កីឡាជាតិ
ជាតិ
ស្វាយរៀង និងភ្នំពេញ ត្រូវការឈ្នះ ដើម្បីសន្សំពិន្ទុប្រជែងជើងឯក នៅវគ្គ៤ក្រុម
19, Apr 2024 , 6:59 pm        
រូបភាព
ការប្រកួតរវៀងបឹងកេត និងព្រះខ័នរាជស្វាយរៀង ក្នុងជំនួបជើងទី២ រូបពី Cambodian Premier League
ការប្រកួតរវៀងបឹងកេត និងព្រះខ័នរាជស្វាយរៀង ក្នុងជំនួបជើងទី២ រូបពី Cambodian Premier League
ក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង និងគូប្រជែងភ្នំពេញក្រោន សុទ្ធតែត្រូវការឈ្នះរៀងខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League) សម្រាប់សម្រាប់ជំនួបចុងក្រោយជុំទី៣​ នៅសប្ដាហ៍ទី២៧ ដ្បិតត្រូវការសន្សំពិន្ទុ ដើម្បីប្រជែងពាននៅវគ្គ៤ក្រុមចុងក្រោយ។



បឹងកេត ត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៦ល្ងាច ស្របពេលក្រុមការពារជើងឯកភ្នំពេញក្រោន ទៅសួរសុខទុក្ខ គិរីវង់សុខសែនជ័យ នៅម៉ោង៤រសៀល។ 
 
គិតត្រឹមសប្ដាហ៍ទី២៦ កៅអី Top 4 ត្រូវបានព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និងបឹងកេត បានកក់រួចរាល់។ បើទោះជាលែងបារម្ភពីការប្រជែងកៅអី Top 4 បឹងកេត និងវិសាខា នៅតែប្រជែងគ្នាដណ្ដើមជ័យលាភីលេខ៣ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា។
 
ដោយឡែកសម្រាប់រដូវកាលនេះ ជំនួប២លើកក្នុងលីគ ក្លិបបឹងកេត មិនទាន់ឈ្នះ ព្រះខ័នរាជស្វាយរៀង នៅឡើយទេ ដោយបានត្រឹមស្មើលទ្ធផល ៣-៣ និងចាញ់លទ្ធផល ៣-១។ រីឯព្រះខ័នរាជស្វាយរៀង ជ័យជម្នះនៅតែសំខាន់ ព្រោះប្រសិនជាចាញ់បឹងកេត គឺធ្វើឲ្យភ្នំពេញក្រោន មានឱកាសកាន់តែច្រើនក្នុងការប្រជែងយកជើងឯក។ ស្វាយរៀង មានគម្លាតពិន្ទុនាំមុខភ្នំពេញក្រោន ចំនួន៧ពិន្ទុ ពីការប្រកួត២៦លើក។
 
ថ្ងៃទី២១ ខែមេសា នៃសប្ដាហ៍ទី២៧ ដដែលនេះ អង្គរថាយហ្គឺរ ត្រូវប៉ះជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋានហនុមាន វេលាម៉ោង ៤:០០ រសៀល ទន្ទឹមពេលជាមួយគ្នានោះ នៅកីឡដ្ឋានខេត្តព្រៃវែង ក្រុមម្ចាស់ផ្ទះ ត្រូវប្រកួតជាមួយ វិសាខា។ ចំណែក កីឡដ្ឋានស្ដាតចាស់ កងយោធពលខេមរភូមិន្ទ ត្រូវបើកទ្វាទទួល អាយ អេស អាយ ដង្កោសែនជ័យ វេលាម៉ោង ៦:០០ល្ងាច។
 
គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ១ មាន៦៨ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន លេខ២ មាន៦១ពិន្ទុ។ ចំណាត់ថ្នាក់លេខ៣ វិសាខា មាន៤១ពិន្ទុ ចំណែក បឹងកេត មាន៤០ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៤។ រីឯ កងយោធពលខេមរភូមិន្ទ នៅចំណាត់ថ្នាក់លេខ៥ មាន៣៦ពិន្ទុ តាមពីក្រោយដោយ អាយ អេស អាយ ដង្កោសែនជ័យ លេខ៦ មាន៣៤ពិន្ទុ។ ចំណាត់ថ្នាក់ទី៧ ណាហ្គាវើលដ៍ មាន២៧ពិន្ទុ និងចំណាត់ថ្នាក់លេខ៨ ព្រៃវែង មាន២៣ពិន្ទុ។ ចំណែក គិរីវង់សុខសែនជ័យ ចំណាត់ថ្នាក់លេខ៩ មាន២០ពិន្ទុ និង​បាតតារាង អង្គរថាយហ្គឺរ មានត្រឹមតែ១៨ពិន្ទុប៉ុណ្ណោះ៕

Tag:
 បាល់ទាត់
  Cambodian Premier League
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com