ជាតិ
BeachAtlas៖ ឆ្នេរ​ឯកោនៅកោះរ៉ុង ជាប់ក្នុងចំណោម​ឆ្នេរកំពូលទាំង១០០លើពិភពលោក
23, Apr 2024 , 3:37 pm        
រូបភាព
ដោយ: រួបរួម
ឆ្នេរឯកោ (Lonely Beach) ដែលស្ថិតនៅ​ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បាន​ចូល​ក្នុង​បញ្ជីឆ្នេរសមុទ្រ​កំពូល​ទាំង​១០០​លើពិភពលោក (Top Beaches in the World) នៃពាន​ Golden Beach Award ឆ្នាំ​២០២៤។

 
រៀបចំដោយ BeachAtlas ធុរកិច្ចថ្មី​ ដែលមាន​មូលដ្ឋាននៅទីក្រុង​ឡុងដ៍​ «ឆ្នេរឯកោ» ជាប់ក្នុងចំណាត់​ថ្នាក់​លេខ​៦៧លើពិភពលោក និង​ស្ថិតក្នុងចំណោម​ឆ្នេរ​ចំនួន​១៦នៅអាស៊ី នៃបញ្ជីឆ្នេរកំពូល​ទាំង​១០០​។
 
ពាន​ Golden Beach Award ជាលើកដំបូងនេះ មាន​ការ​ចូល​រួមបោះឆ្នោតជ្រើសរើសពីសំណាក់អ្នកជំនាញផ្នែកទេសចរណ៍ បុគ្គលល្បីៗ និងមាន​ប្រជាប្រិយលើបណ្តាញអ៊ីនធ័រណិត​ជាង​៤០នាក់ពីទូទាំងពិភពលោក ដោយ​ផ្តោ​តលើ​លក្ខណៈវិនិច្ច័យ​ចំនួន​៦ គឺ​ សម្រស់ដើមដ៏ទាក់ទាញ, បរិយាកាសល្អសម្រាប់ពិធីជប់លៀង និងការរស់នៅ, ភាពចម្រុះ សមធ៌ម បរិយាបន្ន (????????????), សហគមន៍, ធម្មជាតិចម្រុះ និងភាពលេចធ្លោនៃវប្បធម៌។
 
BeachAtlas ប្រៀបប្រដូច​ឆ្នេរឯកោ ដូចជាត្បូងដែលលាក់កំបាំងនៅភាគ​ខាងជើងនៃកោះរ៉ុង។ ឆ្នេរទេសចរណ៍​មួយនេះ ជាឋានសួគ៌ពិតមួយ ដែលវាលខ្សាច់សស្រទន់ ទឹក​ថ្លាវ៉ង់ និងលម្អ​ដោយពិភពដើម​ត្នោត។ 
 
ក្រុមហ៊ុនទេសចរណ៍​​ជំនាញ​ផ្នែក​ឆ្នេរសមុទ្រ បាន​បរិយាយអំពីឆ្នេរឯកោថា៖ «វាជាពិភពដ៏ស្ងប់ស្ងាត់មួយ ដោយ​មានតែ​​សំឡេងយំសត្វចង្រិត​ប៉ុណ្ណោះ ដែលអាចនាំអារម្មណ៍​យើង​ចេញពីពិភពដ៏​ស្ងប់ស្ងាត់នោះ​»។
 
ឆ្នេរ Bora Bora ដែល​ស្ថិតនៅ​ប៉ូលីណេស៊ីបារាំង ដែនកោះតូចមួយនៅប៉ាស៊ីហ្វិក​ខាងត្បូងជាប់ចំណាត់ថ្នាក់​លេខ​១​លើ​តារាង។ ឆ្នេរ Boulders នៅអាហ្វ្រិកខាងត្បូង ស្ថិតនៅ​លេខ២ និង​ឆ្នេរ Waikiki នៅរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិក ឈរចំណាត់ថ្នាក់លេខ៣៕ 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com