ពីនេះ ពីនោះ
ទស្សនៈខ្មែរ៖ «កុំធ្វើជាវែកនៅក្នុងឆ្នាំង មិនស្គាល់សម្ល» មានន័យបែបណា?
× ភ្នំពេញ៖ ទស្សនៈខ្មែរ ទោះបីជាមិនល្បីដូចទស្សនៈរបស់ពួកបស្ចឹមប្រទេស ប៉ុន្តែគឺជាទស្សនៈមួយដែលលើកឡើងពីបរិបទនៃសង្គមខ្មែរផ្ទាល់។ បើជាទស្សនៈលើកឡើងពីបរិបទនៃសង្គមខ្មែរគឺមានន័យថា គំនិតទាំងនោះគឺត្រឹមត្រូវចំពោះស្ថានភាពសង្គមនេះក្នុងពេល និងបរិបទ កំណត់ណាមួយ។ ដោយឡែកពាក្យមួយឃ្លា ដែលអាចហៅថា ជាទស្សនៈផងនោះបានលើកឡើងថា «កុំធ្វើជាវែកនៅក្នុងឆ្នាំង មិនស្គាល់សម្ល» តើមានអត្ថន័យបែបណា?
ពាក្យមួយឃ្លាថា «កុំធ្វើជាវែកនៅក្នុងឆ្នាំង មិនស្គាល់សម្ល» ដ្បិតមិនអាចដឹងថា អ្នកណាជាអ្នកលើកឡើងនូវពាក្យនេះ ក្នុងសម័យកាលណាមួយក៏ពិតមែន ប៉ុន្តែគឺជាឃ្លាអប់រំ ជាប្រយោគទស្សនៈដ៏ស៊ីជម្រៅមួយ ដែលអាចយកមកធ្វើការពិចារណា ដើម្បីជាទានក្នុងការបណ្ដុះបញ្ញា និង ពុទ្ធិផងដែរ។
គំនិតមួយនេះ ប្រសិនបើគេបកស្រាយពីឃ្លាជាលក្ខណៈចំៗ គឺវាមានន័យថា ធម្មជាតិនៃវែក ដែលជាប្រដាប់មានដងមានផ្លែ សម្រាប់ដួសភោជនាហារទោះបីជាវា នៅជាមួយឆ្នាំងសម្លរាល់ថ្ងៃក្ដី ក៏វែកនោះមិនមានសមត្ថភាពអាចយល់បានថា សម្លគឺជាសម្លអ្វី មានរសជាតិបែបណាឡើយ។ ព្រោះវាគ្រាន់តែជាវត្ថុអញាណ ដែលមិនអាចដឹងអ្វីបាន។ ប៉ុន្តែបើសិនជាគេជេរថា អាវែក នោះគេមានន័យថា អាល្ងង់។ អាវែក, គេស៊ីក្រោមភ្នែក អាវែកមិនដឹង! អាល្ងង់, គេលួចប្រពន្ធ អាឯងគ្មានដឹង!។
ក៏ប៉ុន្តែ សង្គមវិវឌ្ឍន ការគិត របៀបរស់ របត់នៃជីវិតក៏ខុសប្លែកពីមុនផងដែរ។ ហេតុនេះហើយចំពោះគំនិតទស្សនៈមួយចំនួន ក្នុងសម័យមុន អាចនឹងលែងមានតម្លៃ មកដល់បច្ចុប្បន្នភាព។ ក៏ប៉ុន្តែសម្ដីមួយឃ្លា«កុំធ្វើជាវែកនៅក្នុងឆ្នាំង មិនស្គាល់សម្ល» នេះវិញជាអត្ថន័យ នៅក្នុងសង្គម ឬសម័យណា ក៏នៅតែមានភាពត្រឹមត្រូវដដែល។ ជាពិសេសទៅទៀតគឺអាចមានវិសាលភាពអប់រំជាទូទៅផងដែរ។
