សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អុីតាលី​ចង់​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ចិន​ ក្រោយ​ដកខ្លួន​ពីBRI
05, Apr 2024 , 10:44 am        
រូបភាព
លោក​ Antonio Tajani រដ្ខមន្រ្តីការបរទេសអ៊ីតាលី ។ រូបភាព ៖ AFP
លោក​ Antonio Tajani រដ្ខមន្រ្តីការបរទេសអ៊ីតាលី ។ រូបភាព ៖ AFP
រដ្ឋមន្ត្រីការបរទេសអ៊ីតាលីបាននិយាយថា អ៊ីតាលីចង់ធ្វើឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយចិន បន្ទាប់ពីទីក្រុងរ៉ូមមិនបានបន្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។

 
រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani បានប្រកាសនៅថ្ងៃទី៤ ខែមេសា ថា គណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ និងវេទិកាសន្ទនាធុរកិច្ចអ៊ីតាលី-ចិននឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១-១២ខែមេសានៅទីក្រុង Verona ភាគខាងជើងអ៊ីតាលី។
 
រដ្ឋមន្ត្រីការបរទេស Tajani ដែលនឹងធ្វើជាសហប្រធានកិច្ចប្រជុំនៅទីក្រុង Verona ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានវាយតម្លៃថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីធ្វើឲ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងរ៉ូមមិនបានបន្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង (BRI) ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Nova ។ 
 
លោក Tajani បានពន្យល់ថា គោលដៅនៃកិច្ចប្រជុំជាន់ខ្ពស់ដ៏សំខាន់ជាលើកដំបូងជាមួយចិនក្នុងឆ្នាំ២០២៤ ជាការលើកទឹកចិត្តឱ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាពិសេសឧស្សាហកម្មកសិកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក ការវិនិយោគ ឱសថ និងជីវវេជ្ជសាស្ត្រ។  
 
បច្ចុប្បន្នទីក្រុងរ៉ូម ចង់លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រជាមួយទីក្រុងប៉េកាំងដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ។ លោក Tajani ចាត់ទុកចិនថាជាទីផ្សារមូលដ្ឋានរបស់អ៊ីតាលី។
 
ទន្ទឹមនេះ គោលដៅរបស់រដ្ឋាភិបាលអ៊ីតាលី គឺព្យាយាមជម្នះឧបសគ្គដែលរារាំងដល់ការចូលទៅកាន់ទីផ្សារចិន ដូចជាបញ្ហាទាក់ទងនឹងការការពារកម្មសិទ្ធិបញ្ញាជាដើម។
 
អ៊ីតាលីក៏ចង់បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការទាក់ទាញការវិនិយោគចិនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅកាន់អ៊ីតាលី និងបង្កើនការតភ្ជាប់ផ្លូវអាកាស។ ការណ៍នេះ ទីក្រុងរ៉ូមរំពឹងថា នឹងមានជើងហោះហើរត្រង់ពីចិនទៅកាន់តំបន់ Veneto ដែរ។
 
គួររម្លឹកថា នៅឆ្នាំ២០១៩ អ៊ីតាលីជាប្រទេសលោកខាងលិចដំបូងគេក្នុងគម្រោង BRI ។ យ៉ាងណាមិញ ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni ចង់ដកខ្លួនចេញពីគម្រោង BRI របស់ចិនភ្លាមដោយយល់ថា មិនបាននាំផលចំណេញដល់អ៊ីតាលី។ កិច្ចព្រមព្រៀងនេះបានផុតសុពលភាពនៅខែមីនា ឆ្នាំ២០២៤។
 
តាមទិន្នន័យពីរដ្ឋាភិបាលអ៊ីតាលី នៅឆ្នាំ២០២២ ការនាំចេញទៅកាន់ចិនមានចំនួនសរុប១៦,៤ពាន់លានអឺរ៉ូ (១៧,៧ពាន់លានដុល្លារ)។ តួលេខនេះកើនឡើងខ្ពស់បើធៀបចំនួន ១៣ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៩ ។ ចំណែកការនាំចេញរបស់ចិនទៅកាន់អ៊ីតាលីបានកើនឡើងដល់ ៥៧,៥ពាន់លានអឺរ៉ូ (៦១,៩៧ពាន់លានដុល្លារ) នៅក្នុងឆ្នាំ២០២២៕
 

Tag:
 អ៊ីតាលី
  ចិន
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com