កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថាបិសាចក្រហមផ្តល់ការទុកចិត្តគាំទ្រ​ Ten Hag ខ្លាំងជាងជំនាន់ខ្លួនដឹកនាំ
23, Apr 2024 , 11:49 am        
រូបភាព
លោក Jose Mourinho អតីតអ្នកចាត់ការក្រុម Manchester United មើលឃើញថាក្លិបយក្សអង់គ្លេសមួយនេះបង្ហាញសេចក្តីទុកចិត្ត នឹងគាំទ្រលោក Erik ten Hag ក្នុងកម្រិតខ្ពស់មួយ ខុសពីជំនាន់ខ្លួនដឹកនាំ។ អ្នកចាត់ការរហស្សនាម Special One ចង់ឱ្យក្លិបទាំងអស់ធ្វើបែបនេះទៅកាន់អ្នកចាត់ការពួកគេ ដូចដែលបិសាចក្រហមផ្តល់ឱ្យលោក Ten Hag អ៊ីចឹងដែរ។



បុរសសញ្ជាតិព័រទុយហ្កាល់ធ្លាប់បានដឹកនាំក្រុម Man Utd ពីឆ្នាំ ២០១៦ ដល់ ២០១៨ ដោយកាលនោះលោកបានជួយក្រុមឈ្នះពានរង្វាន់លំដាប់ទី២ អឺរ៉ុប Europa League និង EFL Cup។ Mourinho ត្រូវបានក្លិបបណ្តេញចេញកាលពីខែធ្នូ ឆ្នាំ ២០១៨ ក្រោយពេលក្រុមមានគម្លាត ១១ពិន្ទុ មិនស្ថិតនៅកម្រិតប្រជែងកៅអី Champions League។
 
ក្នុងកិច្ចសម្ភាសជាមួយនឹងកាសែត Telegraph លោក Mourinho បានបញ្ជាក់ដូច្នេះថា លោករងសម្ពាធពីអតីតនាយកប្រតិបត្តិក្លិបលោក Ed Woodward ដែលទាមទារសមិទ្ធផល ដូចជាឈ្នះពានជាដើម ទើបធ្វើឱ្យការប្រកួតប្រជែងក្នុងក្លិបកាន់តែតឹងរឹង។
 
«ទំនាក់ទំនងខ្ញុំជាមួយអតីតនាយកប្រតិបត្តិ Ed Woodward គឺល្អធម្មតា ល្អដូចនៅក្នុងទស្សនៈផ្ទាល់ខ្លួន មកដល់ពេលនេះយើងតែផ្ញើសារ SMS ទៅវិញទៅមក។ តែបើលើទស្សនៈអាជីពវិញ គឺមិនល្អនោះទេ ខ្ញុំគឺជាខ្ញុំ ខ្ញុំជាអ្នកចូលចិត្តបាល់ទាត់ ចំណែក Ed Woodward មានប្រវត្តិខុសគ្នាពីខ្ញុំ ហើយអ្វីដែល Ten Has ទទួលបានអំឡុងពេលដឹកនាំ Manchester United ពេលនេះ គឺខ្ញុំគ្មានពីមុននោះទេ។»។ ​លោក Jose Mourinho បានលើកឡើងត្រង់ចំណុចនៃការគ្រប់គ្រងក្លិបរបស់លោកកាលនោះ។
 
ដោយមើលឃើញពីការគាំទ្ររបស់ក្លិបទៅកាន់លោក Ten Hag ទាំងការផ្តល់ពេលវេលា រួមទាំងប្រាក់ចំណាយយកកីឡាករផ្សេងៗជាដើម អតីតអ្នកចាត់ការ AS Roma ថាមានភាពខុសគ្នាឆ្ងាយណាស់។
លោក Mourinho បន្តដូច្នេះថា៖« ខ្ញុំមិនមានកម្រិតនៃការគាំទ្រដូច្នេះឡើយ ខ្ញុំគ្មានសូម្បីតែកម្រិតនៃការជឿទុកចិត្តដូចនោះ។ រឿងនេះបានធ្វើឱ្យខ្ញុំសោកស្តាយ ព្រោះខ្ញុំមានអារម្មណ៍ថាកាលនោះខ្ញុំក៏ស្ថិតនៅកម្រិតដំបូងនៃដំណើរការផងដែរ ពេលខ្លះ ខ្ញុំមានអារម្មណ៍ពួកគេជឿជាក់ខ្ញុំ ហើយជឿលើបទពិសោធន៍របស់ខ្ញុំ ដែលអាចនឹងក្លាយជារឿងដែលខុសប្លែកគ្នា។»។
 
សម្រាប់អនាគតរបស់លោក Ten hag ជាមួយក្រុមបិសាចក្រហមកំពុងតែស្ថិតនៅក្នុងបញ្ហាមិនច្បាស់លាស់ ក្រោយពេលវត្តមានរបស់លោក Jim Ratcliffe បានវិនិយោគចូលក្នុងក្លិប បន្ទាប់ពីបានទិញភាគហ៊ុនក្លិប ២៥ភាគរយរួច។ យ៉ាងណា​ Man United បានឈានជើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ២រដូវកាលជាប់គ្នា ក្រោយយកឈ្នះលើក្រុម Coventry City លទ្ធផលឈ្នះបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោយលទ្ធផលស្មើ ៣-៣៕

Tag:
 Jose Mourinho
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com