ជាតិ
សេដ្ឋកិច្ច
ADB៖ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានក្នុងកំណើន៥,៨ភាគរយ ទោះប្រឈមបញ្ហាពិភពលោក ទិដ្ឋភាពរួមនៃរាជធានីភ្នំពេញ។ រូបថត៖ សែម វណ្ណា
× ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថាសម្រេចបានក្នុងកំណើន៥,៨ភាគរយ ក្នុងឆ្នាំ២០២៤ ហើយឈានដល់៦ភាគរយក្នុងឆ្នាំ២០២៥។ កំណើននេះបានពីវិស័យកម្មន្តសាល និងការស្ទុះឡើងវិញ នៃវិស័យទេសចរណ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB នាថ្ងៃទី១១មេសានេះ។
លោកស្រី Jyotsana Varma នាយិការបស់ADB ប្រចាំកម្ពុជា មើលឃើញពីសេដ្ឋកិច្ចកម្ពុជា បានដំណើរការល្អក្នុងឆ្នាំ២០២៣ បើទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយ។ « យើងរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ២០២៤-២០២៥ ដោយសារវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣»។ លោកស្រីJyotsana Varma បានបង្ហាញជំនឿបែបនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ADB។
ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook/ADO) សម្រាប់ខែមេសា ឆ្នាំ២០២៤ បានវាយតម្លៃលើកំណើនសេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងអត្រា៥ភាគរយនាឆ្នាំ២០២៣។ កំណើននេះ ត្រូវបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផល ដែល វិស័យនេះសម្រេចបានក្នុងឆ្នាំ២០២២ និងកំណើនដ៏រឹងមាំដែលវិស័យកម្មន្តសាលក្រៅពី GFT បន្តសម្រេចបាន។
លោកស្រី Jyotsana Varma នាយិការបស់ADB ប្រចាំកម្ពុជា (ស្រ្តីនៅកណ្តាលគេ)។ រូបថត៖ ADB
របាយការណ៍របស់ADBនេះ បានព្យាករពីកំណើនដែលនឹងមានជាបន្តទៀត សម្រាប់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២៤-២០២៥ ដោយមានការគាំទ្រកាន់តែខ្លាំង ពីផលិតកម្មវិស័យកម្មន្តសាលសម្រាប់ការនាំចេញ។ ជាមួយគ្នានេះ កម្រិតអតិផរណាជាមធ្យមប្រចាំឆ្នាំ នឹងបន្តធ្លាក់នៅត្រឹមរង្វង់២ភាគរយសម្រាប់ឆ្នាំ២០២៤-២០២៥។ របាយការណ៍ដដែល ក៏បង្ហាញអំពីការរៀបចំជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងដំណើរឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (Least-Developed Country)របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៧ ផងដែរ។
« ការឆ្លងផុតនេះនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពកម្ពុជាលើឆាកអន្តរជាតិ និងភាពទាក់ទាញផ្នែកវិនិយោគរបស់ខ្លួន»។ នេះជាការវាយតម្លៃរបស់ADB ដែលមើលឃើញថា ក្នុងពេលដែលកម្ពុជាឆ្លងផុតពីប្រទេសអភិវឌ្ឍន៍តិចតូចនេះ ក៏នឹងជួយបញ្ហាប្រឈមមួយចំនួន ដែលកើតចេញពីការថយចុះនៃលទ្ធភាពទទួលបានកម្ចីសម្បទាន និងការអនុគ្រោះផ្នែកពាណិជ្ជកម្មនានា ដល់វិស័យមួយចំនួន ផងដែរ។
បើតាមADB ដើម្បីឆ្លងផុតការផ្លាស់ប្តូរនេះប្រកបដោយប្រសិទ្ធភាព កម្ពុជាត្រូវបង្កើនសមាហរណកម្មសេដ្ឋកិច្ចទៅកាន់ពិភពលោក ការធ្វើពិពិធកម្មទីផ្សារដោយផ្តោតលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ ជាមួយគ្នានេះ កម្ពុជាត្រូវវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ការវិនិយោគលើធនធានមនុស្ស និងការពង្រឹងការកៀរគរធនធានវិនិយោគក្នុងស្រុក៕
© រក្សាសិទ្ធិដោយ thmeythmey.com