ការប្រកួតជម្រើសជើងឯក ខេមបូឌានលីគយុវជន Cambodian Youth League អាយុក្រោម១៦ឆ្នាំ និង១៩ឆ្នាំ ឆ្នាំ២០២៤ បង្កើតឡើងដើម្បីចម្រាញ់យកកីឡាករមានទេពកោសល្យ ចូលរួមប្រកួតជើងឯកអាស៊ាន AFF Youth Championship ទាំង U-16 និង U-19 និងគោលដៅនាំក្រុមជម្រើសជាតិកម្ពុជាឆ្ពោះទៅ FIFA World Cup ឆ្នាំ២០៣៨។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រោមជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានផ្តួចផ្តើមឱ្យមានការប្រកួតខេមបូឌានលីគយុវជន U-16 និង U-19 ដោយមានសមាគម និងក្លិបបាល់ទាត់ចំនួន១១ សរុបចំនួន២០ក្រុម (U-16 ១០ក្រុម និង U-19 ១០ក្រុម) ចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃទី១៩ ខែឧសភា តទៅ។
លោកកែវ សារ៉េត អគ្គលេការធិការ FFC ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា FFC បង្កើតព្រឹត្តិការណ៍នេះឡើង ក្នុងបំណងឱ្យកីឡាករយុវជនមានការប្រកួតប្រជែងបង្ហាញសមត្ថភាព និងដើម្បីក្លិបដែលចូលរួម រួមនឹងសហព័ន្ធអាចពិនិត្យមើលកីឡាករដែលមានទេពកោសល្យ ដើម្បីជ្រើសរើសចូលក្លិប និងក្រុមជម្រើសជាតិ។
«កីឡាករក្មេងៗហ្វឹកហាត់ហើយ មិនមានការប្រកួត វាអត់ប្រយោជន៍ទេ»។ នេះជាការលើកឡើងរបស់លោកកែវ សារ៉េត មុនបន្ថែមថាកម្មវិធីនេះធ្វើឡើងស្របតាមគោលការណ៍អភិវឌ្ឍន៍របស់ FIFA ខណៈគ្រប់ប្រទេសរីកចម្រើនវិស័យបាល់ទាត់ក៏អនុវត្តន៍ដូចគ្នានេះដែរ។
ខេមបូឌានលីគយុវជន បង្កើតឡើងដោយផ្តោតលើ៣ចំណុចសំខាន់។ ទី១ ដើម្បីឱ្យកីឡាករក្មេងៗមានការប្រកួតប្រជែង ទី២ ដើម្បីឱ្យតាមបណ្តាក្លិប អាចចម្រាញ់យកកីឡាករមានទេពកោសល្យទៅប្រកបអាជីព ឱ្យស្របតាមលក្ខខណ្ឌសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងទី៣ ដើម្បីជ្រើសរើសកីឡាករចូលក្រុមជម្រើសជាតិ សម្រាប់ការប្រកួតជើងឯកអាស៊ាន ដែលនឹងធ្វើឡើងនៅឆ្នាំ២០២៤នេះ។ នេះជាការបញ្ជាក់របស់លោកអគ្គលេខាធិការ ស្របពេលការងារទាំងអស់នេះជាផ្លូវ ដើម្បីឆ្ពោះទៅសម្រេចក្តីស្រមៃ ក្នុងការនាំក្រុមគោព្រៃកម្ពុជាបង្ហាញមុខនៅជុំចុងក្រោយ FIFA World Cup ឆ្នាំ២០៣៨។
ដោយឡែក មួលហេតុដែល FFC សម្រេចរៀបចំការប្រកួត U16 និង U19 ក្នុងពេលតែមួយ ដោយសារស្ថាប័នពិបាកក្នុងការញែកពេលវេលា និងដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់កីឡាករក្មេងៗ ហើយជាពិសេសដើម្បីសន្សំថវិការដែលទទួលបានពី FIFA ផង។
១០ក្រុមដែលត្រូវបង្ហាញខ្លួនក្នុងការប្រកួត Youth League U-19 មានក្លិបបាល់ទាត់យុវជន អង្គរថាយហ្គឺរ បឹងកេត អាយ អេស អាយ ដង្កោសែនជ័យ ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង ក្លិបភ្នំពេញក្រោន សមាគមកីឡាបាល់ទាត់ ខ.ភ.ម វិសាខា សាលាតម្រង់ទិសរាជធានីភ្នំពេញ និងសាលាកីឡាបាល់ទាត់ជាតិអាយុក្រោម១៦ឆ្នាំ។
សម្រាប់ Youth League U-16 មានក្លិបបាល់ទាត់យុវជន អង្គរថាយហ្គឺរ បឹងកេត អាយ អេស អាយ ដង្កោសែនជ័យ ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង ក្លិបភ្នំពេញក្រោន សមាគមកីឡាបាល់ទាត់ ខ.ភ.ម វិសាខា សាលាតម្រង់ទិសរាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់សៀមរាប យូណាយធីត។
ការប្រកួតជើងឯកទាំងពីរខាងលើ ដែលមានចំនួនសរុប ១៨៦ប្រកួត ដោយប្រើពេល ៦ខែ ត្រូវបែងចែកចេញជាពីរដំណាក់កាលដូចគ្នា ដោយដំណាក់កាលទីមួយត្រូវធ្វើតាមរូបមន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុមដែលមាន ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសមួយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ក្លាយជាក្រុមជើងឯក៕