RFI
អន្តរជាតិ
ILO៖ ​ពលកររង​​​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​ជាង​គេ ពីការ​ប្រែប្រួល​អាកាសធាតុ
23, Apr 2024 , 9:59 pm        
រូបភាព
​ ILO៖ ​ពលកររង​​​ហានិភ័យ​សុខភាពពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ ​ធ្ងន់ធ្ងរ​ជាង​គេ © Issouf Sanogo / AFP
​ ILO៖ ​ពលកររង​​​ហានិភ័យ​សុខភាពពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ ​ធ្ងន់ធ្ងរ​ជាង​គេ © Issouf Sanogo / AFP
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ចេញ​របាយការណ៍ ​នៅថ្ងៃ​​ទី ២២ មេសា​២០២៤​នេះ ដោយ​ស្រែក​អាសន្ន​ថា មាន​ពលករ​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ខ្លាំងណាស់ រស់​ប្រឈម​នឹង​ហានិភ័យ​សុខភាព បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ ច្បាប់​ការងារ​ដែល​មានស្រាប់​​ មិន​អាច​ការ​ពារ​បុគ្គលិក​កម្មករ​ ពី​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃ​ភពផែនដីបាន​ទេ។



ការ​ប្រែប្រួល​អាកាសធាតុ​បាន​បង្ក​​ផលវិបាក​ធ្ងន់ធ្ងរ​ស្រេច​ទៅ​ហើយ​ទៅ​លើ​សុខភាព​និង​សន្តិសុខ​របស់​ពលករ​នៅ​លើ​ពិភពលោក។ កម្មករ កសិករ ពលករ ច្រើន​តែ​​ជា​ជន​រងគ្រោះ និង​ ជា​អ្នក​ទទួល​ផល​អាក្រក់​មុន​គេ ពី​ការឡើង​កម្តៅអាកាសធាតុ​​​​​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ពលកម្មអន្តរជាតិ​​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទទី ២២​មេសា​២០២៤ ដែល​មាន​ចំណង​ជើង​ថា​ “​ធានា​សន្តិសុខ​និង​សុខភាព​ការងារ​ក្នុង​សម័យ​អាកាសធាតុ​ប្រែប្រួល”។
 
កម្តៅ​ជាការ​​គំរាម​កំហែង​សុខភាព​ពលករ​ដំបូង​គេ។ កម្លាំង​ពលកម្ម​ជិត​៧១%​ ឬ​ត្រូវ​ជា​ប្រមាណ​២៤០០​លាន​នាក់​ ទំនង​កំពុង​ធ្វើ​ការក្រោម​កម្តៅ​ដ៏​ក្តៅ​ហួសហេតុ​​ ក្នុង​អំឡុង​ពេលណា​មួយ​​នៃ​ម៉ោង​ធ្វើការ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​អង្គការ​ពលកម្មអន្តរជាតិ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ឆ្នាំ​២០២០ ដែល​កាលណោះ​ អត្រា​អ្នក​ប្រឈម​នឹង​កម្តៅ​ថ្ងៃ​មាន​ត្រឹម​៦៥%។ អ្នក​ធ្វើការ​ ក្រោម​ដំបូល ក្នុង​ទី​បិទ​ជិតគ្មានបំពាក់​​ចរន្តបង្វិល​​ខ្យល់ត្រឹម​ត្រូវ​​​ ក៏​ប្រឈម​នឹង​ហានិភ័យ​​ក្តៅ​ថប់​​យ៉ាង​ខ្ពស់​ត្រដែតដែរ។ ចំនួន​ពលករ​រស់​ប្រឈម​នឹង​ហានិភ័យ​ពាក់ព័ន្ធ​នឹងការ​ប្រែប្រួល​​អាកាសធាតុ​​មាន​ច្រើន​ក្រៃ​ និង​កាន់​តែ​ច្រើន​ឡើង​ៗ​ជា​លំដាប់។
 
ក្រៅ​អំពីកម្តៅ​ថ្ងៃ និង​ការ​ក្តៅ​ជ្រុល​ កសិករ កម្មករ​ លី​សែង-សំណង់ ឬ​ពលករ​ប្រើ​កម្លាំងផ្សេង​ទៀត ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​មួយ​គំនរ​ទៀត ដូច​ជា​កាំរស្មី​UV ខ្យល់ពុល ថ្នាំ​គីមីកសិកម្ម ឬ​ ជំងឺ​ឆ្លង​ដោយ​ភ្នាក់ងារ​ចម្លង​ជា​សត្វ​ល្អិត ​(គ្រុនចាញ់ គ្រុន​ឈាម ...)  ដែល​លូត​លាស់​និង​ពង្រីក​ផ្ទៃ​ដី​ចម្លង​កាន់​តែ​ធំក្រោម​​ឥទ្ធិពល​នៃ​ការឡើង​កម្តៅ​សីតុណ្ហភាព​នៃ​ភពផែន​ដី។
 
