អន្តរជាតិ
អង្គការWHO ព្រមានកំណើនក្មេងវ័យជំទង់បរិភោគគ្រឿងស្រវឹង និងជក់បារីអេឡិចត្រូនិក
26, Apr 2024 , 3:50 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
កំណើនបរិភោគគ្រឿងស្រវឹង និងប្រើប្រាស់បារីអេឡិចត្រូនិកពីសំណាក់ក្មេងវ័យជំទង់នៅតំបន់អឺរ៉ុប អាស៊ីកណ្តាល និងកាណាដា កំពុងស្ថិតក្នុងស្ថានភាពអាសន្ន។ អង្គការសុខភាពពិភពលោក (WHO) បានព្រមានបែបនេះ នៅថ្ងៃទី២៥ ខែមេសា ដោយអំពាវនាវឱ្យបណ្តាប្រទេសទាំងនោះដាក់ចេញគោលនយោបាយរឹតត្បិត ដើម្បីទប់ស្កាត់ការជះឥទ្ធិពលអវិជ្ជមានលើក្មេងៗ និងសង្គម។

 
នៅក្នុងការស្រង់មតិលើមនុស្សវ័យជំទង់ ដែលមានអាយុ១១ឆ្នាំ, ១៣ឆ្នាំ និង១៥ឆ្នាំ នៅតំបន់អឺរ៉ុប អាស៊ីកណ្តាល និងកាណាដាចំនួន ២៨ម៉ឺននាក់ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងលើកំណើនបរិភោគគ្រឿងស្រវឹង និងការប្រើប្រាស់បារីអេឡិចត្រូនិក។ 
 
«ផលវិបាករយៈពេលវែងនៃនិន្នាការនេះ គឺសំខាន់ ហើយអ្នកតាក់តែងគោលនយោបាយ មិនអាចមិនអើពើពី លទ្ធផលនេះបានឡើយ»។ អង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុប បានបញ្ជាក់បែបនេះក្នុងរបាយការណ៍ចេញនៅថ្ងៃទី២៥ ខែមេសា។ 
 
ក្នុងការស្រង់មតិនោះ អង្គការ WHO បានរកឃើញថា ៥៧ភាគរយនៃក្មេងវ័យ ១៥ឆ្នាំ ធ្លាប់ស្រវឹងយ៉ាងហោចណាស់ ១ដង។ ក្នុងអាយុ និងលក្ខខណ្ឌដដែល ក្មេងស្រីមាន ៥៩ភាគរយ ពោលគឺខ្ពស់ជាងក្មេងប្រុស ៥៦ភាគរយ។ 
 
នៅក្នុងលក្ខខណ្ឌពេលបច្ចុប្បន្ន អង្គការពិភពលោកដដែលបានរកឃើញថា ក្មេងប្រុសអាយុ ១១ឆ្នាំមានចំនួន ៨ភាគរយ ធ្លាប់ស្រវឹងម្តងក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយ ខណៈក្មេងស្រីមានចំនួន ៥ភាគរយ។ សម្រាប់អាយុ ១៥ឆ្នាំ ក្មេងស្រីចំនួន ៣៨ភាគរយធ្លាប់ស្រវឹងម្តង ខណៈក្មេងប្រុសមានចំនួន ៣៦ភាគរយ។ របាយការណ៍ដែលប្រមូលទិន្នន័យពីប្រទេសចំនួន ៥៣ បានបង្ហាញទៀតថា ក្មេងជំទង់ចំនួន ៩ភាគរយ ធ្លាប់បរិភោគគ្រឿងស្រវឹងយ៉ាងខ្លាំង ពោលគឺធ្លាប់ស្រវឹងលើសពី ២ដង។ 
 
មិនត្រឹមតែបង្ហាញពីទិន្នន័យការប្រើប្រាស់គ្រឿងស្រវឹងរបស់ក្មេងជំទង់ទេ អង្គការសុខភាពពិភពលោក ក៏បានបង្ហាញពីក្តីបារម្ភលើក្មេងៗប្រើប្រាស់បារីអេឡិចត្រូនិកផងដែរ បើទោះការប្រើប្រាស់បារីមានការធ្លាក់ចុះ។
 
«ការប្រើប្រាស់សារធាតុគ្រោះថ្នាក់កាន់តែខ្លាំងក្នុងចំណោមក្មេងៗ នៅបណ្តាប្រទេសជាច្រើនទូទាំងអឺរ៉ុប និងលើសពីនេះ ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈ»។ អង្គការ WHO បានសង្កត់ធ្ងន់បែបនេះ ដោយបានបង្ហាញទិន្នន័យថា ៣២ភាគរយនៃក្មេងវ័យ ១៥ឆ្នាំបានប្រើប្រាស់អេឡិចត្រូនិក និង២០ភាគរយ បានប្រើប្រាស់ឧបករណ៍នេះម្តងក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយ។ 
 
បើទោះការប្រើប្រាស់បារីមានការថយចុះខ្លាំង ដោយមានចំនួន១៣ភាគរយនៃក្មេងវ័យពី១១ឆ្នាំ ដល់១៣ឆ្នាំ នៅក្នុងឆ្នាំ២០២២ ប៉ុន្តែក្មេងវ័យជំទង់ទាំងនោះ បានប្តូរទៅប្រើបារីអេឡិចត្រូនិក។ ត្រង់ចំណុចនេះ អង្គការសុខភាពពិភពលោក បានព្រមានសារធាតុនោះ នឹងធ្វើឱ្យប៉ះពាល់កុមារ ហើយថែមទាំង ធ្វើឱ្យពួកគេញៀនប្រើប្រាស់បារីអេឡិចត្រូនិក។ 
 
ត្រង់ចំណុចនេះ វាមិនត្រឹមតែជះឥទ្ធិពលអវិជ្ជមានដល់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែសង្គម រងផលប៉ះពាល់ផងដែរ។ អង្គការWHO បានទទូចឱ្យមានការរឹតត្បិត និងការកំណត់លើការផ្សព្វផ្សាយពាណិជ្ជកម្ម៕ 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com