ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
× ជាការពិតណាស់ដោយសារពាក្យពេចន៍ អក្សរខ្មែរមានពាក្យច្រើន ដែលបញ្ចេញសំឡេងដូចគ្នា ដូចជាពាក្យ «លស់»,«លួស» និង «លោះ»។ ពាក្យទាំង៣នេះ ដែលសាធារណជនភាគច្រើនយល់ខុស មិនដឹងថា ពាក្យណា ប្រើក្នុងន័យណាមួយនោះឡើយ។ តាមវចនានុក្រម សម្តេចព្រះសង្ឍរាជ ជួន ណាត ពាក្យ «លស់» «លួស» និង «លោះ»មានអត្ថន័យខុសគ្នា ហើយការប្រើប្រាស់ក៏ខុសគ្នាដែរ។
ពាក្យ «លស់» ជា(កិ) មានន័យថា ធ្វើឲ្យរលស់ គឺបន្ថយចំនួន ឬធ្វើឲ្យតិចចុះ មិនឲ្យនៅតាមចំនួនដើម : ក្នុងចំនួន ១០ លស់៣ចេញ នៅសល់៧ ។ រំលង៖គ្រុនលស់ គ្រុនរំលងថ្ងៃ គឺគ្រុនមួយថ្ងៃខានមួយថ្ងៃ ។ លស់ចោល រំលងចោលខ្លះ។ ដើរលស់ជំហាន ដើររំលងលំដាប់ជំហាន គឺឈានវែងខ្លះខ្លីខ្លះ ចម្រុះគ្នា ។ល។
ចំណែកឯពាក្យ «លួស» ជា(កិ) មានន័យថា កាត់, ច្រាស់ ទ្រួសៗ ឲ្យដាច់មែកតូចៗឬសំបករាក់ៗជាដើម : លួសមែកឈើ, លួសរនាប, លួសអំពៅ។ ឧទាហរណ៍៖ ក្នុងចំណោមដើមឈើដប់ដើម លួសចេញមួយដើម នៅសល់តែ៩ ដើម (ដើមឈើមានដប់ដើម កាប់មួយដើម នៅសល់តែ៩ ដើម)។ «លួស» ជា(នាម) មានន័យថា ខ្សែធ្វើដោយលោហធាតុផ្សេងៗ ឬធ្វើដោយប្រាក់, មាស : លួសស្ពាន់, លួសទង់ដែង, លួសសំណ, លួសប្រាក់, លួសមាស ។
ទី៣ ពាក្យ «លោះ» មានន័យថា ចេញថ្លៃយករបស់ដែលបញ្ចាំឬយកមនុស្សមកធ្វើជាទាសៈ ឬទាសី។ ឧទាហរណ៍៖ ការលោះយកខ្សែដៃមកវិញ ដោយបានបញ្ចាំក្នុងតម្លៃ ហុកសិបម៉ឺនរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com