អន្តរជាតិ
TikTok ប្តេជ្ញាតតាំងអាម៉េរិកនៅតុលាការ ក្រោយប្រឈមការបិទ
25, Apr 2024 , 10:59 am        
រូបភាព
លោក Shou Zi Chew នាយកប្រតិបត្តិបណ្តាញសង្គម TikTok។ រូបភាព AFP
លោក Shou Zi Chew នាយកប្រតិបត្តិបណ្តាញសង្គម TikTok។ រូបភាព AFP
នាយកប្រតិបត្តិបណ្តាញសង្គមTikTok ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន ByteDance នៅថ្ងៃទី២៤ ខែមេសា បានប្តេជ្ញាតតាំងជាមួយអាម៉េរិកនៅតុលាការ ក្រោយប្រធានាធិបតីអាម៉េរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ជំរុញTikTok លក់ឱ្យក្រុមហ៊ុនអាម៉េរិកទៅជាច្បាប់។

 
ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន នៅថ្ងៃទី២៤ ខែមេសា បានចុះហត្ថលេខាលើកញ្ចប់សេចក្តីព្រាងច្បាប់ ដោយក្នុងនោះមានសេចក្តីព្រាងច្បាប់ជំរុញTikTok លក់ឱ្យក្រុមហ៊ុនអាម៉េរិកទៅជាច្បាប់ផង។ ជំនួយទៅអ៊ុយក្រែន អុីស្រាអែល និងអាស៊ី-ប៉ាស៊ីហ្វិក ក៏ស្ថិតនៅក្នុងកញ្ចប់នោះដែរ។ ច្បាប់រឹតត្បិត TikTok នោះ បានផ្តល់រយៈពេល ៩ខែ ដល់ក្រុមហ៊ុន ByteDance ដើម្បីលក់ TikTok ទៅក្រុមហ៊ុនអាម៉េរិក បើមិនចង់បាត់វត្តមានពី App Store ឬ Play Store នៅក្នុងទឹកដីមួយនេះ។ 
 
នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានប្តេជ្ញាតតាំងជាមួយអាម៉េរិកនៅតុលាការ ដើម្បីការពារសិទ្ធិបញ្ចេញមតិប្រជាជនអាម៉េរិក។
 
«យើងនឹងបន្តតតាំងជាមួយសិទ្ធិរបស់អ្នកនៅតុលាការ។ ការពិត និងរដ្ឋធម្មនុញ្ញ គាំទ្រយើង»។ នាយកប្រតិបត្តិបណ្តាញសង្គម TikTok បានបញ្ជាក់បែបនេះ នៅក្នុងវីដេអូខ្លីបង្ហោះលើបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី២៤ ខែមេសា ដោយបង្ហាញក្តីជឿជាក់ថា ក្រុមហ៊ុន TikTok នឹងមិនចាកចេញពីទឹកដីអាម៉េរិកឡើយ។ 
 
បើតាមលោក Shou Zi Chew ការរឹតត្បិតក្រុមហ៊ុនTikTokលើដីអាម៉េរិក ជាការបិទការបញ្ចេញមតិប្រជាជនអាម៉េរិក។ ប្រជាជនអាម៉េរិកលើសពី ១០០លាននាក់ បានប្រើប្រាស់TikTok ដើម្បីកម្សាន្ត និងបង្ហាញពីគំនិតយោបល់របស់ខ្លួន ខណៈរដ្ឋាភិបាលបានចោទថា បក្សកុម្មុយនីស្តចិន អាចទាញទិន្នន័យអ្នកប្រើប្រាស់នៅអាម៉េរិក តាមរយៈបណ្តាសង្គមមួយនេះ។ នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុនរដ្ឋចិន WangTouZhongWen បានទិញភាគហ៊ុនក្រុមហ៊ុន ByteDance ចំនួន ១ភាគរយ។ 
 
នៅចំពោះមុខសមាជិកសភានៅពេលកន្លងមក លោក Shou Zi Chew បានការពារថា ក្រុមហ៊ុន TikTok មិនបានផ្តល់ទិន្នន័យឱ្យបក្សកុម្មុយនីស្តចិននោះទេ ហើយក្រុមហ៊ុនបានវិនិយោគប្រាក់ជាច្រើនលានដុល្លារ ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតចេញនៅថ្ងៃ២៤ ខែមេសាដដែល បណ្តាញសង្គម TikTok បានការពារថា ខ្លួនបានវិនិយោគទឹកប្រាក់ជាច្រើនលានដុល្លារ ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់អាម៉េរិក និងធ្វើឱ្យ TikTok ក្លាយជាវេទិកាមានភាពឯករាជ្យ និងមិនស្ថិតក្រោមការគ្រប់គ្រង៕

Tag:
 TikTok
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com