សម្រាប់​លោក​ស្រី ម៉ាណាល់ អាស្ហ៊ី Manal Azzi ទទួល​បន្ទុក​ផ្នែក​​សន្តិសុខ​និង​សុខភាព​ការងារ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ភាព​ប្រឈម​នឹង​គ្រោះ​ថ្នាក់​របស់ពលករនិង​ផលប៉ះពាល់​ចំពោះ​សុខភាព ដោយហេតុ​តែ​ការ​ប្រែប្រួលអាកាសធាតុ​ ជា​បញ្ហាធំ​ខ្លាំង​ណាស់​ តែ​គេ​ច្រើន​បំភ្លេច​ នៅពេល​ជជែក​អំពី​បម្រែបម្រួល​​​អាកាសធាតុ​។ ក្នុង​មួយ​ឆ្នាំៗ មាន​គ្រោះ​ថ្នាក់​ក្នុង​ការងារ​ដោយ​កម្តៅ​ជ្រុល ដល់​ជិត​២៣លាន​គ្រោះថ្នាក់ ដែល​ធ្វើ​ខាត​បង់​ជីវិត​អស់​ប្រមាណ​១៩០០០នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ពលកម្មអន្តរជាតិ​ដដែល ដែល​​កត់​ត្រា​ឃើញ​មាន​បញ្ហា​សុខភាព​ជា​ច្រើនពាក់​ព័ន្ធ​អាកាសធាតុ ​ក្នុង​រង្វង់​ពលករ មាន​ជាអាទិ៍​ជំងឺ​មហារីក​ ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ ផ្លូវ​ដង្ហើម តម្រងនោម និង​ផ្លូវចិត្ត​។
 
អង្គការ​ប៉ាន់​ប្រមាណ​ទៀត​ថា ក្នុង​ចំណោម​ពលករ​ជាង​១​៦០០​លាន​នាក់​នៅលើ​ពិភពលោកធ្វើការ​រង​ពន្លឺ​កាំរស្មី​ព្រះអាទិត្យ ១៨៩៦០នាក់​បាន​ស្លាប់​ដោយ​ជំងឺ​មហារីក​ស្បែក​ដែល​មិន​បង្ក​ឡើងដោយ​មេឡាណូម។  ៨​៦០០០០នាក់​ស្លាប់​ដោយ​ខ្យល់​ពុល​នៅ​កន្លែង​ធ្វើការ។ ជាង​៨៧០​លាននាក់​ ជា​ពលករ​ក្នុង​វិស័យ​កសិកម្ម​រស់​ស្រូប​ថ្នាំពុល​សម្លាប់​សត្វ​ល្អិត ហើយ​ជាង​បី​សែន​នាក់​បាន​ស្លាប់ដោយពុល​ថ្នាំ​គីមីកសិកម្ម។
 
លោកស្រី អាស្ហ៊ី បានប្រកាស​​ថា​ការ​ប្រែប្រួល​អាកាសធាតុ​ បង្កើត​ហានិភ័យ​សុខភាព ​​បន្ថែម យ៉ាង​ធ្ងន់ធ្ងរ​ស្រេច​ទៅហើយសម្រាប់​ពលករ​។ ហើយ​ហានិភ័យ​ពាក់ព័ន្ធ​នឹង​អាកាសធាតុ វិវឌ្ឍ​រហ័សនិង​លឿន​ខ្លាំង​ណាស់​ ដូច្នេះ​អង្គការ​សូម​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​បំពេញ​កាតព្វកិច្ច​ សើរើ​ច្បាប់​ការងារ​ដែល​មានស្រាប់ ឬ​បង្កើត​វិធាន​ច្បាប់​ថ្មី​ដើម្បី​ធានាការពារ​ពលករ​ឱ្យ​សមស្រប​ទៅ​នឹ​ងស្ថានភាព​បរិស្ថានប្រែប្រួល៕

© រក្សាសិទ្ធិដោយ thmeythmey.com