កីឡាអន្តរជាតិ
អន្តរជាតិ
អតីតគ្រូ Man Utd លោក Rangnick បានទាក់ទងគ្នាជាមួយនឹងក្លិប Bayern Munich
25, Apr 2024 , 7:39 pm        
រូបភាព
លោក Ralf Rangnick គ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស បានទាក់ទងក្រុម Bayern Munich ខណៈក្លិបស្ថិតក្នុងប្រទេសអាល្លឺម៉ង់កំពុងតែស្វែងរកអ្នកស្នងតំណែងលោក Thomas Tuchel ដែលត្រៀមចេញក្រោយចប់រដូវកាល។



លោក Rangnick បានបញ្ជាក់ថាមិនទាន់មានការព្រមព្រៀងអ្វីឡើយចំពោះឱកាសនៅក្លិប Bayern ស្របពេលលោកផ្តោតលើការដឹកនាំអូទ្រីស ត្រៀមការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់ក្នុងខែមិថុនាជាមុនសិន។ 
 
«ពិតជាមានការទាក់ទងគ្នាពិតមែនពីសំណាក់ខាងក្លិប Bayern Munich ហើយខ្ញុំបានប្រាប់រឿងនេះទៅកាន់សហព័ន្ធបាល់ទាត់អូទ្រីសដូចគ្នា។ យើងមានការជឿជាក់គ្នាសម្រាប់ទំនាក់ទំនងមួយនេះ ខ្ញុំបានផ្តោតខ្លាំងនោះគឺក្រុមជម្រើសជាតិអូទ្រីស យើងផ្តោតលើការបំពេញភារកិច្ចនៅ Euro ជាមុនសិន។ ខ្ញុំផ្តោតអារម្មណ៍ល្អនៅទីនេះ ពេលនេះគ្មានហេតុផលដើម្បីដោះស្រាយលើបញ្ហាផ្សេងនោះទេ។»។ លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បានលើកឡើងដូច្នេះ។
 
សម្រាប់ Bayern ដែលធ្លាប់ឈ្នះពានលីគ ១១លើកជាប់គ្នា បានរបូតពានរង្វាន់ក្នុងស្រុករដូវកាលនេះទៅកាន់ Bayer Leverkusen ទោះបីជានៅសល់ការប្រកួតចំនួន ៥ ទៀតក៏ដោយ។ លោក Tuchel ដែលកាន់កាប់ Bayern បានជាង ១រដូវកាល បានប្រកាសថានឹងចាកចេញតំណែងក្រោយចប់រដូវកាល ក្រោយពេលក្រុមបរាជ័យធ្លាក់ចេញពីពាន German Cup ក្រោមថ្វីជើងក្រុមលីគទី៣ Saarbruecken។
 
យ៉ាងណាក៏ Bayern នៅសល់ការប្រជែងពាន UEFA Champions League ដោយត្រូវជួប Real Madrid វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
បុរសវ័យ ៦៥ឆ្នាំ ដែលធ្លាប់ដឹកនាំក្រុម Man United និង RB Leipzig អះអាងថាលោកអាចនឹងព្រមព្រៀងជាមួយ Bayern ប្រសិនបើក្លិបផ្តល់សំណើរដ៏សមរម្យមួយដល់លោក។ លោក Rangnick បន្ថែមដូច្នេះថា«បើ Bayern និយាយថាយើងចង់បានអ្នក ហើយខ្ញុំក៏នឹងត្រូវសួរខ្លួនឯងវិញថា តើខ្ញុំត្រូវការរឿងនេះឬយ៉ាងណា? ប្រសិនបើខ្ញុំចង់ធ្វើអ្វីផ្សេងនោះ ខ្ញុំនឹងជជែកជាមួយនឹងក្រុមជម្រើសជាតិអូទ្រីស។»៕

Tag:
 Ralf Rangnick
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com