កីឡាជាតិ
ជាតិ
បើកក្លិបបាល់ទាត់នៅកម្ពុជា មិនទាន់ចំណេញ ប៉ុន្ដែប្រធានក្លិបគ្រប់រូប ខ្នះខ្នែងព្រោះស្រឡាញ់
08, May 2024 , 8:59 am        
រូបភាព
លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត រូបពីក្លិបបឹងកេត
លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត រូបពីក្លិបបឹងកេត
លោក ភាព សុខសម្បត្តិ អ្នកវិភាគ និងអ្នកអត្ថាធិប្បាយកីឡាបាល់ទាត់លីគកំពូលកម្ពុជា សង្កេតឃើញក្លិបបាល់ទាត់កម្ពុជា ខាតច្រើនជារៀងរាល់រដូវកាល។ ការខាតបង់នោះ នឹងអាចបណ្ដាលឲ្យក្លិប ក្ស័យធន ប្រសិនជាមិនមានអ្នកឧបត្ថម្ភជួយទ្រទ្រង់បញ្ហានេះ។ លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត ធ្លាប់គិតចង់បោះបង់ចោលក្លិបនេះ ប៉ុន្ដែមិនដាច់ចិត្តព្រោះតែក្ដីស្រឡាញ់ ក្នុងវិស័យបាល់ទាត់។



ជារៀងរាល់រដូវកាល ក្លិបបាល់ទាត់កម្ពុជា បានខាតដើមទុនចន្លោះពី ៥០ម៉ឺនដុល្លារ ទៅ១លានដុល្លារ។ ក្លិប ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ត្រូវការចំណាយលើប្រាក់ខែបុគ្គលិក គ្រូបង្វឹក មន្ដ្រីជំនាញ កីឡាករ គម្រោងអភិវឌ្ឍយុវជន ការហ្វឹកហាត់ និងការធ្វើដំណើរចេញទៅប្រកួតក្រៅដី។
 
ជាមួយនឹងការចំណាយ ក្លិបបានចំណូលខ្លះ ពីការលក់សំបុត្រទស្សនាការប្រកួត ខោអាវកីឡា សម្ភារៈកីឡានានា។ ប៉ុន្ដែ ចំណូលទាំងនោះ មិនគ្រប់គ្រាន់ទេសម្រាប់ការចំណាយ។ ដោយឡែក ក្លិបមួយចំនួន មានក្រុមហ៊ុនឯកជនឧបត្ថម្ភច្រើន ហើយខ្លះក៏តិច។ ទោះជាយ៉ាងនោះក្ដី ការឧបត្ថម្ភទាំងនោះ មិនអាចជួយបានទាំងស្រុងលើការចំណាយឡើយ ដោយគ្រាន់តែជួយសម្រាលដល់ក្លិប បានខ្លះ។
 
លោក ភាព សុខសម្បត្តិ យល់ថា ក្លិប ដែលមានក្រុមហ៊ុនឯកជនឧបត្ថម្ភច្រើន គ្រាន់តែអាចទប់ទល់លើការចំណាយមួយភាគប៉ុណ្ណោះ ប៉ុន្ដែការចំណាយមួយភាគទៀត គឺស្ថិតនៅលើក្លិប។
អ្នកអត្ថាធិប្បាយរូបនេះ បន្ថែមថា ប្រសិនជារៀងរាល់សប្ដាហ៍មានអ្នកទស្សនាច្រើន ក៏បានជួយក្លិបខ្លះ ប៉ុន្ដែសំខាន់ចំនួនអ្នកទស្សនាច្រើន ជាការលើកទឹកចិត្តដល់ប្រធានក្លិបនីមួយៗ ក្នុងការបន្ដក្លិបរបស់ខ្លួន បើទោះជាត្រូវប្រឈមក្នុងការខាតបង់ ក៏ដោយ។
 
«អ្នកឧបត្ថម្ភ គ្រាន់តែជាចំណែកទប់ទល់មួយ មិចអាចថាមានអ្នកឧបត្ថម្ភ ច្រើននៅលើអាវហ្នឹង អាចចាត់ចែងទាំងស្រុងលើការចំណាយទាំងអស់បានទេ ព្រោះក្លិបមួយៗ អាចចំណាយលើសពី១លានដុល្លារក្នុងមួយឆ្នាំ ប្រសិនជាក្លិបនោះមានរចនាសម្ព័ន្ធត្រឹមត្រូវ។ ប្រសិនក្លិបខ្លះមានគោលដៅត្រឹមត្រូវទៀត ឧទាហរណ៍ឆ្នាំនេះ គាត់អត់ប្រជែងពានទេ ប៉ុន្ដែគាត់ព្យាយាមនៅក្នុងកម្រិតមួយ មិនឲ្យកាត់ចេញទៅលីគទី២ ដូច្នេះគាត់មិនចំណាយច្រើនជាងនេះ ដែរ។ ប្រធានក្លិបទាំងអស់គាត់ប្រឹងប្រែង តែបើមិនមានអ្នកគាំទ្រ ដូចជាបំបាក់ទឹកចិត្តពួកគាត់។»។ លោក ភាព សុខសម្បត្តិ បាននិយាយដូច្នេះ។
 
ចំណែកប្រធានក្លិបបឹកកេត លោកស្រី ពុធ ធីតា បានលើកឡើងថា រូបលោកស្រី ធ្លាប់មានគំនិតគិតចង់បិទក្លិបដែរ ប៉ុន្ដែចិត្តមិនដាច់ ហើយមានការលើកទឹកចិត្ត ពីប្រធានក្លិបនានា ទើបធ្វើឲ្យបន្ដដំណើរក្នុងវិស័យបាល់ទាត់កម្ពុជា បន្ដទៀត។
 
ប្រធានក្លិបរូបនេះ បាននិយាយថា៖«វិស័យកីឡាបាល់ទាត់យើង ត្រូវការខ្លាំង ត្រូវការអ្នកចូលរួមខ្លាំងមែនទែន។ យើង ត្រូវការក្លិបរឹងមាំ ដើម្បីជួយដល់ជម្រើសជាតិយើង។ ដូច្នេះ យើងត្រូវការអ្នកឧបត្ថម្ភ។ ធ្លាប់គិតថាបោះបង់ ព្រោះគិតមើលទៅខាតរហូត ប៉ុន្តែចិត្តមិនដាច់ ទើបបន្តរហូតមក។»៕

Tag:
 ភាព សុខសម្បត្តិ
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com