កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន នៅតែប្រឹងអស់ពីសមត្ថភាព ដើម្បីឲ្យទស្សនីយភាពទាក់ទាញអ្នកគាំទ្រ
08, May 2024 , 3:04 pm        
រូបភាព
នៅសប្ដាហ៍ទី២៩ នៃពានរង្វាន់ Cambodian Premier League នាថ្ងៃទី៨ ខែឧសភា បឹងកេត នឹងត្រូវប្រកួតជាមួយ ភ្នំពេញក្រោន នៅពហុកីឡដ្ឋានអូឡាំពិក វេលាម៉ោង ៦:០០ល្ងាច ទន្ទឹមពេល ព្រះខ័នរាជស្វាយរៀង ស្វាគមន៍ វិសាខា នៅកីឡដ្ឋានខេត្តស្វាយរៀង។ ទោះជាព្រះខ័នរាជស្វាយរៀង គ្រងជើងឯកនៅរដូវកាលនេះ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន នៅតែរក្សាទម្រង់លេងដោយប្រឹងអស់ពីសមត្ថភាព ដើម្បីឲ្យទស្សនីយភាពទាក់ទាញអ្នកគាំទ្រ។



ព្រះខ័នរាជស្វាយរៀង មានពិន្ទុឈ្នះដាច់គេ គ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៣-២០២៤ បើទោះជានៅសល់ ២ប្រកួតទៀត ទើបចប់រដូវកាល ក៏ដោយ។ ដោយឡែកក្នុងសប្ដាហ៍ទី២៩នេះ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ បឹងកេត នៅពហុកីឡដ្ឋានអូឡាំពិក។
 
លោក Oleg Starynskyi នៅតែជំរុញឲ្យកីឡាករ ប្រឹងអស់ពីសមត្ថភាពក្នុងការប្រកួត បើទោះជាមិនត្រូវប្រជែងយកតំណែងណាមួយក៏ដោយ។ ប៉ុន្ដែ កីឡាករ ត្រូវបញ្ចេញអស់ពីសមត្ថភាពដើម្បីឲ្យទស្សនីយភាពនៃការប្រកួតទាក់ទាញអ្នកគាំទ្រ។
 
យោងទៅលើការផ្សាយរបស់ក្លិបភ្នំពេញក្រោន ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត គ្រូបង្វឹកក្លិបភ្នំពេញក្រោន បាននិយាយដូច្នេះថា ៖ « គ្រប់គ្នាសុទ្ធតែបានដឹងពីតារាងពិន្ទុលីគ ប៉ុន្តែការប្រកួតនេះនឹងមានការដាក់អារម្មណ៍ច្រើនជាងនេះ ព្រោះអ្នកគាំទ្រដែលមកទស្សនាការប្រកួតនេះនឹងបានឃើញក្រុមទាំងពីរលេងដោយគ្មានសម្ពាធ ហើយជាប្រកួតគ្នាដើម្បីកិត្តិយស និងអ្នកគាំទ្ររបស់ក្លិប។ វានឹងក្លាយជាការប្រកួតដ៏ស្រស់ស្អាតមួយ។ យើងជាក្លិបបាល់ទាត់អាជីព ដូច្នេះគ្រប់ការប្រកួតមិនមែនដើម្បីសម្រាប់ការផ្តល់បទពិសោធន៍ទៅកាន់កីឡាករនោះទេ។ យើងលេងដើម្បីឲ្យអ្នកគាំទ្ររីករាយ និងលេងបាល់ទាត់ដើម្បីភាពជក់ចិត្ត។»។
 
ទន្ទឹមពេលជាមួយគ្នានោះ ព្រះខ័នរាជស្វាយរៀង ត្រូវស្វាគមន៍ វិសាខា នៅកីឡដ្ឋានខេត្តស្វាយរៀង។ ដោយឡែក ព្រះខ័នរាជស្វាយរៀង ទំនងជាមិនប្រឹងប្រែងយកពិន្ទុបន្ថែមទេ ព្រោះគ្រងជើងឯកលីគរួចជាស្រេច និងរង់ចាំតែថ្ងៃលើកពាន នៅពេលបិទរដូវកាល នាថ្ងៃទី១២ ខែឧសភា ប៉ុណ្ណោះ។ រីឯ វិសាខា នៅតែផ្ដោតសំខាន់លើលទ្ធផល និងពិន្ទុ ព្រោះត្រូវប្រជែងជាមួយ បឹងកេត យកតំណែងលេខ៣ នៅក្នុងលីគ៕ 

Tag:
 Cambodian Premier League
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com