ជាតិ
សម្ដេច ហ៊ុន សែន៖«មរណភាពរបស់លោក សំបូរ មាណ្ណារ៉ា ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ជាតិ»
20, Apr 2024 , 12:00 pm        
រូបភាព
 សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ រូបភាពពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ រូបភាពពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាព បាន​ផ្ញើសារ​ចូលរួ​ម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត ដែល​ទទួល​មរណភាពកាលពីព្រឹក​មិញ។ បើតាម​សម្ដេច ហ៊ុន សែន មរណភាពរបស់សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។

ក្នុងសារ​រំលែកទុក្ខដែល​ផ្ញើទៅ​កាន់លោកស្រី អ៊ុំ ផារ៉ាន់ ភរិយា​លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សម្ដេច ហ៊ុន សែន បាន​បង្ហាញ​សេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងមរណភាពនេះ។ សម្ដេច ហ៊ុន សែន ចាត់ទុកការ​បាត់បង់​លោក សំបូរ មាណ្ណារ៉ា ជាការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
 

រូបភាពពីហ្វេសប៊ុកលោក សំបូរ មាណ្ណារ៉ា

លើសពីនេះ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា៖«មរណភាពរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក»។
 
គួរជម្រាបថា លោក សំបូរ មាណ្ណារ៉ា បាន​បម្រើការ​ងារក្នុង​វិស័យ​អប់រំ ពិសេសលើ​ជំនាញ​ប្រវត្តិសាស្ត្រ​ ប្រមាណ​​៤០​ឆ្នាំ​មកហើយ។ សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្តរូបនេះ ខិតខំ​បង្ហាត់បង្រៀន និងចែករំលែកចំណេះដឹងពីប្រវត្តិសាស្រ្តវប្បធម៌ខ្មែរ ដល់និស្សិត​ និង​សាធារណជនជាច្រើននាក់។
 
លោក សំបូរ មាណ្ណារ៉ា ​ បាន​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២៤ ក្នុង​ជន្មាយុ ៦៧ឆ្នាំ ដោយ​រោគាពាធ នៅ​មន្ទីរពេទ្យកាល់ម៉ែត។ សពរបស់លោក នឹងតម្កល់ធ្វើ​បុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
 
 

Tag:
 សំបូរ មាណ្ណារ៉ា
  ប្រវត្តិសាស្រ្ត
  វប្បធម៌
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com