កីឡាអន្តរជាតិ
អន្តរជាតិ
មេបាល់ទាត់ម៉ាឡេស៊ី ផ្តល់យោបល់ឱ្យកីឡាករជួលអង្គរក្ស ក្រោយរង​ការ​វាយ​ប្រហារបន្តបន្ទាប់​
09, May 2024 , 8:29 am        
រូបភាព
ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ផ្តល់យោបល់ឱ្យកីឡាករពិចារណាជួលអង្គរក្ស ខណៈក្លិប Johor Darul Ta'zim (JDT) បានបង្កើនសុវត្ថិភាពសម្រាប់ក្រុម ក្រោយកីឡាករខ្លួន Safiq Rahim បានក្លាយជាកីឡាករទី៣ បន្ទាប់ពី​ Faisal Halim សមាជិកក្រុម Selangor FC រងការវាយប្រហារជាបន្តបន្ទាប់ នៅសប្តាហ៍មុន។



Faisal Halim សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី និងក្លិប Selangor ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ក្រោយរងការជះទឹកអាស៊ីត នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៥ ខែឧសភា។
 
មួយថ្ងៃបន្ទាប់ អតីតប្រធានក្រុមជម្រើសជាតិម៉ាឡេស៊ី Safiq ក៏ត្រូវបានរងការវាយកញ្ចក់រថយន្តពីជនមិនស្គាល់អត្តសញ្ញានមួយករណីទៀត។ Safiq សមាជិកក្រុម Johor ដែលមិនមានរបួសនៅក្នុងឧបទ្ទវហេតុនោះ រៀបរាប់ថាមានបុរសពីរនាក់ជិះម៉ូតូដោយមានញញួរនឹងដៃផងបានចូលមកជិតរថយន្តខ្លួនដែលឈប់ក្បែរទីលានហ្វឹកហាត់ ហើយវាយកញ្ចក់ខាងក្រោយ។
 
ក្លិប Johor ដែលគ្រប់គ្រងដោយព្រះអង្គម្ចាស់ Johor បានអំពាវនាវឱ្យប៉ូលីសស៊ើបអង្កេតការវាយប្រហារលើ Safiq និងណែនាំឱ្យសមាជិកក្រុមខ្លួន ឱ្យប្រុងប្រយ័ត្នចំពោះអ្នកជុំវិញខ្លួន ក្រោយហេតុការណ៍អាក្រក់កើតឡើងជាបន្តបន្ទាប់។
 
មុនករណីទាំងពីរខាងលើ ខ្សែបម្រើស្លាប Akhyar Rashid របស់ក្លិប Terengganu FC និងជម្រើសជាតិម៉ាឡេស៊ី បានរងរបួសក្បាល និងជើង បន្ទាប់ពីត្រូវចោរប្លន់ពីរនាក់ វាយធ្វើបាប នៅក្បែរផ្ទះ ក្នុងទីក្រុង Kuala Terengganu ខណៈ ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បន្ទាប់​ពី​បាន​យក​ប្រាក់​បាន ហើយសមត្ថកិច្ចរកមិនឃើញជនដៃដល់ឡើយ។
 
លោក Hamidin Mohd Amin ប្រធាន FAM បានផ្តល់យោបល់ឱ្យកីឡាករដែលមានប្រជាប្រិយ និងលេចធ្លោតាមក្លិបនីមួយៗ គួរតែចាត់វិធានការសុវត្ថិភាពបន្ថែម ដូចជាការជួលអង្គរក្សផ្ទាល់ខ្លួនជាដើម។
តាមការចុះផ្សាយរបស់កាសែត New Straits Times លោក Amin និយាយថា៖«កីឡាករមួយចំនួន ដែលមានភាពលេចធ្លោនិងទទួលបានការចាប់អារម្មណ៍ ហើយអាចមានលទ្ធភាពហិរញ្ញវត្ថុ គួរតែជួលអង្គរក្សការពារសុវត្ថិភាពបន្ថែមទៀត ចៀសវាងជួបហេតុការណ៍អាក្រក់»។
 
ប្រធាន FAM បន្ថែមថា កីឡាករបាល់ទាត់ល្បីៗជុំវិញពិភពលោកសុទ្ធតែមានអង្គរក្សផ្ទាល់ខ្លួន ខណៈកីឡាករល្បីៗនៅម៉ាឡេស៊ី ក៏គួរគិតគូពីសុវត្ថិភាពរបស់ពួកគេដូចគ្នាដែរ៕
 

Tag:
 Faisal Halim
  Safiq Rahim
  FAM
© រក្សាសិទ្ធិដោយ thmeythmey.com