កីឡាអន្តរជាតិ
អន្តរជាតិ
មេ​ Barca ទាមទារប្រកួតជាមួយ Real ឡើងវិញ បើរកឃើញថាប្រព័ន្ធ ​​​​​​VAR មានបញ្ហា
23, Apr 2024 , 2:29 pm        
រូបភាព
លោក Joan Laporta ប្រធានក្លិប Barcelona ទាមទារឱ្យមានការប្រកួតឡើងវិញទល់នឹង Real Madrid ក្នុងជំនួប El Clasico ប្រសិនបើរកឃើញថា មានបញ្ហាទៅលើប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) ដែលធ្វើឱ្យក្រុមខ្លួនចាញ់។


 
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Lamine Yamal ត្រូវបានអ្នកចាំទី Andriy Lunin សង្គ្រោះចេញពីទី នៅពេលដែលក្រុមទាំងពីរកំពុងមានលទ្ធផលស្មើ ១-១ ក្នុងវគ្គទីមួយ។ គ្រាប់បាល់នោះត្រូវបានគេគិតថាជាគ្រាប់បាល់ស៊ុតបញ្ចូលទី ប៉ុន្តែក្របខណ្ឌ La Liga មិនមានប្រព័ន្ធចាប់គ្រាប់បាល់ Goal-Line Technology ឡើយ ជាហេតុអាជ្ញាកណ្តាលមិនផ្តល់គ្រាប់បាល់​ ហើយចំណែក VAR បានបង្ហាញថាគ្រាប់បាល់នោះមិនឆ្លងបន្ទាត់ទីឡើយ។
 
Real Madrid យកឈ្នះក្រោយបញ្ចប់ការប្រកួតលទ្ធផល ៣-២ ដោយ Jude Bellingham ជាអ្នកស៊ុតបាល់ជ័យជម្នះចុងម៉ោង។ បច្ចុប្បន្ន Real Madrid មានគម្លាត ១១ពិន្ទុដាច់កំពូលតារាង ពី Barcelona ខណៈនៅសល់ត្រឹមតែ ៦ប្រកួតទៀតប៉ុណ្ណោះក្នុងដៃ។
 
«មានឧប្បត្តិហេតុដែលអាចជជែកគ្នាបានជាច្រើននៅក្នុងការប្រកួត ប៉ុន្តែក្នុងចំណោមពួកគេទាំងអស់ជារឿងមួយដ៏សំខាន់ ព្រោះវានឹងក្លាយជាការផ្លាស់ប្តូរលទ្ធផលនៃការប្រកួត។​
ចំពោះគ្រាប់បាល់របស់ Yamal ក្នុងនាមជាក្លិបមួយ យើងចង់មានការបញ្ជាក់ច្បាស់លាស់ថា គ្រាប់បាល់នោះចុះ ឬក៏អត់។»។ លោក Laporta ទាមទារការបញ្ជាក់ពីក្លិប Real Madrid  ដ្បិតការប្រកួតធ្វើឡើងនៅ Santiago Bernabéu​។
 
បើតាមការលើកឡើងបន្ថែមរបស់លោក Laporta តាមរយៈវីដេអូបង្ហោះលើគេហទំព័រក្លិប Barca នឹងស្វែងរក ក៏ដូចជា​ស៊ើប​អង្កេត​លើករណីខាងលើ ដើម្បីចាត់វិធានការផ្លូវច្បាប់។ លោក Laporta ក៏បានទាមទារថាប្រសិនបើរកឃើញថាមានកំហុស នោះក្លិបលោកនឹងចាត់វិធានការស្មើសុំឱ្យមានការប្រកួតឡើងវិញ។
 
ការប្រកួតមួយរបស់លីគកំពូលបែលហ្ស៊ិក រវាងក្រុម Anderlecht និង Genk ត្រូវបានរៀបចំឡើងវិញ កាលពីដើមរដូវកាលនេះ បន្ទាប់ពីការប្រកួតកន្លងទៅមានបញ្ហាទៅលើប្រព័ន្ធ VAR ដែលធ្វើឱ្យប៉ះពាល់ដល់ច្បាប់នៃការប្រកួត។ តែយ៉ាងណាតុលាការកីឡារបស់បែលហ្ស៊ិក បានកែប្រែការសម្រេចចិត្តវិញ ដោយមិនឱ្យការប្រកួតនោះធ្វើឡើងវិញ។
 
បញ្ហាប្រព័ន្ធ VAR កន្លងមកក៏ធ្លាប់បានកើតមានរួចមកហើយក្នុងលីគប្រទេសអេស្ប៉ាញ ដោយកាលពីរដូវកាលមុន ក្រុមអាជ្ញាកណ្តាលមិនតម្រូវឱ្យផ្តល់រូបភាពនៃគ្រាប់បាល់ពេញលេញទៅកាន់ក្លិបដែលតវ៉ានោះឡើយ៕

Tag:
 Barcelona
  Joan Laporta
© រក្សាសិទ្ធិដោយ thmeythmey.com