សេដ្ឋកិច្ច
អន្តរជាតិ
កម្ពុជានាំមុខគេក្នុងទីផ្សារកំពុងរីកចម្រើនទាំង១០ ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសឆ្នាំ២០២៤
16, Apr 2024 , 8:40 am        
រូបភាព
កម្មករធ្វើការក្នុងរោងចក្រផលិតសំបកកង់ General Tire Technology ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រូបភាព ៖ Xinhua
កម្មករធ្វើការក្នុងរោងចក្រផលិតសំបកកង់ General Tire Technology ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រូបភាព ៖ Xinhua
យោងតាមការព្យាកររបស់ទស្សនាវដ្តី fDi Intelligence កម្ពុជាបានក្លាយជាប្រទេសដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសខ្លាំងបំផុតប្រចាំឆ្នាំ២០២៤។ ទីផ្សាររីកចម្រើនទាំង ៩ទៀតរួមមាន ហ្វីលីពីន កេនយ៉ា អ៊ីរ៉ាក់ ណាមីប៊ី កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ ម៉ារ៉ុក ស៊ែប៊ី និងឥណ្ឌា។

 
ការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាទុនវិនិយោគរបស់បុគ្គល អាជីវកម្ម ឬអង្គភាពពីប្រទេសមួយចូលទៅក្នុងអាជីវកម្ម ទ្រព្យសម្បត្តិ ឬបណ្តាក់ទុនរួមគ្នានៅក្នុងប្រទេសមួយផ្សេងទៀត។ FDI ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ជំរុញលំហូរមូលធន បង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មពង្រីកប្រតិបត្តិការ និងរួមចំណែកដល់ការបង្កើតការងារ ក៏ដូចជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសអ្នកទទួលការវិនិយោគ។
 
ក្រាហ្វិកខាងក្រោមរួមបញ្ចូលទីផ្សារដែលកំពុងរីកចម្រើនចំនួន១០ ដែលត្រូវបានព្យាករថានឹងឃើញមានការកើនឡើងលំហូរ FDI ខ្លាំងបំផុតនៅឆ្នាំនេះ ដោយផ្អែកលើចំណាត់ថ្នាក់ដែលបោះពុម្ពដោយទស្សនាវដ្តី fDi Intelligence ក្នុងខែធ្នូ ឆ្នាំ២០២៣។ ក្នុងចំណោមនោះ អាស៊ីមានតំណាង ៦ប្រទេសដោយកម្ពុជាបាននាំមុខគេ។​
 
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា កំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានៅឆ្នាំ ២០២៤ នឹងមានអត្រា ៦,១ភាគរយកើនឡើងពី ៥,៦ភាគរយកាលពីឆ្នាំមុន។ ថ្មីៗនេះ កម្ពុជាបានជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយចិន កូរ៉េ និងសហភាពអឺរ៉ុប (EU)។ 
 
ទន្ទឹមនេះ កម្ពុជាបានឃើញពីការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍ បន្ទាប់ពីចិនបានលុបចោលការរឹតបន្តឹងការធ្វើដំណើរក្រោមយុទ្ធសាស្ត្រសូន្យកូវីដ។ កម្ពុជាត្រូវបានគេព្យាករថា នឹងមានកំណើនការវិនិយោគទ្រព្យសកម្មថេរជាមធ្យម (CAPEX) នៃគម្រោង FDI ក្នុងឆ្នាំ២០២៤ កើនឡើងដល់ ៣៩៣ភាគរយបើធៀបនឹងឆ្នាំមុន ខណៈដែលចំនួនគម្រោង FDI កើនឡើង ១១០ភាគរយ។
 
ចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីគឺហ្វីលីពីន ជាមួយនឹងការព្យាកកំណើនផលិតផលក្នុងស្រុកសរុបនឹងឈានដល់ ៥,៩ភាគរយធៀបនឹង ៥,៣ភាគរយក្នុងឆ្នាំ ២០២៣។ ការកើនឡើង CAPEX នៃគម្រោង FDI នៅហ្វីលីពីននៅឆ្នាំនេះត្រូវបានព្យាករថានឹងមាន ៣១២ភាគរយ ខណៈចំនួនគម្រោងកើនឡើង៥១ភាគរយធៀបនឹងឆ្នាំ ២០២៣។
 
កេនយ៉ាទទួលបានចំណាត់ថ្នាក់ទី៣ នៅក្នុងការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសខ្លាំង។ ប្រទេសអាហ្រ្វិកមួយនេះបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃលំហូរទុន FDI នៅក្នុងវិស័យជាច្រើន។ ថ្មីៗនេះ ក្រុមហ៊ុនអាម៉េរិក Moderna បានឈានដល់កិច្ចព្រមព្រៀងក្នុងការវិនិយោគជាមួយទឹកប្រាក់ជាង ៥០០លានដុល្លារអាម៉េរិក ដើម្បីសាងសង់រោងចក្រវ៉ាក់សាំងបច្ចេកវិទ្យា mRNA នៅក្នុងកេនយ៉ា។ វា​ជា​រោងចក្រ​ដំបូង​គេ​របស់ Moderna ហើយ​ក៏​ជា​រោងចក្រ​ដំបូង​គេ​នៅ​ទ្វីប​អាហ្វ្រិក។ វិស័យថាមពលរបស់កេនយ៉ាក៏កំពុងទាក់ទាញ FDI ខ្លាំងដែរ។

នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនថាមពល AMEA Power ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតអ៊ីដ្រូសែនពណ៌បៃតងនៅទីក្រុង Mombasa ភាគអាគ្នេយ៍នៃប្រទេសកេនយ៉ា ជាមួយនឹងការវិនិយោគសរុបប៉ាន់ស្មានចំនួន ២,២៩ពាន់លានដុល្លារ។
 
ស៊ែប៊ី ជាប្រទេសតែមួយគត់ដែលមិនមែនស្ថិតនៅអាស៊ី ឬអាហ្រ្វិកក្នុងចំណាត់ថ្នាក់កំពូលទាំង១០។
 
ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលមានទស្សនវិស័យលំហូរ FDI ល្អបំផុតក្នុងឆ្នាំ២០២៤ ស្ថិតនៅអាស៊ី អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប៕ 


រូបភាព ៖ visual capitalist
 

Tag:
 កម្ពុជា
  FDI
 
© រក្សាសិទ្ធិដោយ thmeythmey.com