ជាតិ
វីដេអូ
ហាង ​LA PLANTATION​ ដាក់តាំង​ម៉ាស៊ីន​ថត​រូប​បុរាណ​មួយគ្រឿង​ និងសម្ភារចាស់ៗមួយចំនួនទៀត
27, Apr 2024 , 9:19 am        
រូបភាព
ភ្នំពេញ៖ ក្នុង​ហាង​លក់​គ្រឿង​ទេស LA PLANTATION មាន​តាំងម៉ាស៊ីនថត​រូប​មួយ​ដ៏​បុ​រាណ ព្រម​ទាំង​ស្រោម​របស់​វា​ពី​ដើម ធ្វើ​អំពី​ស្បែក។ ​​ម៉ាស៊ីនថតរូបនេះ ត្រូវបានផលិតឡើងនៅចន្លោះ​ឆ្នាំ​១៩៣០-១៩៥១។ ពិតណាស់ ម៉ាស៊ីន​អាយុកាល​៨០ឆ្នាំ ១គ្រឿងនេះ មិនមាន​ទាក់ទងអ្វីបន្តិចសោះនឹងគ្រឿងទេស និងផលិតផលម្រេចសរីរាង្គដែលហាងនេះលក់​។​ គឺគេដាក់តាំងវា​ ដើម្បី​បង្ហាញ​អំពី​ភាពពិត​នៃ​គ្រឿង​ទេស​ទាំង​អស់ ដែល​គេ​ផលិត។ គ្រឿងទេស ​ដែល​គេ​លក់​មិនមែន​ខ្ចប់​ក្នុង​ប្លាស្ទិក​ទេ គឺ​គេ​ប្រើ​ក្រដាស​ស៊ីម៉ងត៍ និង​ក្រាដាសកាតុង​ពណ៌ដូចគ្នា ឬកែវ។ ​ក្រៅពីម៉ាស៊ីនថតរូប​ហាងនេះ ​ក៏មានតាំងវត្ថុធ្វើពីឈើ​ កន្ត្រ​ក រូបថត​សខ្មៅ និង​វត្ថុ​បុរាណ​ដូចជាកេស​ កៅអី​ និង​កែវយឹតផងដែរ​។ ​

 
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖

 
 
​ម៉ាស៊ីនថតរូប​នោះជា​ម៉ាក BESSA ប្រភេទ Voigtländer ១គ្រឿង ផលិត​​នៅ​ប្រទេស​អាល្លឺម៉ង់ រវាង​ឆ្នាំ​១៩៣០ និង​ឆ្នាំ​១៩៥១។ វា​មាន​កែវ Voigtar ១១​សង់ទីម៉ែត្រ ប្រវែង​ហ្វូកាល ƒ១:៤,៥។ ម៉ាស៊ីនថតរូប BESSA នេះប្រើ​ស្តង់ដារ​ហ្វីល ៣៥​មីលីម៉ែត្រ​ធម្មតា។ អ្វី​ដែល​ចម្លែក​ប្រសិនបើ​ប្រៀបធៀប​ជា​មួយម៉ាស៊ីនថតរូប​​សម័យ​បច្ចុប្បន្ន ​គឺ​វា​មិន​មាន​ប្រហោង​ដាក់​ថ្មទេ។ គឺ​មក​ពី​វាមិន​ប្រើ​ថាមពល​ក្រៅ​ពី​ដៃ​អ្នក​ប្រើ​តែ​ម្ដង! មិន​មាន​អេក្រង់​ទេ។ ការ​​ផ្លាស់ប្តូរមុខងារថត​ ​ត្រូវ​ចុច​ប៊ូតុងខ្លះៗ ឬ​បង្វិល​ផ្ទាល់ដៃ។ ដើម្បី​​ថតគេ​ត្រូវ​ការ​តែ​ចុចនៅត្រង់​រ៉ឺស័រថតដោយប្រើម្រាម​ដៃ​មួយប៉ុណ្ណោះ​។ ថត​មួយ​ប៉ុស្តិ៍​ហើយ ត្រូវ​បង្វិល​ម៉ានីវែល ​ដើម្បី​រុំ​ហ្វីល​ខាង​ក្នុង។
 
ពលរដ្ឋ​សញ្ជាតិ​បារាំង ​លោក NIÈPCE Nicéphore បាន​បង្កើត​ការ​ថត​រូប​នា​ឆ្នាំ​១៨២៦។ ឆ្នាំ​១៨៦១ គេ​បង្កើត​ការ​ថត​រូប ដែលមាន​ពណ៌។ ហើយ​ឆ្នាំ​១៩៦៩​ គេ​បង្កើត​ការថត​រូប​តាម​បច្ចេកទេស​ឌីជីថល ដែល​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។
 

ក្រុមហ៊ុន LA PLANTATION មាន​ផ្នែក​ផ្សេងៗ​ដូចជា ចម្ការ​ម្រេច​កំពត កសិកម្ម​គ្រឿងទេស និង​តែ​ច្រើន​មុខ ផ្នែកទទួល​ភ្ញៀវ​ទេសចរ ក្នុងចម្ការ ​សណ្ឋាគារ និងភោជនីយដ្ឋាន ហើយផ្នែកសប្បុរសធម៌​​​ ផ្ដល់​ឱកាស​ឱ្យ​កុមារាកុមារី​ក្រីក្រទៅ​រៀន។ ហាង​លក់រាជធានីភ្នំ​ពេញ ស្ថិត​នៅ​ខាង​កើត​ផ្សារ​ទួលទំពូង ផ្ទះ​លេខ​១៦២ ផ្លូវ​១៥៥ សង្កាត់​ទួលទំពូង ខណ្ឌ​ចម្ការមន។​ ពាក្យបារាំង plantation មាន​ន័យ​ថា ចម្ការ ​តែ​ម្ដង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com