ជាតិ
របរដាំបន្លែចម្រុះ ជួយកសិករនៅតំបន់ឆ្នេរ មានជីវភាពកាន់តែប្រសើរ
24, Apr 2024 , 1:59 pm        
រូបភាព
​កសិករនៅតំបន់ឆ្នេរ មានជីវភាពល្អប្រសើរ តាមរយៈការដាំបន្លែ និងដំណាំចម្រុះ បន្ថែមពីការធ្វើធ្វើស្រែ និងនេសាទ។ ការដាំដុះបន្លែ កំពុងផ្តល់ប្រាក់ចំណូលជាប្រចាំថ្ងៃដល់ពួកគេ។ ​កសិករជាច្រើនគ្រួសារ បានទទួលការបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែបន្ថែម ពីគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍ​ប្រកបក​ដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម នៃ Capfish Capture ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹង និងជីវភាពកសិករ ដែលប្រឈមមុខនឹងការបញ្ហាដែលបង្កឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុ។ គម្រោងនេះ ក៏ផ្តល់​សម្ភារ និងគ្រាប់ពូជបន្លែមួយចំនួនសម្រាប់ការដាំដុះដល់កសិករផងដែរ។

  
សូមអញ្ជើញលោកអ្នកនាងទស្សនាបទយកការណ៍ខាងក្រោមនេះដូចតទៅ៖ 
 

លោក ទ្រីញ សែ  ជាកសិកររស់នៅភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ លោក ជា​​​កសិករម្នាក់ ​ក្នុងចំណោមកសិករផ្សេងទៀត ដែលទទួលបានការបណ្តុះបណ្តាលបច្ចេក​ទេសដាំបន្លែ ពីគម្រោង​សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍ​ប្រកបក​ដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម នៃ Capfish Capture។ ក្រៅពីការបណ្តុះបណ្តាល គម្រោងក៏ផ្តល់​​គ្រាប់ពូជបន្លែ និងសម្ភារមួយចំនួនសម្រាប់ក្នុងការដាំដុះផងដែរ។ 
​​
លោក ទ្រីញ សែ   អ្នកដាំបន្លែ និងដំណាំចម្រុះ នៅ​ភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
 
បម្រែបម្រួល​អាកាសធាតុ​ បាន និងកំពុងជះ​​ឥទ្ធិពល​យ៉ាង​ខ្លាំង​ ដល់​សហគមន៍​នៅតំបន់ឆ្នេរ ​ក្នុង​ប្រ​ទេស​កម្ពុជា។ បញ្ហាផ្សេងៗទៀត ​ក៏កំពុង​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋរងផល​ប៉ះពាល់ផងដែរ។ ប្រជាកសិករដែលជាច្រើនរួមទាំងលោក សែ ផង បានជួបប្រទះនឹងទិន្នផលស្រូវធ្លាក់ចុះ ដែល​ធ្វើឱ្យជីវភាពប្រឈមមុខនឹងការលំបាក​​។ 
 
ដើម្បីគេចចេញការគំរាមកំហែង ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងបង្កើន​​​ប្រាក់​ចំណូលប្រចាំថ្ងៃ​ លោក សែ បានប្រែកក្លាយដីស្រែដែលខ្លួនប្រមូលផលរួច ទៅជាសួនបន្លែ និងដំណាំជាច្រើនមុខ។ ​បច្ចុប្បន្ន កសិកររូបនេះ​លែងបារម្ភពីការចំណាយទៀតហើយ​ ព្រោះលោកមានចំណូលប្រចាំថ្ងៃ ​ពីការលក់បន្លែ និងដំណាំរបស់ខ្លួន។ «ដំបូងដើរតែធ្វើការងារសំណង់ ហើយមើលទៅ(ជីវភាព) អត់​ ដល់ចឹង(គម្រោង)មានបង្រៀនឱ្យដាំបន្លែ ខ្ញុំទៅរៀន។ ដាំហើយយើងបាន! មុនដំបូងដាំតិចទេ ពេលដាំយើងឃើញថាជីវភាពយើង​ដូចរាងឡើង ​ដូចគ្រាន់បើ យើងដាំបន្ថែមៗ តទៅមុខទៀត»។ លោក ទ្រីញ សែ រៀបរាប់​ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
 
