អន្តរជាតិ
តើមនុស្ស Introvert, Extrovert, Ambivert មានចរិតបែបណា?
19, Apr 2024 , 5:01 pm        
រូបភាព
រូបភាព Pexels
រូបភាព Pexels
មនុស្សម្នាក់ៗ តែងមានចរិតលក្ខណៈខុសៗគ្នា និងបែបផែនរស់នៅផ្សេងៗគ្នា ដោយផ្អែកតាមកត្តាសង្គម គ្រួសារ និងសហគមន៍។ ក្នុងពេលបច្ចុប្បន្ន មនុស្សជាច្រើនបានជជែកពីពាក្យ Introvert , Extrovert និង Ambivert ដែលបង្ហាញចរិតលក្ខណៈរបស់មនុស្សម្នាក់។

 
តើពាក្យទាំង ៣នេះមានលក្ខណៈបែបណា? 
 
មនុស្សប្រភេទ Introvert 
 
មនុស្សប្រភេទ Introvert ភាគច្រើនមានលក្ខណៈចូលចិត្តរស់នៅតែម្នាក់ឯង ហើយចំណាយពេលតិចតួចជាមួយមនុស្សច្រើននៅក្នុងសង្គម។ សម្រាប់លក្ខណៈមនុស្ស Introvert គេតែងសម្គាល់ឃើញថា អាចចូលរួមក្នុងកម្មវិធីមានលក្ខណៈតូច, មានមិត្តភក្តិតិចតួច និងមិនសូវចូលចេញចេញទៅក្រៅឡើយ។ 
 
បុគ្គល ដែលមានចរិតលក្ខណៈប្រភេទនេះ តែងចំណាយពេលនៅម្នាក់ឯង ឬខ្លួនឯងច្រើន, យល់ច្បាស់ពីខ្លួនឯង, គិត និងពិចារណាច្រើន។
 
ជាការពិត កាយវិការបែបនេះ មិនមែនជាជំងឺ ឬលក្ខខណ្ឌមិនប្រក្រតីណាមួយ ដែលទាមទារឱ្យមានការព្យាបាលឡើយ។ ប៉ុន្តែវាអាចកើតឡើងបាន ដោយសារតែហ្សែន និងបែបបទគ្រួសារ ឬសហគមន៍។ 
 
មនុស្សប្រភេទ Extrovert
 
ខុសផ្ទុយពីIntrovert ទាំងស្រុង មនុស្សប្រភេទ Extrovert ចូលចិត្តចូលទៅក្នុងសង្គម និងចំណាយពេលជាមួយមនុស្សច្រើន។ សម្រាប់ការងារ ឬកិច្ចការសង្គម ប្រភេទមនុស្ស Extrovert តែងតែលេចធ្លោជាងគេ ដ្បិតពួកគេចូលចិត្តការងារជាក្រុម។ ការចូលទៅក្នុងសង្គម ឬមានមនុស្សជាច្រើននៅជុំវិញ នឹងជួយឱ្យប្រភេទមនុស្ស Extrovert មានភាពរីករាយ ហើយអាចចែករំលែកគំនិត អារម្មណ៍ជាមួយអ្នកដទៃ។ 
 
ដូចគ្នានឹងIntrovert ដែរ មនុស្ស Extrovert អាចបង្កដោយហ្សែន និងបែបបទគ្រួសារ។ បុគ្គលមានចរិតលក្ខណៈបែបExtrovert មានជំនាញផ្នែកទំនាក់ទំនងជាមួយមនុស្ស និងអាចបត់បែនកិច្ចសន្ទនាជាមួយគ្រប់មនុស្សគ្រប់កាលៈទេសៈ។ 
 
ប្រភេទមនុស្សបែបនេះ អាចវិភាគ និងដោះស្រាយបញ្ហាបានរហ័ស បូករួមជាមួយគំនិតទូលាយ និងថ្មីៗ ដើម្បីលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំជាដើម។ 
 
មនុស្សប្រភេទ Ambivert
 
វាមានក្រុមមនុស្សមួយប្រភេទទៀត ដែលមានចរិតលក្ខណៈកណ្តាល ឬមានទាំងចរិតបែបIntrovert ផង និង Extrovert។ មនុស្សមានចរិតលក្ខណៈបែបនេះ ត្រូវបានហៅថា Ambivert។ បានសេចក្តីថា មនុស្សប្រភេទនេះ អាចចំណាយពេលទាំងនៅម្នាក់ឯង ហើយអាចចុះចំណោមជាមួយមនុស្សច្រើននៅក្នុងសង្គម។ ត្រង់ចំណុចនេះ វាក៏អាស្រ័យលើអារម្មណ៍របស់បុគ្គលនោះដែរ។

សម្រាប់ពាក្យ Intovert និង Extrovert ដែលត្រូវបានគេនិយមប្រើនៅសង្គមកម្ពុជា​បច្ចុប្បន្ននេះ មិនទាន់មានអត្ថន័យជាក់លាក់នៅឡើយទេ។ តែយ៉ាងណាលោក ឈិន សីហា ប្រធានដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាសមាជិកគណៈកម្មការភាសាវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា ពាក្យ Introvert នេះ អាចប្រើក្នុងន័យសំដៅលើ «បុគ្គលស្ងាត់ស្ងៀម» ។ ចំណែក Extrovert សំដៅលើ«បុគ្គលរួសរាយរាក់ទាក់»៕
 
 

Tag:
 Introvert
  Extrovert
© រក្សាសិទ្ធិដោយ thmeythmey.com