ជាតិ
ចូលឆ្នាំ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡាន៤៥៥គ្រឿង ដឹកពលរដ្ឋដោយឥតគិតថ្លៃ
02, Apr 2024 , 6:29 pm        
រូបភាព
ពលរដ្ឋជិះរថយន្តក្រុងសាធារណៈ ដែល​រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដឹកពលរដ្ឋទៅស្រុកកំណើត នាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។ រូបភាព៖ សយ រតណ្ណវិសាល
ពលរដ្ឋជិះរថយន្តក្រុងសាធារណៈ ដែល​រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដឹកពលរដ្ឋទៅស្រុកកំណើត នាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។ រូបភាព៖ សយ រតណ្ណវិសាល
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាឱកាសបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ១៦ ខែមេសា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

 
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមរថយន្តក្រុង៤៥៥គ្រឿងនោះ  មាន៦០គ្រឿងសម្រាប់ដឹកពលរដ្ឋធ្វើដំណើរនៅភ្នំពេញ និង៣៩៥គ្រឿងទៀត សម្រាប់ដឹកពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតតាមបណ្ដាខេត្តនានាទូទាំងប្រទេស និងត្រឡប់មកវិញផងដែរ។
 
រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែករថយន្តសម្រាប់ដឹកពលរដ្ឋតាមខ្សែផ្លូវទៅតាមខេត្តនានា និងស្ថានីយចំនួន៧ផ្សេងៗគ្នា។ ក្នុងនោះខេត្តដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង មានចំណតរថយន្តក្រុងនៅស្ថានីយរថយន្តក្រុងវាលស្បូវ (ច្រកចូលបុរីតារាសំណាង) មានរថយន្តក្រុងចំនួន១៧គ្រឿង។ 
 
តាមផ្លូវជាតិលេខ២ គោលដៅទៅខេត្តកណ្ដាល និងតាកែវ មានចំណតរថយន្តក្រុងនៅមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ (មហាវិថីវេងស្រេង ទល់មុខព្រះវិហារយេស៊ូគ្រីស្ទ) មានរថយន្តក្រុង៣គ្រឿង។ 
 
ចំណែកឯផ្លូវជាតិលេខ៣ និងលេខ៤ ឆ្ពោះទៅកំពង់ស្ពឺ កំពត កែប និងព្រះសីហនុ មានចំណតរថយន្តក្រុងនៅស្ថានីយរថយន្តក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស) មានរថយន្តក្រុង១៤គ្រឿង។ 
នៅផ្លូវជាតិលេខ៥ គោលដៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ចំណតរថយន្តក្រុងនៅស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ មានរថយន្តក្រុង១៥៥គ្រឿង។
រីឯផ្លូវជាតិលេខ៦ និងលេខ៧ ឆ្ពោះទៅកំពង់ធំ សៀមរាប កំពង់ចាម និងត្បូងឃ្មុំ មានរថយន្តក្រុង១៧០គ្រឿង ចំណតរថយន្តក្រុងនៅទីតាំងដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលនាងមច្ឆា)។ ចំពោះផ្លូវជាតិលេខ៨ និងលេខ១៣ គោលដៅទៅខេត្តក្រចេះ និងស្ទឹងត្រែង មានរថយន្តក្រុង៣៥គ្រឿង ចំណតនៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។ សម្រាប់ពេលវេលាចេញដំណើររថយន្តក្រុងសាធារណៈ គឺចាប់ពីម៉ោង៦កន្លះព្រឹក ដល់ម៉ោង១១កន្លះព្រឹក៕
 

Tag:
 រថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com