សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រជាជនអាម៉េរិកចំណាយប្រាក់សន្សំជាច្រើនពាន់លានដុល្លារ ក្នុងអំឡុងពេលផ្ទុះកូវីដ-១៩
08, May 2024 , 7:29 pm        
រូបភាព
ប្រជាជនអាម៉េរិកទិញទំនិញនៅថ្ងៃ Black Friday នៅទីក្រុង New York ។ រូបភាព ៖ Reuters
ប្រជាជនអាម៉េរិកទិញទំនិញនៅថ្ងៃ Black Friday នៅទីក្រុង New York ។ រូបភាព ៖ Reuters
របាយការណ៍ថ្មីមួយរបស់ធនាគារកណ្តាល San Francisco បានបង្ហាញថា គិតត្រឹមខែមីនា ប្រជាជនអាម៉េរិកបានប្រើប្រាស់ប្រាក់សន្សំអស់រាប់ពាន់លានដុល្លារ។

 
ក្នុងអំឡុងពេលរាលដាលជំងឺកូវីដ-១៩ ប្រជាជនអាម៉េរិកសន្សំប្រាក់បានចំនួន ២,១ទ្រីលានដុល្លារ។ ប្រាក់ទាំងនេះ បានជួយឱ្យពួកគេបន្តចំណាយសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដោយរួមចំណែកដល់ការទ្រទ្រង់សេដ្ឋកិច្ច បើទោះបីជាមានការកើនឡើងអត្រាការប្រាក់ និងអតិផរណាខ្ពស់ជាបន្តបន្ទាប់ក៏ដោយ។
 
យ៉ាងណាមិញ ប្រាក់សន្សំទាំងនេះលែងមានទៀតហើយ។ របាយការណ៍ចុងក្រោយបំផុតពីធនាគារកណ្តាលអាម៉េរិក (Fed) នៅ San Francisco បង្ហាញថា ការសន្សំប្រាក់អំឡុងពេលរាលដាលជំងឺកូវីដ-១៩ របស់ប្រជាជនអាម៉េរិកបានត្រឡប់ទៅអវិជ្ជមាន។
 
ការណ៍នេះមានន័យថា មនុស្សជាច្រើនមានបំណុលច្រើនជាងការសន្សំ។ របាយការណ៍បង្ហាញថា គិតត្រឹមខែមីនា ប្រជាជនអាម៉េរិកបានចាយអស់ប្រាក់ដែលបានសន្សំអំឡុងជំងឺរាតត្បាត។
 
បើតាមទូរទស្សន៍ CNN នេះជាបញ្ហាគួរឱ្យកត់សម្គាល់មួយ ពីព្រោះការប្រើប្រាស់បច្ចុប្បន្នដើរតួយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច។ ការប្រើប្រាស់នៅអាម៉េរិកមានភាពរស់រវើក ជាពិសេសក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញ នៅពេលការសន្សំកាន់តែតិច  ការប្រើប្រាស់អាចរងផលពិបាក ដែលបណ្តាលប៉ះពាល់ដល់ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក។
 
ទន្ទឹមនេះ បំណុលក៏កំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។ ប្រធានធនាគារកណ្តាល Chicago លោក Austan Goolsbee បាននិយាយកាលពីខែមុនថា បំណុលអតិថិជនមិនទាន់ឈានដល់កម្រិតខ្ពស់នៅឡើយទេ ។ ទោះជាយ៉ាងណា Fed មានការព្រួយបារម្ភអំពីអត្រាយឺតយ៉ាវសម្រាប់ប្រាក់កម្ចីរថយន្ត ការជួលផ្ទះ និងការចំណាយលើកាតឥណទាន។
 
លោក​​និយាយ​ថា​៖ «​ប្រសិនបើ​អត្រា​យឺតយ៉ាវ​លើ​កម្ចី​អតិថិជន​ចាប់ផ្តើម​កើនឡើង វា​នឹង​ជា​សញ្ញា​មួយ​ដែល​ថា​អ្វីៗ​កាន់តែ​អាក្រក់​ទៅៗ​»​។ នេះបើតាម CNN ដកស្រង់សម្តីលោក Goolsbee  ។ 
 
ផលិតផលក្នុងស្រុកសរុប (GDP) របស់អាម៉េរិកបានកើនឡើងត្រឹមតែ ១,៦ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី១ឆ្នាំនេះ ដែលទាបជាងការព្យាកររបស់អ្នកសេដ្ឋកិច្ច។ អ្នកវិភាគមួយចំនួនថែមទាំងបានទម្លាក់ការព្យាករកំណើនរបស់ពួកគេសម្រាប់ឆ្នាំនេះទៀតផង។ ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch Ratings បានសរសេរនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា កំណើនសេដ្ឋកិច្ចអាម៉េរិកអាចធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ ២០២៤។
 
លើសពីនេះ អ្នកលក់រាយក៏មានការព្រួយបារម្ភដែរ។ លោកស្រី Sarah Wyeth នាយកផ្នែកលក់រាយនៅ S&P Global Ratings បាននិយាយថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការចំណាយជាច្រើនបានកើនឡើងខ្ពស់ជាងបីឆ្នាំមុន ខណៈប្រាក់ចំណូលមិនមានការកើនឡើងស្របគ្នានោះទេ។ នេះ​ធ្វើ​ឲ្យ​អតិថិជនលែង​ទិញ​ទំនិញ​ច្រើន​ដូច​មុន​ទៀត​ហើយ។ ប៉ុន្មានសប្តាហ៍មកនេះ អ្នកលក់រាយមួយចំនួនបានប្រកាសបញ្ចុះតម្លៃដើម្បីទាក់ទាញអតិថិជន លើទំនិញដូចជាសម្លៀកបំពាក់ ការតុបតែងគេហដ្ឋាន ឬសិប្បកម្មជាដើម៕ 

Tag:
 អាម៉េរិក
  ប្រាក់សន្សំ
© រក្សាសិទ្ធិដោយ thmeythmey.com