ជាតិ
ពុល​នំ​បញ្ចុក​នៅ​ក្រចេះ បណ្ដាលឱ្យ​មនុស្ស​១៦នាក់ ធ្លាក់ខ្លួនឈឺបញ្ជូនទៅមន្ទីរពេទ្យ
20, Apr 2024 , 2:00 pm        
រូបភាព
រូបភាព​ោ អ្នករងគ្រោះដោយសារពុលនំបញ្ចុក​ សម្រាកនៅមន្ទីរពេទ្យ។ រូបភាពពីរដ្ឋបាលខេត្តក្រចេះ
រូបភាព​ោ អ្នករងគ្រោះដោយសារពុលនំបញ្ចុក​ សម្រាកនៅមន្ទីរពេទ្យ។ រូបភាពពីរដ្ឋបាលខេត្តក្រចេះ
មនុស្ស​១៦នាក់ បានធ្លាក់ខ្លួនឈឺ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំបូរ ខេត្ត​ក្រចេះ​ ក្រោយបរិភោគនំបញ្ចុកលក់នៅក្នុងភូមិ។ លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធាន​មន្ទីរ​សុខាភិបាលខេត្ត​ក្រចេះ  បានបញ្ជាក់ថា ករណីនេះ មិន​បណ្ដាលឱ្យ​មនុស្ស​បាត់បង់ជីវិតទេ។



កាល​ពីថ្ងៃទី​១៨ មេសា មាន​ករណី​ពុលនំបញ្ចុក នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលមាន​មនុស្ស១៦នាក់បានពុល ក្នុងនោះ មានស្រី១០ នាក់។ បើតាម​សេចក្តីប្រកាសព័ត៌មានរបស់ លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ករណីពុល​នំ​បញ្ចុក បាន​ធ្វើឱ្យ​ពលរដ្ឋ​ខ្លះ​ឈឺពោះ រាក ក្អួត ឈឺក្បាល នឹងវិលមុខ ហើយក៏អ្នករងគ្រោះខ្លះត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែកសំបូរ ផងដែរ។ 
 
ក្រោយមានករណី​ពុល​នំបញ្ចុក​ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងអាជ្ញាធរមូលដ្ឋាន បានចុះអង្កេតស្រាវជ្រាវ និងអន្តរាគមន៍។ តាមការ​សន្និដ្ឋានបឋមរបស់ប្រធាន​មន្ទីរ​សុខាភិបាលខេត្ត​ក្រចេះ ករណីនេះ គឺ​បណ្តាលមកពីការបរិភោគនំបញ្ចុកលក់នៅក្នុងភូមិ ដែលនំបញ្ចុកទាំងនោះមានការផលិត ការរក្សាទុក និងការវេចខ្ចប់ មិនមានអនាម័យល្អ។ 
 
ទន្ទឹម​នឹង​នេះ លោកមន្ទីរ​សុខាភិបាលខេត្ត​ក្រចេះ ក៏​បាន​អំពាវនាវដល់​ពលរដ្ឋ​រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនផងដែរ៕​

Tag:
 នំបញ្ចុក
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com