង់រំឭកស្មារតីមនុស្សទូទៅ។
 
តែយ៉ាងណាលោក សៀវ សុផល បានសរសេរសារមួយ ភ្ជាប់ជាមួយឃ្លាទ្រឹស្ត្រីខាងលើ និងរូបលោក គួច ម៉េងលី ជាមួយខ្លឹមសារថា «សំឡេងពីរោះ តែច្រៀងខុសMelody»។ គ្រូបណ្តុះបណ្តាល ផ្នត់គំនិតនៃភាពជោគជ័យ ក៏បានសរសេរបន្ថែមលើហ្វេសប៊ុកថា៖«ភ្លេចសតិមួយគ្រា មធ្យមទេ ងំនោះអំពាវនាវសុំអន្តរាគមន៍ សុំជំនួយ រដ្ឋាភិបាលចេញពីវិទ្យុអាស៊ីសេរី និងVOD ដែលសុទ្ធតែជាវិទ្យុប្រឆាំងរដ្ឋាភិបាល ខាតធំជាងវិនិយោគខុសទៅទៀត។ គិតមិនដល់!»។
  


សារព័ត៌មានឌីជីថលថ្មីៗ បានទាក់ទងសុំការពន្យល់បន្ថែមពីលោក សៀវ សុផល ជុំវិញទស្សនៈលើហ្វេសប៊ុកនេះ ប៉ុន្តែគ្រូបណ្ដុះបណ្ដាលផ្នត់គំនិតជោគជ័យរូបនេះ សុំមិនបកស្រាយបន្ថែមឡើយ។
 
កាលពីពេលថ្មីៗនេះ លោក គួច ម៉េងលី បានប្រកាសថា ខ្លួនបានខាតបង់ប្រាក់អស់ ៣០ម៉ឺនដុល្លារ ក្នុងការដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន CIC។ វិទ្យុអាស៊ីសេរី និងសារព័ត៌មានផ្សេងៗទៀត បានស្រង់សម្តីវិនិយោគិនរូបនេះ យកទៅចុះផ្សាយព្រោងព្រាត នាប៉ុន្មានថ្ងៃនេះ។
 
ចំពោះការមិនបកស្រាយរបស់លោក សៀវ សុផល នេះ បានធ្វើឱ្យលោក គួច ម៉េងលី កាន់តែដាក់ការសន្និដ្ឋានថា គ្រូបង្រៀនផ្នត់គំនិតជោគជ័យរូបនេះ កំពុងលាបព័ណ៌ខ្លួន ជាក្រុមប្រឆាំងរដ្ឋាភិបាល។ មូលហេតុដែលនាំឱ្យលោក ម៉េងលី គិតបែបនេះ ដោយសារសំណេររបស់លោក សុផល មានភ្ជាប់ជាមួយឃ្លាថា «វិទ្យុប្រឆាំងរដ្ឋាភិបាល»។
 
«គាត់(សៀវ សុផល) ដូចជាលាបព័ណ៌ខ្ញុំថា ជាបក្សប្រឆាំង ហើយជាមួយវិទ្យុប្រឆាំង។ មានន័យថា ឱ្យតែគេនិយាយជាមួយវិទ្យុ ដែលមិននៅក្នុងស្រុក គឺជាវិទ្យុប្រឆាំងទាំងអស់ ហើយឱ្យតែគេនិយាយពីរឿងការពារប្រជាពលរដ្ឋ ចាត់ទុកគេជាអ្នកប្រឆាំង វាដូចជាខុសខ្លាំងពេក។ ប្រជាជនខ្មែរតែមួយ កុំឱ្យចេះតែលាបព័ណ៌គ្នា កុំចេះតែចោទគ្នា វានាំឱ្យគ្រោះថ្នាក់ដល់ពលរដ្ឋទូទៅ »។ នេះជាការយល់ឃើញរបស់លោក ម៉េងលី។
  


ឆ្លើយតបការលើកឡើងរបស់លោក ម៉េងលី នេះ លោក សៀវ សុផល បានបកស្រាយយ៉ាងខ្លីវិញថា សំណេររបស់លោក គ្មានបំណងចោទ ឬលាបព័ណ៌លោក ម៉េងលី ថា​ ជាក្រុមប្រឆាំងរដ្ឋាភិបាលឡើយ។ «ខ្ញុំសរសេរក្នុងន័យធម្មតាទេ គ្មានន័យអ្វីផ្សេងទេ»។ នេះជាការបកស្រាយរបស់គ្រូបណ្តុះបណ្តាល ផ្នត់គំនិតនៃភាពជោគជ័យ ។
 
ចង់មិនចង់ លោក គួច ម៉េងលី ក៏បានដាក់ងារថ្មី ឱ្យលោក សៀវ សុផល វិញថា «គ្រូជោគជាំ»។ វិនិយោគិនរូបនេះ បានសរសេរឃ្លាយ៉ាងខ្លី តបលោកសៀវ សុផល វិញថា៖«ហ៊ឺ ! គ្រូជោគជាំអើយ រៀនរស់ជាមនុស្សម្នាដូចគេដូចឯងឡើង។ ជីវិត​គឺ​ខ្លី​ណាស់»។
 
សម្រាប់ពាក្យ«គ្រូជោគជាំ»នេះ លោក ម៉េងលី ចង់ផ្ដាំទៅលោក សុផល ថា បើបង្រៀនផ្នត់គំនិតជោគជ័យ គឺបន្តការបង្រៀនទៀតចុះ ប៉ុន្តែកុំដើរបៀតបៀនជាមួយអ្នកដទៃ។ 
 
«ខ្ញុំសុំមិនទទួលយកទេ «ងារគ្រូជោគជាំ» នេះ» ។ នេះជាការឆ្លើយតបរបស់លោក សៀវ សុផល ដែលបានសរសេរលើហ្វេសប៊ុក នាថ្ងៃទី១ មេសានេះថា៖« ខ្ញុំបានប្រកាសខ្លួនឯង ក្នុង Facebook របស់ខ្ញុំថា ខ្ញុំជាគ្រូបណ្តុះបណ្តាល ផ្នត់គំនិតនៃភាពជោគជ័យ មិនមែនជាគ្រូជោគជាំ ដូចអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដាក់ងារឱ្យនោះទេ »។
 
មែនទែនទៅ វិវាទផ្លូវអារម្មណ៍រវាងលោក គួច ម៉េងលី និងលោក សៀវ សុផល នេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ។ មូលហេតុនៃវិវាទផ្លូវចិត្តរវាងបុគ្គលសាធារណៈទាំងពីរនេះ ផ្ដើមចេញពីទស្សនៈផ្ទុយគ្នា លើ«ផ្នត់គំនិតជោគជ័យ» ដោយម្ខាងជាអ្នកបណ្ដុះបណ្ដាលផ្នត់គំនិតជោគជ័យ និងម្ខាងទៀត ជាអ្នកដើរពន្យល់យុវជន ឱ្យយល់ពីអត្ថន័យជោគជ័យពិតប្រាកដ ហើយកុំស្រលាញ់ និងលង់ជឿលើពាក្យជោគជ័យពេក។ នេះបើតាមលោក គួច ម៉េងលី ដែលបានរៀបរាប់ដំណើរដើមទង ដល់សារព័ត៌មានឌីជីថលថ្មីៗ៕ 

Tag:
 គួច ម៉េងលី
  សៀវ សុផល
  វិនិយោគ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com