ជាទស្សនៈរបស់ចាស់បុរាណខ្មែរ ពាក្យមួយឃ្លាខ្លី «កុំធ្វើជាវែកនៅក្នុងឆ្នាំង មិនស្គាល់សម្ល»នេះ ទោះបីជាខ្លីក៏ពិតមែន ប៉ុន្តែជាគោលបំណង ប្រហែលជាលោកចង់អប់រំមនុស្សឲ្យមានមូលដ្ឋានអ្វីមួយឲ្យពិតប្រាកដ។ ចំណេះដឹងនោះទៀតសោត មិនអាចគ្រាន់តែដឹងៗនោះទេ ប៉ុន្តែជាចំណេះដឹងមួយដែលអាចយកទៅបង្រៀន ឬបង្ហាញឲ្យអ្នកផ្សេងអាចយល់បានផងដែរ។ ឧទាហរណ៍ៈ ប្រជាជនខ្មែរអ្នកណាក៏ដឹងថា ប្រាសាទអង្គវត្តជាទ្រព្យសម្បត្តិខ្មែរ ជាកេរមរតក របស់ដូនតាខ្មែរ ប៉ុន្តែការដឹងនោះវាមិនគ្រប់គ្រាន់នោះទេ។ ចំណុចនេះ គឺប្រជាជនខ្មែរ ត្រូវប្រាកដក្នុងចិត្តថា ប្រាសាទនោះសាងសងក្នុងឆ្នាំណា? រជ្ជកាលស្ដេចអង្គណា? សងពីអ្វី? រយៈពេលប៉ុន្មានឆ្នាំ? ស្ថិតក្នុងទីតាំងភូមិសាស្ត្របែបណា? ហើយប្រាសាទនេះគេសងឡើងក្នុងបុព្វហេតុអ្វី? ជាដើម។
ប្រសិនបើគេមើលអត្ថន័យនៃឃ្លាគំនិតនេះ ទៅក្នុងការប្រតិបត្តិជាក់ស្ដែង ចំពោះនិស្សិតបញ្ញវន្ត ពាក្យមួយឃ្លានេះបានចូលរួមក្នុងការឆ្លុះបញ្ចាំងយ៉ាងសំខាន់ ទៅលើឥរិយាបថរបស់សិស្សនិស្សិតទាំងឡាយ។ ការពិតណាស់ ក្នុងពេលបច្ចុប្បន្ននេះ មាននិស្សិតមួយចំនួន គឺប្រៀបដូចជាវែកនៅក្នុងឆ្នាំ ប៉ុន្តែមិនស្គាល់សម្ល ដូច្នេះដែរ។ នោះគឺមានន័យថា ក្នុងនាមខ្លួនជានិស្សិតរៀនតាមមុខវិជ្ជាអ្វីមួយ ប៉ុន្តែមិនចេះ មិនចាំ មិនស្គាល់ នូវជំនាញរបស់ខ្លួនឲ្យបានច្បាស់លាស់។ រៀនចប់ហើយ បានត្រឹមតែដឹងថាខ្លួនបានរៀននូវជំនាញនោះ ប៉ុន្តែមិនបានច្បាស់ មិនប្រាកដអាចប្រើប្រាស់បាន អាចយកទៅបង្រៀនអ្នកផ្សេងឲ្យបានយល់ដឹងបាន។
ដោយឡែកបើនិយាយឲ្យកាន់តែជ្រៅ គឺប្រៀបបានទៅនឹងប្រជាជាតិមួយ ដែលប្រជាពលរដ្ឋនៃជាតិនោះ កើត និង រស់នៅក្នុងប្រទេសខ្លួន ប៉ុន្តែមិនសូវស្គាល់ប្រវត្តិសាស្ត្រខ្លួន ប្រភពខ្លួន វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងអារ្យធម៌ របស់ប្រទេសខ្លួនដូច្នេះដែរ។ ការណ៍នេះ មិនខុសអ្វីពីវែក ដែលនៅជាមួយឆ្នាំរាល់ថ្ងៃ គេប្រើសម្រាប់ដួសសម្លរាល់ថ្ងៃ ប៉ុន្តែមិនដឹងថា អ្វីទៅជាសម្ល ហើយជាសម្លអ្វីដូច្នេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com