ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ហេតុអ្វីក្រោយចូលឆ្នាំប្រពៃណីជាតិ ខ្មែររកថ្ងៃទី ១ខែទី១មិនឃើញ?
16, Apr 2024 , 8:20 pm        
រូបភាព
ភ្នំពេញ៖ ការប្រារព្ធ​ពិធីបុណ្យ​ ចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរគណនារកវេលា មហាសង្ក្រាន្ត វិរៈវ័នបត និងវេលាឡើងស័ក តាមក្បួនសុរិយគតិខ្មែរ ដែលមានលេខសម្គាល់ ចុល្លសករាជ មហាសករាជ បុរាណសករាជ និងពុទ្ធសករាជ។ ប៉ុន្តែប្រជាជនខ្មែរភាគច្រើន ពុំបានដឹងពីរឿងនេះឡើយ ទើបបានជាពួកគាត់ ពុំដែលដឹងថា ថ្ងៃទី១នៃខែទី១ ក្រោយថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទីណា។

លោកអាចារ្យ ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ប្រជាជនខ្មែរភាគច្រើន ស្គាល់ឆ្នាំសុរិយគតិ នៃគ្រិស្ដសករាជច្បាស់។ ប៉ុន្តែឆ្នាំសុរិយគតិខ្មែរវិញ ខ្មែរខ្លួនឯងមួយចំនួន ពុំបានស្គាល់ឡើយ ហើយបើទោះជាស្គាល់ ក៏ពុំសូវបានយកចិត្តទុកដាក់ ក្នុងការចងចាំ ឬរៀនសូត្របន្ថែមដែរ។
 
បើតាមលោកអាចារ្យ ប៊ុន វាសនា ខ្មែរប្រើឆ្នាំសុរិយគតិ នៃគ្រិស្ដសករាជ ទើបតែបានប្រមាណ១០០ឆ្នាំប៉ុណ្ណោះ គឺចាប់ពីសម័យអាណានិគមបារាំងមក។ លោកអាចារ្យ ដែលចេះចាំស្ទាត់វិជ្ជាហោរាសាស្ត្រ និងវិជ្ជាតារាសាស្ត្រ ថាបើទោះមិនមានឆ្នាំសុរិយគតិ នៃគ្រិស្តសករាជ ក៏ខ្មែរមានឆ្នាំសុរិយគតិផ្ទាល់ខ្លួន ឯករាជ្យដាច់ដោយឡែក ដែលគណនារកថ្ងៃសង្ក្រាន្ត រករដូវកាល ខែប្រាំង ខែវស្សា បានជាក់ច្បាស់ដែរ។ 
 
ដើម្បីជ្រាបច្បាស់ សូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន ជាមួយលោកអាចារ្យ ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដោយក្ដីសោមនស្ស៖





ឆ្នាំសុរិយគតិខ្មែរ និងឆ្នាំសុរិយគតិគ្រិស្ដសករាជ ខុសគ្នា។ ឧទាហរណ៍ជាក់ស្ដែង ក្នុងខែមេសា ឆ្នាំសុរិយគតិគ្រិស្ដករាជ ត្រូវនឹងខែទី៤ ប៉ុន្តែឆ្នាំសុរិយគតិខ្មែរវិញ ត្រូវនឹងខែទី១២។ ទោះជាយ៉ាងណា ប្រជាជនខ្មែរភាគច្រើន ពុំសូវចាប់អារម្មណ៍ ឆ្នាំសុរិយគតិខ្មែរឡើយ។ ដ្បិតអីឆ្នាំសុរិយគតិខ្មែរ សព្វថ្ងៃនេះ មានប្រើតែក្នុងវិជ្ជាហោរាសាស្ត្រ។ លោកថា វេលាឡើងស័ក នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ (សង្ក្រាន្ត) ជារៀងរាល់ឆ្នាំ តែងប្រព្រឹត្តទៅនៅថ្ងៃទី៣០ នៃខែទី១២ រាប់តាមឆ្នាំសុរិយគតិខ្មែរ។
 
«សុរិយគតិខ្មែរ សំខាន់ទៅលើ វេលាសង្ក្រាន្តជារៀងរាល់ឆ្នាំ។ មានន័យថា ថ្ងៃឡើងស័ក មិនខុសពីថ្ងៃទី៣០ខែ១២ទេ គិតតាមសុរិយគតិខ្មែរ។ រាប់រយលានឆ្នាំទៅមុខទៀត ក៏មិនខុសពីថ្ងៃទី៣០ ខែ១២ដែរ នេះ​ដាច់ឆ្នាំចាស់។ ស្អែកឡើង យើងរាប់ថ្ងៃទី១ ខែ១របស់ខ្មែរយើង។  
 
កន្លងមកមានគេសួរខ្ញុំតើ ថាហេតុអ្វីបានជាខ្មែរចូលឆ្នាំហើយ រកថ្ងៃទី១ខែ១មិនឃើញ។ បើប្រៀបជាមួយខែចន្ទគតិ ត្រូវនឹងខែចេត្រ ត្រូវនឹងលេខរៀងទី៥ហើយហ្នឹង។ ចូលឆ្នាំហើយ ឡើងស័កហើយ ចុះស្អែកឡើង នៅតែខែចេត្រដដែលហ្នឹង។ សុរិយគតិគ្រិស្ដសករាជ ខែ៤នៅតែខែ៤ដដែលហ្នឹង។ នោះមកពីគេមិនដឹងពីឆ្នាំសុរិយគតិខ្មែរយើង ដូចដែលខ្ញុំរៀបរាប់ខាងលើ»។
 
លោកអាចារ្យ ប៊ុន វាសនា ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បង្កើតកម្មវិធីសិក្សា វិជ្ជាហោរាសាស្ត្រ ក្នុងកម្មវិធីសិក្សារដ្ឋ សម្រាប់សិស្សានុសិស្ស ក្នុងកម្រិតណាមួយ។ លោកក៏លើកទឹកចិត្ត ឱ្យប្រជាជនខ្មែរ ពិសេសសិស្សានុសិស្ស សិក្សាឈ្វេងយល់ពី ឆ្នាំសុរិយគតិខ្មែរ និងឆ្នាំចន្ទគតិខ្មែរ ឱ្យបានច្បាស់លាស់។ ដ្បិតអី​ការចេះដឹងឆ្នាំខ្មែរទាំងអស់នេះ អាចឱ្យខ្មែរ ដឹងពីរដូវកាល ដឹងពីថ្ងៃសង្ក្រាន្ត ពិសេសដឹងពី ជោគជតារាសីរបស់ខ្លួនឯង​៕

Tag:
 វប្បធម៌
  ប្រពៃណី
  ចន្ទគតិ
  សុរិយគតិ
  តារាសាស្ត្រ
 
© រក្សាសិទ្ធិដោយ thmeythmey.com