កសិករម្នាក់ទៀត នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត គឺអ្នកស្រី កូវ គីម ក៏កំពុងតែពេញចិត្តនឹងចំណូល ដែលបានពីការដាំបន្លែចម្រុះរបស់ខ្លួនដែរ។ កសិករវ័យ ៥២ ឆ្នាំរូបនេះ ដាំដុះត្រសក់ ​ម្ទេស  និងជីជាច្រើនមុខ ដែលបន្លែទាំងអស់នេះ គឺជាប្រភពចំណូលចម្បងរបស់អ្នន​ស្រី កូវ គីម។ អ្នកស្រី កូវ គីម បន្ថែមពីការចាត់ចែងប្រាក់ចំណូលដែលបានមកពីការលក់បន្លែចម្រុះរបស់ខ្លួនដូច្នេះថា៖ «​ខ្ញុំអត់មានកូន មានចៅអី ពិបាកទៀតទេ។ កូនគេការហើយ ចេញអស់មានតែពីរនាក់យាយតា។ កូនគេការអស់។ (ចំណូល)បានមក យើងគ្រាន់បានដោះដូរទិញហូប យើង​បានធ្វើបុណ្យ ធ្វើទានខ្លះ។ បានចាយ ចង់ដៃការគេ ដើរធ្វើបុណ្យ ធ្វើទាន»។
 
អ្នកស្រីកូវ គីម អ្នកដាំ​ត្រសក់ ម្ទេស និងជីរគ្រប់មុខ នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ​
 
​ការបណ្តុះបណ្តាលបច្ចេកដាំដុះបន្លែ ពីគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍ​ប្រកបក​ដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម នៃ Capfish Capture គឺមានសារៈប្រយោជន៍ណាស់សម្រាប់កសិករ នៅក្នុងស្ថានភាពនៃបម្រែបម្រួលអាកាសធាតុដូចសព្វថ្ងៃ។ នេះជាការបញ្ជាក់របស់លោក ​ខែម កប ដែលជាអ្នកដាំបន្លែនៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតនេះដែរ។ 

លោក ខែម កប អ្នកដាំ​ត្រសក់ ម្ទេស និងម្រះ នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
 
កសិកររូបនេះ កំពុងដាំដុះបន្លែដូចជា ត្រសក់ ម្ទេស និងម្រះជាដើម។ បើតាម លោក ខែម កប ​​ការទទួលបានចំណេះដឹងបន្ថែម បូកផ្សំនឹងបទពិសោធន៍ដាំដុះ​​របស់ខ្លួន បានធ្វើឱ្យបន្លែ និងដាំណាំ ផ្តល់ទិន្នផលល្អ ដែលនាំឱ្យចំណូលគ្រួសារកើនឡើងដែរ។ «យើង(បាន)ចំណូលពីបន្លែទៅ អាចដោះដូរកូនរៀនក៏អត់ពិបាកដែរ។ យើងយកលុយទៅប្រើប្រាស់​លើប្រេង ជីរ ម៉ូតូ លុយកូនរៀន ​ចំណាយផ្សេងៗ ការ(ចំណាយ)ក្នុងផ្ទះយើងលក្ខណៈគ្រួសារ យើងចេញពីមកផ្ទះព្រលឹមឡើង យើងត្រូវការចាយលុយលើ(ចំណូលពីបន្លែ)ហ្នឹងទាំងអស់»។ លោក ខែម កប បញ្ជាក់បែបនេះ។
​​
ក្រៅពីត្រេកអរនឹងជីវភាពរបស់ខ្លួនសព្វថ្ងៃ កសិករទាំងនេះ បានបង្ហាញបំណងពង្រីក​ការដាំបន្លែ និងដំណាំតាមរដូវកាលដែលមានតម្រូវការខ្ពស់បន្ថែមទៀត​ ជាមួយនឹងជំនឿថា ​​ការ​វិនិយោគលើការដាំដុះបន្ថែម​ នឹង​កែប្រែជីវភាពគ្រួសារ​កាន់តែ​ប្រសើរឡើង។ 
 
​លោក ទ្រីញ សែ រៀបរាប់ទាំងញញឹមញញែមថា៖ «ខ្ញុំចង់ពង្រីកបន្ថែមទៀត ព្រោះអីខ្ញុំចង់បានដាំឱ្យលើសហ្នឹងទៀត។ យើងឃើញឥឡូវយើងរីកចម្រើនបន្តិច យើងចេះតែដាំថែម ឱ្យចេះតែច្រើនទៀតឱ្យធំបន្តិច។ យើងដាំច្រើន ចំណូលយើងកើនឡើងទៀតហើយ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com